ភ្នំពេញៈ បុរស​ម្នាក់​អាយុ​ ៣០ ​ឆ្នាំ​ ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ កាលពី​ថ្ងៃទី​ ៥ ខែមេសា ក្រោយពី​សង្ស័យថា​បានសម្លាប់​ក្មេងប្រុស​អាយុ​ ១០ ​ឆ្នាំ​ម្នាក់​ កាលពី​ថ្ងៃទី​ ២ ខែ​ដដែល​នេះ​។

លោក ម៉ៅ សឿត អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា ការចាប់ខ្លួន​នេះ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខណ្ឌ​ច្បារអំពៅ​។

លោក ម៉ៅ សឿត បានឱ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អុន ភាម៉ុន ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ​គ្មាន​មុខរបរ និង​រស់នៅ​ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៥ មេសា​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​កំពុងតែ​សាកសួរ​ជនសង្ស័យ​ហើយ​គ្រោង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅពេល​ដែល​យើង​សាកសួរ​ហើយ​ជនសង្ស័យ​មិនមែន​សម្លាប់​ក្មេង​ប្លន់​យក​អី​ទេ មូលហេតុ​ខឹង​ក្មេង​វ៉ៃ​ក្បាល​គាត់​»​។

លោក​បន្តថា យោងតាម​ចម្លើយ​ជនសង្ស័យ​បានឱ្យ​ដឹងថា ជនសង្ស័យ​ត្រូវជា​ពូ​សាច់ថ្លៃ​របស់​ក្មេងរងគ្រោះ​។ នៅមុន​ល្ងាច​កើតហេតុ​ថ្ងៃទី​ ២ មេសា ​គឺ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ឌុប​ក្មេងរងគ្រោះ​បំណង​ទៅ​ទិញ​ប្រហិត​ញ៉ាំ​នៅ​វត្ត​ជ្រោយអំពិល​។

ប៉ុន្តែ​ពេល​ជនសង្ស័យ​ និង​ក្មេងរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ស្រាប់តែ​ក្មេង​រងគ្រោះ​យកដៃ​ទះ​ក្បាល​ជនសង្ស័យ​ពីក្រោយ​តែ​ក៏​ត្រូវបាន​ជនសង្ស័យ​ប្រាប់​កុំឱ្យ​ទះ​ក្បាល​គេ​ទៀត​ព្រោះ​មាន​គ្រូ​កាន់​។ បន្ទាប់ពី​ជនសង្ស័យ​ហាម​ក្មេងរងគ្រោះ​ម្តង​ហើយ​នោះ​គឺ​ក្មេងរងគ្រោះ​បាន​ទះ​ក្បាល​ជនសង្ស័យ​ជា​លើក​ទី​ ២ ​ទៀត​ធ្វើឱ្យ​ជនសង្ស័យ​ខឹង​ហើយ​ក៏​ឌុប​ក្មេងរងគ្រោះ​ទៅ​សម្លាប់ចោល​នៅ​ក្បែរ​ព្រៃត្រែង​ស្ថិត​នៅ​ដីឡូដ៍​ ១ ​កន្លែង​ក្នុង​ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ​។

លោក​បន្ដថា តាម​កំណត់ហេតុ​កោសល្យវិច័យ​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ និង​អង្គការ CPU រួម​នឹង​លោក​ នង សុវណ្ណារ័ត្ន ដែលជា​គ្រូពេទ្យ កោសល្យវិច័យ​រាជធានី​ភ្នំពេញ បាន​ពិនិត្យ​សព​ក្មេងរងគ្រោះ​ឃើញ​មាន​ស្នាម​រហែក​សន្ទះ​អញ្ចាញធ្មេញ​ខាងមុខ ​និង​បាក់ធ្មេញ​ខាងក្រោម​ទាំងសងខាង​។

ពាក់ព័ន្ធ​ការចាប់​ជនសង្ស័យ​នៅក្នុង​អំពើ​ឃាតកម្ម​នេះ​ត្រូវបាន​លោក ជា ពន្នកា ដែល​ជា​ឪពុក​ក្មេងរងគ្រោះ​ប្រាប់​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិន​ទាមទារ​អី​ពី​ជនសង្ស័យ​ទេ​គឺ​ទុក​ជូន​ច្បាប់​ចាត់ការ​ទៅតាម​អំពើ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​មកលើ​កូន​របស់ខ្ញុំ​តាមតែ​ច្បាប់​ទៅ​»៕