បន្ទាយមានជ័យៈ ជនឆបោក និងស្លៀកពាក់ឯកសណ្ឋានយោធាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ ២) ម្នាក់ដែលសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួននៅភូមិបាលិលេយ្យ ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៨ មីនា ត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅតុលាការយោធាហើយកាលពីម្សិលមិញបន្ទាប់ពីសាកសួររួច។
លោក ធៀម ភក្តី ប្រធានមន្ទីរព័ត៌មាន និងសន្តិសុខនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងកាលពីម្សិលមិញថា បុរសសង្ស័យឈ្មោះ សុខ ប៊ុនធឿន អាយុ ៤៤ ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំត្រូវសមត្ថកិច្ចរបស់លោកបញ្ជូនបន្តទៅតុលាការយោធាហើយកាលពីម្សិលមិញ។ ជនម្នាក់នេះត្រូវកម្លាំងសមត្ថកិច្ចរបស់លោកចាប់ខ្លួននៅ ភូមិបាលិលេយ្យ ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៨ មីនា។
លោកឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងតាមបណ្តឹងរបស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត ហើយបន្ទាប់ពីទទួលបណ្តឹងមកសមត្ថកិច្ចបានសុំយោបល់ និងសុំគោលការណ៍ពីលោក ម៉ែន ហុង ព្រះអាជ្ញារងនៃអយ្យការអមតុលាការយោធាហើយក៏មានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារងផង។
លោកថ្លែងថា៖ «ជនសង្ស័យក្រោយឃាត់ខ្លួន សមត្ថកិច្ចខ្ញុំបានសាកសួរបំពេញកំណត់ហេតុរួចមកក៏បញ្ជូនគាត់បន្តទៅតុលាការយោធាដើម្បីទុកជូនតុលាការបន្តនីតិវិធីតាមច្បាប់ទៀត»។
ពាក់ព័ន្ធនឹងការប្រើវិធីបោកប្រាស់យកលុយពីប្រជាពលរដ្ឋនោះមិនត្រូវបានលោក ធៀម ភក្តី បកស្រាយលម្អិតទេ។ តែទោះយ៉ាងណា បើតាមមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ១ រូបសុំមិនឱ្យបញ្ចេញឈ្មោះប្រាប់ពីម្សិលមិញថា ជនសង្ស័យម្នាក់នេះគ្មានតួនាទីអ្វីក្នុងជួរកងទ័ព ឬក៏ធ្វើការជាមន្ត្រីរាជការដែរ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កន្លងមករូបគេពិតជាបានដើរឆបោកលុយពីប្រជាពលរដ្ឋពិតប្រាកដមែន ដោយយកតួនាទីក្លែងក្លាយនេះជាមធ្យោបាយបោកប្រាស់។ ដើម្បីឱ្យប្រជាពលរដ្ឋមានការទុកចិត្ត និងជឿជាក់លើខ្លួននោះជនសង្ស័យបានទិញសម្លៀកបំពាក់យោធា និងទិញផ្កាយ ២ ថ្នាក់ឧត្តមសេនីយ៍ទោពាក់ថតរូបហើយយករូបថតនោះទៅបង្ហាញអ្នកណាដែលរូបគេគិតថាអាចបោកប្រាស់បាន។
មន្ត្រីដដែលនេះថា ជនសង្ស័យមុនចាប់ខ្លួនគឺបានបោកលុយពីពលរដ្ឋ ២ ទៅ ៣ នាក់នៅក្រុងប៉ោយប៉ែត ប៉ុន្តែមិនច្បាស់ចំនួនទឹកប្រាក់ទេ។ ដោយជនសង្ស័យអួតអាងប្រាប់ជនរងគ្រោះថា រូបគេមានឋានៈជាឧត្តមសេនីយ៍ទោនៃកងយោធពលខេមរភូមិន្ទ។ ដូច្នេះបើជនរងគ្រោះមានបញ្ហាចង់ពឹងឱ្យរូបគេជួយរឿងអ្វីមួយគឺរូបគេអាចជួយបាន។
ដោយសារតែជនសង្ស័យបង្ហាញរូបថតដែលមានពាក់ផ្កាយបែបនេះធ្វើឱ្យជនរងគ្រោះជឿស្លុង ព្រោះពួកគាត់គិតថាមិនងាយណាមានអ្នកធំមកអះអាងជួយដោះស្រាយបញ្ហាទេ ប៉ុន្តែក្រោយពីបោកលុយពីជនរងគ្រោះបានហើយជនសង្ស័យគេចខ្លួនបាត់តែម្តង៕