ភ្នំពេញៈ អ្នក​បើក​គ្រឿងចក្រ​ម្នាក់​បាន​រងរបួស​ធ្ងន់​កាលពី​ព្រឹក​ម្សិលមិញ នៅពេល​ដែល​គាត់​បើក​ឈូស​ដី​ប៉ះ​មីនតោន​​ ១ ​គ្រាប់​ផ្ទុះ​នៅ​ជិត​វត្ត​សុភាឃួន ស្ថិត​នៅ​ក្នុង​សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​។ ជនរងគ្រោះ​ឈ្មោះ ហេង ហ៊ី អាយុ​ ២១ ​ឆ្នាំ​បាន​បើក​គ្រឿងចក្រ​ ១ ​គ្រឿង ដើម្បី​ឈូស​ពង្រាប​ដី​ដែល​ចាក់​ពី​រថយន្ត​ដឹក​ដី​នៅ​ទី​មួយ​កន្លែង​ស្ថិត​នៅ​ជាប់​របង​វត្ត​សុភាឃួន ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ ៨ ព្រឹក​ក៏​បាន​ឈូស​ប៉ះ​មីនតោន​ ១ ​គ្រាប់ ដែល​បណ្តាល​ឲ្យ​ផ្ទុះ​ប៉ើង​ឡើង​។ នេះ​បើ​យោង​តាម​លោក យឹម សារ៉ាន់ អធិការនគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​។ លោក​អះអាង​ថា ​មីន​ហ្នឹង​ប្រហែល​ជា​ដោយ​តាម​ដី​ដែល​គេ​កាយ​ធ្វើ​ផ្លូវ​ជាតិ​លេខ ៤ ​ហ្នឹង​មក​។ ដល់​ពេល​អាប៊ុល​គេ​ឈូស​ឲ្យ​ស្មើ​វា​ប៉ះ​មីនតោន​ក៏​ផ្ទុះ​ប៉ើង​អាប៊ុល អ្នក​បើក​ត្រូវ​របួស​ធ្ងន់​។

ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​យោធា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ អាប៊ុល​ដែល​ឈូស​ប៉ះ​គ្រាប់​នោះ​ត្រូវ​បាន​ប៉ើង​ផ្ងារជើង​ទៅ​លើ​របង​វត្ត​ចម្ងាយ​ប្រហែល​ ៥ ​ម៉ែត្រ​។ រីឯ​ជនរងគ្រោះ​ត្រូវ​បាន​ប៉ើង​ខ្ទាត​រំលង​របង​ចូល​ដី​វត្ត​ក្បែរ​ចេតិយ​ចម្ងាយ​ប្រហែល​​ ១៥ ​ម៉ែត្រ​។ អាប៊ុល​បាន​ដាច់​កង់​ច្រវាក់ និង​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ទៀត​។ ជនរងគ្រោះ​ត្រូវ​រោល​ពេញមុខ និង​ដៃជើង រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ត្រង់​ជើង​ស្តាំ​។ ក្រុម​ការងារ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​នោះ​។ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ ៣ ​បាន​ឲ្យ​ដឹង​ថា គ្រាប់​មីនតោន​នោះ​នៅ​សល់​ពី​សម័យ​សង្គ្រាម​នៅក្នុង​ប្រឡាយ​ទឹក​។ ពេល​គេ​កាយ​ស្តារ​ប្រឡាយ គ្រាប់​នោះ​ក៏ដោយ​តាម​អាចម៍ដី​តែ​មិន​ផ្ទុះ​រហូត​ដល់​គេ​ដឹក​ដី​យក​ទៅ​ចាក់​សង់​ផ្ទះ និង​ឈូស​ប៉ះ​ទើប​ផ្ទុះ​តែ​ម្តង​។ លោក​វេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធាន​មន្ទីរពេទ្យ​ព្រះកុសុមៈ​ថ្លែង​ថា ជនរងគ្រោះ​បាន​ធូរស្រាល​ហើយ​ក្រោយ​ពី​ទទួល​បាន​ការព្យាបាល​៕