កំពង់ស្ពឺៈ បុរស​ម្នាក់ និង​គោ​ ៤ ​ក្បាល​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​នៅ​កណ្ដាល​វាលស្រែ​ពេល​មេឃ​កំពុង​ភ្លៀង​។ ហេតុការណ៍​នេះ​បាន​កើតឡើង ខណៈ​បុរស​រងគ្រោះ​កំពុង​បររទេះគោ​ត្រឡប់​ពី​ស្រែ​ទៅ​ផ្ទះ​របស់​គាត់ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ក្បៀ ឃុំ​ស្វាយរំពារ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២០​។

លោក ឯម សារ៉ន នាយ​នគរបាល​ប៉ុស្តិ៍ ស្វាយ​រំពារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បុរស​រងគ្រោះ​ឈ្មោះ មាស ជ្រុន អាយុ​ ៦៨ ​ឆ្នាំ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះរទេះ​គោ​ទៅ​ស្រែ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៧០០ ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ ដើម្បី​ភ្ជួររាស់ និង​ពង្រាប​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​។

លោក សារ៉ន បាន​បញ្ជាក់​ថា​៖ «​នៅវេលា​ម៉ោង​ ៥:៣០ ​នាទី​ល្ងាច ខណៈ​មេឃ​កំពុង​ភ្លៀង ជនរងគ្រោះ​ក៏​បាន​បររទេះ​ពី​ស្រែ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​កណ្ដាលផ្លូវ ជាមួយ​នឹង​សត្វ​គោ​ចំនួន​ ៤ ​ក្បាល ​ដែល​គាត់​បានទឹម​ជាប់​នឹង​រទេះ​ ២ ​ក្បាល និង ២ ​ក្បាល​ទៀត ចង​ជាប់​រទេះ​ផ្នែក​ខាងក្រោយ​»​។

លោក សារ៉ន បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​ និង​សាច់ញាតិ រៀបចំ​​ពិធីបុណ្យ​បូជាសព​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ [​ម្សិលមិញ​] ចំណែក​សត្វ​គោ​ ៤ ​ក្បាល ​ដែល​ត្រូវ​រន្ទះបាញ់​ងាប់​ដែរនោះ ត្រូវ​បានកូនៗ​របស់គាត់​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ ៣ ​លាន​រៀល ដើម្បី​យក​លុយ​រៀបចំ​បុណ្យសព​។

លោក កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា គិត​ត្រឹម​ថ្ងៃទី​ ២២ ខែ​ មិថុនា ឆ្នាំ ២០២០ បាតុភូត​រន្ទះបាញ់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ២៨ ​នាក់​ស្លាប់ និង​ ២០ ​នាក់​ទៀត​រងរបួស​៕