ភ្នំពេញៈ បុរស​ម្នាក់ ដែល​លេងហ្គេម​បណ្តើរ​​ដើរបណ្ដើរ​ និង​​ស្រែក​បណ្តើរ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ ដោយសារ​ជន​សង្ស័យ​បើក​រថ​យន្ត​បំបុក ក្រោយ​ពីកើត​មាន​ជម្លោះ​វ៉ៃ​តប់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ភូមិ​ម័ល សង្កាត់ដង្កោ ខណ្ឌ​ដង្កោ​ កាល​ពី​យប់​ថ្ងៃ​ទី ២៨ ខែ​មេសា។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ដង្កោ​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា ជន​រង​គ្រោះ​ដែ​ល​​បាន​បាត់​បង់​ជីវិត​មាន​ឈ្មោះ អ៊ុំ តុល ហៅ​លិញ​ អាយុ​ ២៧ ឆ្នាំ មាន​មុខ​របរ​ជាសន្តិ​សុខ​យាម​ហាង​ទូរស័ព្ទ​ ហើយ​ជន​រង​គ្រោះ​​ដែល​រង​របួស​ធ្ងន់​ មាន​ឈ្មោះ​ អឿន ប៊ុន​ថាន់ អាយុ​ ២៣ ​ឆ្នាំ ត្រូវ​ជា​ជីដូន​មួយ​នឹង​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់។

ហេតុ​ការណ៍​បាន​កើត​ឡើង​ខណៈ​ដែល​ជន​សង្ស័យ​ ដែល​មាន​រថ​យន្ត​ហាយ​ឡេន​ឌ័រ ២ ​គ្រឿង​ និងគ្នា​ ៨ នាក់ ដែល​មាន​ស្ថាន​ភាព​ស្រវឹង បាន​ចេញ​ពីហាង​ខារ៉ា​អូខេមួយ​កន្លែង​ស្រា​ប់​តែ​ពេល​នោះ​ជនរង​គ្រោះ​ម្នាក់ ​ដែល​ជា​សន្តិសុខ​យាម​នៅហាង​លក់​ទូរស័ព្ទ​​ បា​ន​ដើរ​កាត់​រថ​យន្ត​ជន​សង្ស័យ​ដើម្បី​ទៅ​​ទិញ​អីហូប។

ជន​រង​គ្រោះ​បាន​​ដើរ​បណ្តើរ​ ចុច​លេង​ហ្គេម​បណ្តើរ​នៅ​លើទូរ​ស័ព្ទដៃ​ ហើយ​ស្រែក​បណ្តើរ​ដាក់គ្នា​គាត់​​។ ស្រាប់​តែ​ពេល​នោះ ជនសង្ស័យ​ ដែល​មាន​ស្ថាន​ភាព​ស្រវឹងថា​ ជនរង​គ្រោះ​ស្រែក​ដាក់​ខ្លួន ​ហើយ​ក៏បាន​បើក​កញ្ច​ក់​រថ​យន្ត​​ស្រែក​ដាក់​ជន​រង​គ្រោះ​។ ជនរង​គ្រោះ និង​ជន​សង្ស័យ​ស្រែក​ដាក់គ្នា​ទៅ​វិញ​ទៅ​មក។ ដល់​ពេល​ស្រែក​ចុះ​ស្រែក​ឡើង ​ជន​សង្ស័យ​ក៏បាន​ចុះ​មក​វាយ​ជន​រង​គ្រោះ ២ ទៅ ៣ ដៃ។

លោក តុន តូនី នាយ​ប៉ុស្តិ៍​រដ្ឋបា​ល​សង្កាត់​ដង្កោ​ បាន​ឱ្យ​ដឹង​ថា មុន​ដំបូង​ជន​សង្ស័យ​ចុះពី​លើរថ​យន្ត​តែម្នាក់​ឯង​ទេ ហើយ​បាន​រុញ​ច្រាន​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះក៏រុញ​ជន​សង្ស័យ​ផ្ទាប់​ជញ្ជាំង​រថយន្ត​វិញ។

ភ្លាមនោះ មនុស្ស​ដែល​នៅក្នុងរថយន្ត​មួយ​ទៀត​ដែល​ជា​មិត្ត​ភក្តិ​ជន​សង្ស័យ​ក៏បាន​ចេញ​មកហើយ​​ដេញវាយ​ជន​រងគ្រោះ។ មន្ត្រី​ប៉ូលិស​ខណ្ឌ​ដង្កោ​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះឱ្យដឹង​ថា ជនរង​គ្រោះ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ដោយ​ផ្ទះ​នៅ​​ក្បែរ​កន្លែង​កើតហេតុ​ផងក៏រត់​ទៅ​ហៅ​គ្នា​មក​ថែម​ទៀត (ប្អូន​ជីដូ​ន​​មួយ) ដោយ​មាន​ដុំថ្ម​មក​គប់ និង​វាយ​ទៅ​លើ​ក្រុម​រថ​យន្ត​ជន​សង្ស័យ​វិញ។

មន្ត្រី​រូប​នោះ​ថា៖ «ហើយ​អានោះ​ (ជន​សង្ស័យ) រាង​ខ្លាច​ដែរស្រវឹង​ផង​មើល​ទៅ គិត​អ៊ីចឹង​ហើយ​ បើ​យើង​ស្មាន បើក​បំបុក​បណ្តោយ​ទៅ​រហូត​ដល់​ស្លាប់​ហ្មង​ទៅ។ ម្នាក់​ទៀត​របួស​ធ្ងន់»។

ក្រោយ​ពីកើត​ហេតុ សមត្ថ​កិច្ច​ប្រមូល​បាន​ដុំថ្ម និងដាវ​នៅ​នឹង​កន្លែង​ខណ:ដែល​ក្រុម​ជន​សង្ស័យ​បាន​គេច​ខ្លួន​បាត់​អស់​។ មន្ត្រី​ប៉ូលិស​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​ឱ្យដឹង​ថា សមត្ថ​កិច្ច​ខណ្ឌដង្កោ​កំពុង​ស្រាវ​ជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​ជន​សង្ស័យ​ ចំណែកសាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ពិធី​បុណ្យ​តាម​ប្រពៃណី៕