បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីផ្ទុះមីនតោនមួយនៅចំណុចភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសុក្រ ដោយសារតែគោយន្តដឹកឈើបើកបរកិន។ នេះបើតាមការអះអាងរបស់លោក សួស វរិទ្ធ នាយនគរបាលប៉ុស្តិ៍ឃុំទួលពង្រ កាលពីម្សិលមិញ។
លោកបានថ្លែងថា ជនរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនខាងលើនេះ រួមមានឈ្មោះ ឆាម ឆង អាយុ ៣២ ឆ្នាំ រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈអ្នកជិតខាងរបស់គាត់ម្នាក់ទៀត ឈ្មោះ ចៀក សុខ អាយុ ២៣ ឆ្នាំ រងរបួសធ្ងន់និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក វរិទ្ធ និយាយថា៖ «តាមចម្លើយរបស់ជនរងគ្រោះ ដែលនៅមានជីវិតឈ្មោះ ចៀក សុខ ករណីផ្ទុះគ្រាប់មីននៅចំណុចខាងលើនេះ គឺបណ្ដាលមកពីពួកគេបើកគោយន្តដឹកឈើចេញពីព្រៃខុសគន្លងចាស់»។
បងថ្លៃប្រុសរបស់ជនរងគ្រោះឈ្មោះឆាម ឆង គឺ លោក ឆេង សុវណ្ណមុន្នី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅព្រឹកថ្ងៃកើតហេតុ ឆាម ឆង និងចៀក សុខ បានបើកគោយន្តទៅរកកាប់អុសក្នុងព្រៃនៅចំណុចកើតហេតុខាងលើ ដើម្បីយកមកដុតធ្វើធ្យូងលក់ដូរដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែនៅពេលកាប់បានហើយ ក៏នាំគ្នាដឹកអុសចេញពីព្រៃមកវិញ ក៏ស្រាប់តែកិនលើគ្រាប់មីនតោន បណ្ដាលឲ្យផ្ទុះស្លាប់។
លោកថា៖ «ពួកគេបើកគោយន្តនៅខាងមុខគោយន្តរបស់ខ្ញុំ និងអ្នកស្រុកមួយចំនួនទៀត ប៉ុន្តែដោយផ្លូវមានជង្ហុកច្រើនធ្វើឲ្យគេកាច់ចង្កូតរេចេញពីគន្លងផ្លូវចាស់កិនចំលើគ្រាប់មីនតោនដែលនៅក្បែរផ្លូវបណ្ដាលឲ្យផ្ទុះស្លាប់ប្អូនថ្លៃខ្ញុំនៅកន្លែងកើតហេតុ ចំណែកអ្នកជិតខាងខ្ញុំម្នាក់ទៀត ដែលរួមដំណើរជាមួយវា រងរបួសបាក់ភ្លៅខាងស្ដាំ»។
លោកបន្តថា ក្រោយកើតហេតុគាត់ និងអ្នកភូមិបានដឹកសពប្អូនប្រុសមកផ្ទះធ្វើបុណ្យឯអ្នករងរបួសត្រូវបានដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយរបួសធ្ងន់ គ្រូពេទ្យក៏បញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕