សៀមរាបៈ បុរស​ម្នាក់​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី ៨ ឧសភា ពាកព័ន្ធ​ករណី​សម្លាប់​ស្រី​ស្នេហ៍​ដែលជា​អាណិកជន។

បុរស​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៦ ឧសភា ពី​ខេត្តបាត់ដំបង​ក្រោយពី​បុរស​ម្នាក់នេះ​សម្លាប់​ស្រី​ស្នេហ៍​របស់ខ្លួន​នៅ​បន្ទប់​ផ្ទះជួល​ក្នុង​ភូមិ​ត្រៀក​សង្កាត់-ក្រុង​សៀមរាប ខេត្ត​សៀមរាប ហើយ​គេចខ្លួន​ទៅ​ខេត្ត​បាត់ដំបង។

លោក សៀក សោភា ប្រធាន​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ៩ ឧសភា ថា ជនត្រូវចោទ​ឈ្មោះ ម៉ឺន វិមល អាយុ ៣៤ ឆ្នាំ។ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ចន្ថា ហ្គោរ៉េ ហៅ ចន្ថា អាយុ ៥៦ ឆ្នាំ​ជាអាណិកជន​ខ្មែរ រស់នៅ​ប្រទេស​ស្វ៊ីស។

លោក​ប្រាប់ថា៖ «បុរស​ម្នាក់នេះ​ត្រូវបាន​លោក​ចៅក្រម ឆៃ វីរៈ ឃុំខ្លួន​ពាក់ព័ន្ធ​បទ ឃាតកម្ម និង​បទ​អំពើ​លួច​តាម​មាត្រា ២០៥ និង​មាត្រា ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ»។

ពាក់ព័ន្ធ​បទចោទ​តាម​មាត្រា​នេះ ប្រសិន​បើ​តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១០ ទៅ ១៥ ឆ្នាំ។ រីឯ មាត្រា ៣៥៦ វិញ ត្រូវ​ជាប់ពន្ធនាគារ​ពី ៦ ខែ​ទៅ ៣ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ១ លាន​ទៅ ៦ លាន​រៀល (បទលួច)។

លោក សោភា ប្រាប់​តាម​សម្តី​ជន​ត្រូវ​ចោទថា ស្ត្រី​រងគ្រោះ​បានមក​លេង​ស្រុក​ខ្មែរ​ហើយ​បាន​ស្រឡាញ់​គ្នា​ជាមួយ​ឈ្មោះ ម៉ឺន វិមល បាន ៤ ទៅ ៥ ខែ​មុន​កើតហេតុ។ ប៉ុន្តែ​ក្នុង​ការរួមរស់​ជាមួយ​គ្នា​ស្ត្រី​រងគ្រោះ​បាន​ដាក់​គំនាប​ហាម​មិនឱ្យ​ជនសង្ស័យ​ទាក់ទង​ទៅ​សាច់ញាតិ​ម្តាយ​ឪពុក​ ឬ​បងប្អូន​ឡើយ​ ហើយ​ទូរស័ព្ទ គឺ​មិន​ឱ្យ​ប្រើ ភ្ជាប់​សេវា​អ៊ីនធឺណិត​ទេ។

លោក​បន្តទៀត​ថា រីឯ​សាច់ញាតិ​ស្ត្រី​រងគ្រោះ​វិញ​ក៏​ប្រាប់​ស្ត្រី​រងគ្រោះ​មិនឱ្យ​យក​បុរស​សង្ស័យ​ជា​ប្តី​ដែរ ព្រោះ​ថា ខាង​ស្រី​មាន​អាយុ​ច្រើន​មិន​អាច​ឱ្យ​ជនសង្ស័យ​ស្រឡាញ់​គ្នា​បានយូរ​អង្វែង​ទេ។ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​មិន​គិតពី​ការផ្តល់​យោបល់​ពី​សំណាក់​សាច់ញាតិ​ទេ។

បើតាម​លោក​ សោភា លុះដល់​យប់​ថ្ងៃទី ២៦ មេសា ស្ត្រី​រងគ្រោះ​បាន​ទិញ​ស្រាបៀរ​ផឹក​ចំនួន ៦ កំប៉ុង​ជាមួយ​ជនសង្ស័យ។ ពេល​ផឹក​ស្រវឹង​ស្ត្រី​រងគ្រោះ​បាន​ជេរ និង​ស្តីបន្ទោស​ជនសង្ស័យ​ថា ជា​មនុស្ស​ក្រ​គ្មាន​អ្វី​ជាប់​ខ្លួន។

លោក​បន្តថា ស្ត្រី​រងគ្រោះ​និយាយ​បណ្តើរ​យក​កាំបិត​ចិតបន្លែ​ជន្ល ដាក់​ជនសង្ស័យ​ដោយ​និយាយ​គំរាមថា៖ «នៅ​យប់​នេះ​បើ​អញ​មិន​ងាប់ ក៏​ហ្អែង​ងាប់​ដែរ»។ លោក​ថា ពេល​ជនសង្ស័យ​ឮដូច្នោះ​ក៏មាន​អារម្មណ៍​ភ័យ ខណៈ​ស្ត្រី​រងគ្រោះ​កាន់​អង្រែបុកគ្រឿង​ជន្ល​ក្បាល​ថែមទៀត​នោះ»។

បើតាម​លោក​ សោភា ជនសង្ស័យ​បាន​ទាញ​អង្រែ​ពី​ស្ត្រី​រងគ្រោះ ហើយ​វាយ​ក្បាល​ស្ត្រី​រងគ្រោះ​សន្លប់ ក៏​យក​កាំបិត​ចាក់​ត្រូវ​លើ​ភ្នែក ស្មា និង​ពោះ​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​ម៉ូតូ​ស្ត្រី​រងគ្រោះ​ជិះ​គេចខ្លួនបាត់។

លោក​បន្តថា រហូត​ដល់​ថ្ងៃទី ៥ ឧសភា អ្នក​ក្បែរ​ខាង​បន្ទប់​ជួល​ធំ​ក្លិនស្អុយ​ក៏​បើកទ្វារ​បន្ទប់ មើល​ក៏​ឃើញ​សព​ស្ត្រី​រងគ្រោះ​ហើម​ស្អុយ​ទៅហើយ។

ភ្លាមនោះ​ក្រោយពី​ទទួល​បាន​សេចក្តីរាយការណ៍​សមត្ថកិច្ច​របស់លោក​បាន​បើក​ការស៊ើប អង្កេត​រហូត​តាម​ចាប់​ជនសង្ស័យ​បាន។

អ្នកនាំពាក្យ​តុលាការ​ខេត្តសៀមរាប​លោក យិន ស្រ៊ាង មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃនេះ៕