ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ នៅ​ថ្ងៃទី ២៥ ខែ​មេសា​នេះ បាន​សម្រេច​ឃុំ​ខ្លួន​ជន​ម្នាក់​ពី​បទ​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ឬ​គេច​ចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង បាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុខ កែវបណ្ឌិត បាន​សម្រេច​ចោទ​ប្រកាន់​ជន​ម្នាក់​ពី​បទ គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ឬ​គេច​ចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក។

លោក​ថ្លែង​ថា៖ «បន្ទាប់​ពី​ចោទ​ប្រកាន់​ហើយ ក៏​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ លោក កូយ សៅ បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​ហើយ​ក្រោយ​ពី​បាន​សាកសួរ​តាម​នីតិវិធី»។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់ឈ្មោះ លាន់ ឡា បញ្ជូន​ទៅ​តុលាការ​នៅ​វេលា​ម៉ោង ៣ និង ៤០ នាទី​រសៀល ថ្ងៃទី ២៤ ខែ​មេសា ពាក់ព័ន្ធ​ករណី​ល្មើស​នឹង​វិធាន​សុខាភិបាល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ។

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលាម៉ោង ៨ និង ៣៦ នាទី​ព្រឹក បាន​នាំ​ខ្លួន​ឈ្មោះ លាន់ ឡា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ស្នាក់​នៅ​ផ្ទះជួល ផ្លូវ ១០០៥ កែង​ផ្លូវ ៣៦៥ សង្កាត់​បឹងកេងកង ៣ ខណ្ឌ​បឹងកេងកង។

ប្រភព​ដដែល​បន្ត​ថា៖ «ការ​នាំ​ខ្លួន​ធ្វើ​ឡើង​បន្ទាប់​ពី​បុគ្គល​រូប​នេះ បាន​ព្យាបាល​ជា​សះស្បើយ​ជំងឺ​កូវីដ ១៩ ពី​មជ្ឈមណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែកព្នៅ និង​ធ្វើ​ចក្តាឡីស័ក​បន្ត​រយៈពេល ១៤ ថ្ងៃ នៅ​ផ្ទះ​រួចរាល់» ។

តាម​ការ​ផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១ បុគ្គល​នេះ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក និង​ឈឺ​បំពង់ក បាន​ទៅ​យក​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហើយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​ធ្វើ​ចក្តាឡីស័ក ១៤ ថ្ងៃ​នៅ​ផ្ទះ។

ប៉ុន្តែ​នៅ​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២១ បុគ្គល​ឈ្មោះ លាន់ ឡា និង​មិត្តភ័ក្តិ បាន​ទៅ​ស្ទីម និង​ស្ប៉ានៅ Arthur and Paul ផ្ទះ​លេខ ២៧ ផ្លូវ ៧១ សង្កាត់​បឹងកេងកង ៣ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ។

លុះ​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២១ បុគ្គល​រូប​នេះ រួម​នឹង​មិត្តភ័ក្តិ​បាន​ជិះ​រថយន្ត​ឈ្នួល​ទៅ​ចូលរួម​ពិធី​មង្គលការ​នៅ​ភូមិ​ដំណាក់ទ្រព្យ ឃុំ​ក្រាំងស្នាយ ស្រុក​ឈូក ខេត្ត​កំពត។

រហូត​ដល់​វេលា​ម៉ោង ១៩ និង ៣០ នាទី ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ទើប​ក្រុម​គ្រូពេទ្យ​បាន​ទំនាក់ទំនង​ទៅ​ឈ្មោះ លាន់ ឡា ថា ខ្លួន​មាន​វិជ្ជមាន​កូវីដ ១៩ និង​បាន​នាំយក​ទៅ​ព្យាបាល​នៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែកព្នៅ។

យោង​តាម​មាត្រា ៧ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ចែង​ថា អំពើ​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ ឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​តាម​ការ​កំណត់​នៅ​ក្នុង​អនុក្រឹត្យ ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី ២ លាន​រៀល ទៅ ១០ លាន​រៀល កាល​បើ​អំពើ​ខាង​លើ​នេះ បាន​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ ១៩ ដល់​អ្នក​ដទៃ៕