
ជនរងគ្រោះដោយសារសត្វទន្សោង ១ ក្បាលដេញវ័ធ បណ្តាលឱ្យមានរបួសរហូតដល់សន្លប់។ រូបថត ហ្វេសប៊ុក
ក្រចេះ: បុរសវ័យ ៦២ ឆ្នាំម្នាក់រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានសត្វទន្សោង ១ ក្បាលដេញវ័ធ បណ្តាលឱ្យមានរបួសរហូតដល់សន្លប់ ខណៈបុរសរូបនេះបានទៅរកឃ្មុំនៅក្នុងតំបន់ព្រៃឡង់នៅរសៀលថ្ងៃទី ៣០ ខែមីនា។
លោក ឈិត ណន មេឃុំកំពង់ចាមប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចព្រៃជប់ ភូមិយាវ ឃុំកំពង់ចាម ខណៈលោក ដូង ឃន អាយុ ៦២ ឆ្នាំ ដែលជាជនរងគ្រោះបានដើររកឃ្មុំក្នុងតំបន់ព្រៃឡង់។
លោករៀបរាប់ថា៖ «នៅពេលគាត់ចេញពីព្រៃបានត្រូវទន្សោងដេញវ័ធគាត់ និងម៉ូតូប៉ុន្តែគាត់អាចជិះម៉ូតូបាន លុះដល់កន្លែងមន្ត្រីបរិស្ថានក៏បានដួលសន្លប់តែម្តង។ គាត់រងរបួសដោយរយះពោះខាងឆ្វេង ឥឡូវបញ្ជូនទៅពេទ្យបង្អែកខេត្តក្រចេះហើយ»។
បុរសរងគ្រោះ គឺជាកសិករ ប៉ុន្តែដោយសារការខ្វះខាតខាងជីវភាពគាត់បានឆ្លៀតដើររកឃ្មុំក្នុងព្រៃ ដើម្បីរកប្រាក់បន្ថែម។
លោក សុខ ណារ៉ាត់ នាយប៉ុស្ដិ៍រដ្ឋបាលកំពង់ចាម ស្រុកសំបូរ ថ្លែងថា មូលហេតុដែលសត្វទន្សោងកាច អាចបណ្តាលមកពីអាកាសធាតុក្តៅ ឬខ្លាចមនុស្សដណ្តើមចំណីរបស់វា។
លោកបញ្ជាក់ថា៖ «កន្លងមកខ្ញុំធ្លាប់ជួបទន្សោងដែរ ប៉ុន្តែខ្ញុំឈរឃ្លាតពីវាប្រវែង ៤០ ទៅ ៥០ ម៉ែត្រពីគ្នា ដូចមិនអីទេ វាដើររកចំណីរបស់វាទៅ យើងដើរតាមផ្លូវតែយើងទៅ។ ប៉ុន្តែដល់ឃើញទន្សោងកាចអ៊ីចឹងខ្ញុំអត់ដែលជួបដែរ អាចមកពីអាកាសធាតុក្តៅ ឬវាស្មានតែយើងទៅដណ្តើមចំណីវា»។ បើតាមលោក សុខ ណារ៉ាត់ ជារឿយៗពលរដ្ឋបានឃើញសត្វទន្សោងច្រើនជាងគេនៅតំបន់ព្រៃឡង់ក្រៅពីនោះ មានសត្វឈ្លូស និងសត្វខ្ទីង។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ធ្លាប់បានឱ្យដឹងថា កម្ពុជាជាប្រទេសដែលសម្បូរទៅដោយជីវចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វជិតផុតពូជ ឬមានសត្វដោយកម្រនៅក្នុងពិភពលោក៕