
បុរសរងរបួសដោយសារផ្ទុះមីនតោនពេលភ្ជួរស្រែក្នុងស្រុកអង្គស្នួល។ សហការី
កណ្ដាលៈ បុរសអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីស្រែម្នាក់បានរងរបួសធ្ងន់ដោយសារផ្ទុះមីនតោនក្នុងអំឡុងពេលកំពុងភ្ជួរស្រែមួយកន្លែងក្នុងភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាលកាលពីម្សិលមិញ ហើយភ្លាមៗនោះត្រូវបានជួយសង្គ្រោះបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
លោក ថាច ផល្លា អធិការរងស្រុកអង្គស្នួលបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ជនរងគ្រោះឈ្មោះ ធី ទី ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅលីវ មុខរបរស៊ីឈ្នួលភ្ជួរដីស្រែ មានស្រុកកំណើតនៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
លោក ផល្លា ថ្លែងថា៖ «ពេលជនរងគ្រោះ កំពុងបើកត្រាក់ទ័រភ្ជួរដីស្រែស្រាប់តែប៉ះចំមីនតោនដែលកប់ក្នុងដីតាំងពីសម័យសង្រ្គាម បណ្ដាលឱ្យផ្ទុះប៉ើង រងរបួសធ្ងន់ ចំណែកត្រាក់ទ័រ រងការខូចខាតស្ទើរទាំងស្រុង។ ក្រោយកើតហេតុ យើងបានបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃភ្នំពេញព្រោះពេទ្យស្រុកមិនហ៊ានព្យាបាល។ ចំណែកគ្រាប់មីនដែលផ្ទុះនោះ តាមក្រុមជំនាញស៊ីម៉ាក់បឋមប្រាប់ថា ជាមីនតោន ដែលបានបន្សល់ទុកតាំងពីសម័យសង្រ្គាម»។
លោក នី រ៉ាដែន មេប៉ុស្ដិ៍ឃុំពើក បានឲ្យដឹងថា ជនរងគ្រោះបានរងរបួសធ្ងន់ ប៉ុន្ដែបច្ចុប្បន្នត្រូវបានគ្រូពេទ្យសង្គ្រោះបានហើយ មិនប៉ះពាល់ដល់ជីវិតទេ។
លោកបញ្ជាក់ថា៖ «គ្រូពេទ្យបានលាងរបួសគាត់ហើយ ពេលនេះគាត់ផុតគ្រោះថ្នាក់ដល់ជីវិតហើយ ពេលនេះគាត់កំពុងសម្រាកនៅមន្ទីរពេទ្យ»។
ទោះយ៉ាងណាក៏ដោយ លោក ផាន់ ផុន ត្រូវពូបង្កើតជនរងគ្រោះ ដែលកំពុងមើលថែជនរងគ្រោះកាលពីម្សិលមិញ បានសម្ដែងការព្រួយបារម្ភទោះគ្រូពេទ្យបានជួយសង្គ្រោះបឋមដល់ជនរងគ្រោះហើយក៏ដោយ ព្រោះជនរងគ្រោះរងរបួសធ្ងន់។
លោកប្រាប់ថា៖ «គាត់មិនទាន់ធូរស្រាលទេ ឥឡូវគាត់និយាយមិនទាន់កើតទេ (ជនរងគ្រោះ) ។ របួសគាត់ធ្ងន់ខ្លាំងចំភ្លៅខាងស្ដាំដាច់សាច់មួយដុំធំ របួសហើយត្រូវដៃ ត្រូវភ្នែក និងដាច់មេជើងអស់ ១ ទៀត»។
អាជ្ញាធរមីនឱ្យដឹងកាលពីថ្ងៃ ១៥ មីនា ឆ្នាំនេះថា អត្រាគ្រោះថ្នាក់ដែលបណ្ដាលមកពីការផ្ទុះមីន និងគ្រាប់ មានការកើនឡើង។ ដោយឡែក ចាប់ពីខែមករា ដល់ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ នេះ មានជនរងគ្រោះស្លាប់ ពិការ និងរបួសដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សរុបចំនួន ៤៥ នាក់ ក្នុងនោះមានជនរងគ្រោះនៅខេត្តឧត្តរមានជ័យ បាត់ដំបង រតនគិរី ត្បូងឃ្មុំ កណ្ដាល និងខេត្តមួយចំនួនទៀត៕