មណ្ឌលគិរីៈ សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​បង្គាប់​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​នាំខ្លួន​បុរស​ម្នាក់​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពីបទ​ «​ដាក់​អន្ទាក់​សត្វព្រៃ​» ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែពក ខណៈ​ដែល​ក្នុង​រយៈពេល​ជិត​ ៣ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការបរបាញ់​សត្វព្រៃ និង​កាប់​រាន​ដីព្រៃ​ចំនួន​ ៥០ ​នាក់​បញ្ជូន​ទៅ​តុលាការ​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា បុរស​ជាប់ចោទ​ឈ្មោះ សា វ៉ា អាយុ​ ៣១ ​ឆ្នាំ​មាន​លំនៅ​ក្នុងភូមិ​ជីមៀត ឃុំ​ណងឃីលឹក ស្រុក​កោះញែក ត្រូវ​បាន​ក្រុម មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ស្រែពក​ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​ត្រពាំង​កកោះ បន្ទាប់ពី​ជននេះ​បាន​លួច​ចូល​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ចំនួន ៣៥ ​ខ្សែ​នៅ​ចំណុច​អូរ ល្វែរ ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​កាលពី​យប់​ថ្ងៃទី​ ២១ ខែ​មីនា ឆ្នាំ​ ២០២០​។

ជាមួយ​គ្នា​នេះ​មន្ត្រី​ឧទ្យានុរក្ស​ក៏បាន​ដកហូត​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​រួមមាន កាំបិតផ្គាក់​ចំនួន​ ១, ចបជីក​ចំនួន​ ១ និង​ម៉ូតូ​គ្មាន​ស្លាក​លេខ​ចំនួន​ ១ ​គ្រឿង​យក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់ការ​បរិស្ថាន​។ ចំណែក​អន្ទាក់​ដែល​បានដាក់​រួច​ត្រូវបាន​មន្ត្រី​ឧទ្យានុរក្ស​ប្រមូល​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​កន្លែង​កើតហេតុ​។

លោក​បាន​បន្តថា ក្រោយ​ការចាប់ខ្លួន​ និង​សួរនាំ​រួច​ជនសង្ស័យ​ត្រូវបាន​ក្រុមមន្ត្រី​ឧទ្យានុរក្ស​កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ​ «​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣» ហើយ​នៅ​រសៀល​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២០ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តុលាការ​បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ពីបទ​ «​ដាក់​អន្ទាក់​សត្វព្រៃ​» តាម​បញ្ញត្តិ​មាត្រា​ ៦១ និង​មាត្រា​ ៥៦ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​បាន​បង្គាប់​ឲ្យ​នាំយក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស​ជា​ក្រោយ​។

លោក​ សុភគ៌ បាន​បញ្ជាក់ថា​៖ «​កន្លងមក​ជនសង្ស័យ​រូបនេះ​ធ្លាប់​ត្រូវបាន​តុលាការ​ខេត្ត​មណ្ឌលគិរី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ២ ​ខែ​ផងដែរ ពាក់ព័ន្ធ​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​ ២ ប៉ុន្តែ​ជននេះ​នៅ​តែ​មិន​រាងចាល​បន្ត​លួច​ប្រព្រឹត្ត​បទល្មើស​នេះ​ដដែល​។ ក្នុង​ករណី​មិន​រាងចាល​នេះ ជនសង្ស័យ​​ត្រូវ​បាន​តុលាការ​ដាក់បញ្ចូល​ទៅក្នុង​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ ដែល​នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង ឬ ទោសពិន័យ​ជា​ប្រាក់​ពី​ ១៥ ​លាន​រៀល​ដល់​ ១៥០ ​លាន​រៀល​»​។

បើតាម​លោក​ សុភគ៌​ក្នុង​រយៈពេល​ជិត​ ៣ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ធ្វើការ​បង្ក្រាប​ចាប់​ជនសង្ស័យ​ចំនួន​ ៥០ ​នាក់​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​ករណី​កាប់​រាន​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ និង​របៀង​ជីវចម្រុះ​ឦសាន និង​ករណី​លួច​កាប់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​បាន​ឆ្លងកាត់​តំបន់​ដែនជម្រក​សត្វព្រៃ និង​របៀង​ជីវចម្រុះ​ឦសាន​៕