ភ្នំពេញ: សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​គ្រោង​បញ្ជូន​បុរស​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ ពាក់ព័ន្ធ​ការជួញដូរ​វត្ថុ​បុរាណ​ (​អកកំបោរ​ ១) ដែល​តាម​ពាក្យ​ចចាមអារ៉ាម​ថា មានតម្លៃ​ ៧០ ​លាន​ដុល្លារ បន្ទាប់ពី​ឃាត់ខ្លួន​ពួកគេ​ទាំង​ ២ ​នាក់​កាលពី​ថ្ងៃទី​ ១៧ ខែធ្នូ ក្នុងអំឡុង​ពេលដែល​ពួកគេ​រៀបចំ​ផែន​ការលក់​អកកំបោរ​នោះ​ទៅឱ្យ​ឈ្មួញ​។

លោក ហ៊ាង ថារ៉េត អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ម្នាក់​ដែលជា​អ្នករៀបចំ​ផែនការ​លក់​អកកំបោរ​ ១ ​ទៅ​ឱ្យ​ឈ្មួញ​ត្រូវបាន​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​-​ភ្នំពេញ​នៅ​ថ្ងៃទី​ ២១ ខែធ្នូ នេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។ លោក​បាន​បដិសេធ​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​។

លោក​ថា​៖ «​រីឯ​វត្ថុតាង​ជា​វត្ថុបុរាណ​នោះ គឺ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កំពុងធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​ជាក់ស្ដែង​ថា តើ​វា​មានតម្លៃ​អ៊ីចឹង​មែន ឬ​យ៉ាងណា​? តែ​ពេលនេះ​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​បានទេ​»​។

លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ខណ្ឌ​​ឫស្សីកែវ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​អ្នក​រត់ការ​ (​ឈ្មួញកណ្ដាល​)​។ រីឯ ​ម្ចាស់​អកកំបោរ​ឈ្មោះ​ សួង តាក់ អាយុ​ ២៩ ​ឆ្នាំ​រស់នៅ​ភូមិ​ក្ងោក ឃុំ​កោះ​ចាម ស្រុក​ថាឡាបរិវ៉ាត់​ក៏ត្រូវ​បាន​ហៅ​មក​សួរនាំ​ជុំវិញ​ករណី​នេះដែរ​។ នៅ​ថ្ងៃទី​ ២០ ​ខែធ្នូ មន្ត្រី​កំពុង​ធ្វើ​កោសល្យវិច័យ​ទៅលើ​អកកំបោរ​ ១ ​នេះ​នៅឡើយ​។ មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌​នឹង​បង្ហាញ​លទ្ធផល​នៅ​ថ្ងៃទី​ ២១ ​ខែធ្នូ​។ «​ពិតជា​មាន​អកកំបោរ​ហ្នឹងមែន​ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​ពី​ប្រភេទ​ដែល​ធ្វើ​អំពី​ដែក ឬ​ធាតុ​ផ្សំ​អ្វី​ទេ​? ហើយក៏​មិនទាន់​ដឹង​ធ្វើ​នៅ​សម័យ​កាលណា​ដែរ​? ចំពោះ​គេ​ថា មានតម្លៃ ៧០ ​លាន​ដុល្លារ​ក្នុង​ ១ ​ខាំ​នេះ គឺ​ខ្ញុំ​ក៏​មិនទាន់​ជឿ​ដែរ​។ ខ្ញុំ​គិតថា អកកំបោរ​បែបនេះ​មិន​ខ្វះ​ទេ​នៅតាម​តំបន់​ស្រុក​ស្រែចម្ការ ទោះបីជា​វា​ធ្វើ​អំពី​មាស ក៏​មិនអាច​លក់បាន​តម្លៃ​ច្រើន​ដល់​ថ្នាក់​នេះដែរ​»​។

មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌​បាន​ហៅ​ម្ចាស់​អកកំបោរ​ឈ្មោះ សួង តាក់ ទៅយក​អកកំបោរ​ដែល​ខ្លួន​បាន​លាក់ទុក​នៅ​ភូមិ​ក្ងោក ឃុំ​កោះចាម ស្រុក​ថា​ឡាបរិវ៉ាត់​ហើយ​មន្ត្រី​ជំនាញ​កំពុង​នាំយក​ទាំង​ម្ចាស់ និង​អកកំបោរ​មក​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត និង​ធ្វើ​កោសល្យវិច័យ​។

លោក សែម ស៊ីថា អធិការ​នគរបាល​ស្រុក​ថា​ឡាបរិវ៉ាត់​ថ្លែង​ពី​ម្សិលមិញ​ថា ម្ចាស់​អកកំបោរ​ឈ្មោះ​ សួង តាក់ នេះ​បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​មួយ​កាលពី ៤ ​ឆ្នាំមុន ហើយ​បាន​រត់គេច​ចេញពីផ្ទះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់ដឹង​អកកំបោរ​ហ្នឹង​ធ្វើ​ពី​អ្វី​ដែរ ប៉ុន្ដែ​ពួកខ្ញុំ​គ្រាន់តែ​សហការ​ជាមួយ​សមត្ថកិច្ច​ឫស្សីកែវ ហៅ​ឈ្មោះ សួង តាក់ មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ហើយ​នីតិវិធី​បែបណា​ទៀត ខ្ញុំ​អត់​ដឹង​ដែរ​»​។

លោក ហោ វុទ្ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ថ្លែងថា​សមត្ថកិច្ច​ស្រុក​ថា​ឡាបរិវ៉ាត់​បាន​បញ្ជូន សួង តាក់ មក​ឱ្យ​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​សាកសួរ​បន្ត ប៉ុន្ដែ​បន្ទាប់ពី​បាន​សាកសួរ​រួច​លោក​បាន​បញ្ជូនទៅឱ្យ​មន្ត្រី​ជំនាញ​ខណ្ឌឫស្សីកែវ និង​មន្ត្រី​ក្រសួង​វប្បធម៌ ជា​អ្នកចាត់ចែង​បន្តទៀត​។ «​តាម​ចម្លើយ​គាត់ គឺ​អកកំបោរ​ហ្នឹង​ជា​របស់​យាយ​គាត់ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​មាន​គេ​ចង់​ទិញ​ឱ្យ​តម្លៃ​ ២០ លាន​ដុល្លារ ប៉ុន្ដែ​គាត់​មិន​លក់​។ ក្រោយមក​ក៏មាន​គេ​ឱ្យ​ថ្លៃ​ច្រើន ក៏​ចាប់ផ្ដើម​ដាក់លក់​តែម្ដង​ហើយ​ខ្ញុំ​សូមបញ្ជាក់​តែ​ប៉ុណ្ណឹង​ទេ​»​។

បើតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ពី​ម្សិលមិញ​ថា​៖ «​វត្ថុ​បុរាណ​ខ្មែរ ដែលជា​ប្រភេទ​លោហធាតុ​ស៊ីរំសេវ​ (​អកកំបោរ​ធ្វើ​ពី​សំរឹទ្ធ​) ​មាន​អាយុកាល​ជាង ២០០ ​ឆ្នាំ​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ត្រូវបាន​គេ​រត់​ការរៀប​ចំលក់​ទៅឱ្យ​ឈ្មួញ ប៉ុន្ដែ​ត្រូវបាន​នគរបាល​ខណ្ឌឫស្សីកែវ​ចាប់​ខ្លួន​បាន​ម្នាក់​កាលពី​យប់​ថ្ងៃទី​ ១៧ ខែធ្នូ បន្ទាប់ពី​ម្ចាស់​អកកំបោរ​បាន​ប្តឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​បុរស​នោះ​»​។

សារព័ត៌មាន​នោះ​បន្តថា ដោយសារ​ទំនាស់​ផលប្រយោជន៍​ទើប​ម្ចាស់​អកកំបោរ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មួញកណ្ដាល​ដែល​គំរាម​ម្ចាស់​ចង់​បាន​ផលប្រយោជន៍​ច្រើនជាង​ម្ចាស់​។ ចំពោះ​កិច្ចព្រមព្រៀង​នៃ​ការទិញ-លក់​នោះ​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ​ដោយ​ម្ចាស់​ឈ្មោះ សួង តាក់ ​បានប្រគល់​សិទ្ធិ​ទៅ​ឱ្យ​មនុស្ស​ចំនួន ៤ ​នាក់​។ ចំណែក​ភាគី​តំណាង​ខាង​អ្នកទិញ​មាន​ចំនួន ៣ ​នាក់​៕