ព្រៃវែងៈ យុវជន​វ័យ​ ១៨ ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​ព្រៃវែង​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទ​ «​រំលោភ​សេពសន្ថវៈ​» ​ក្រោយ​ពី​យុវជន​នោះ​បាន​លួច​បន្លំ​ខ្លួន​ជា​កូនកំលោះ​រួច​ចូល​ទៅ​រួម​ដំណេក​ជាមួយ​ស្ត្រី​ជា​កូនក្រមុំ​ក្នុង​យប់​ថ្ងៃ​ទី​​ ១៦ ខែ​មករា​ឆ្នាំ​ ២០១៨ ដែល​ជា​យប់​ថ្ងៃ​ផ្សំ​ដំណេក​ក្រោយ​ពិធី​រៀប​មង្គលការ​របស់​នាង និង​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ចប់​។

លោក ពៅ ជីវី ស្នងការរង​ខេត្ត​ព្រៃវែង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​យុវជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​ករណី​ខាង​លើ​នេះ​ឈ្មោះ ឈឺន ចាន់សេង អាយុ​ ១៨ ​ឆ្នាំ​រស់នៅក្នុង​ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​។

ជនសង្ស័យ​ត្រូវ​បាន​ស្ត្រី​ជា​កូនក្រមុំ និង ក្រុម​គ្រួសារ​ចាប់​បាន​នៅ​ក្នុង​បន្ទប់​រួម​ដំណេក​ នា​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែ​មករា​ឆ្នាំ​ ២០១៨ ក្រោយពី​បាន​បន្លំ​ខ្លួន​ចូលរួម​សេពសន្ថវៈ​ជាមួយ​ស្ត្រី​ជា​កូនក្រមុំ​ឈ្មោះ ប.ស.ជ អាយុ​ ១៨ ​ឆ្នាំ​រហូត​បាន​សម្រេច ខណៈ​បុរស​ជា​កូនកំលោះ​ឈ្មោះ ស.ប រស់នៅ​ក្រុង​ព្រៃវែង ​កំពុង​បន្ត​ការ​ផឹកស៊ី​ជាមួយ​ក្រុម​គ្រួសារ​ញាតិមិត្ត​រហូត​ស្រវឹង​ដេក​ក្រាប​នៅ​លើ​តុ​ក្រោម​រោងការ​ក្បែរ​ផ្ទះ​ស្ត្រី​ជា​កូនក្រមុំ​របស់​ខ្លួន​រហូត​ទល់ភ្លឺ​ដោយ​មិន​ខ្វល់​អំពី​ការ​រួម​ដំណេក​នៅ​យប់​ថ្ងៃ​ដំបូង​របស់​ខ្លួន​ឡើយ​។

លោក ជីវី បាន​បញ្ជាក់​ថា​ ជនសង្ស័យ​បាន​សារភាព​ថា​គេ​បាន​លួច​ស្រឡាញ់​ស្ត្រី​ជា​កូនក្រមុំ​នោះ​ជាយូរ​មក​ហើយ ប៉ុន្តែ​ឪពុកម្ដាយ​របស់​គេ​ក្រីក្រ​ពេក មិន​ហ៊ាន​ចូល​ស្ដី​ដណ្ដឹង​នាង​នោះ​ទេ​។

នៅ​ថ្ងៃ​ស្ត្រី​រងគ្រោះ​រៀបការ​គេ​បាន​លួច​មើល​នាង និង បុរស​ជា​កូនកំលោះ​ស្ទើរ​គ្រប់​សកម្មភាព​ទាំងអស់​ចាប់​តាំងពី​ពេល​ហែ​ជំនូន​រហូត​ដល់​ពេល​កាត់​នំ និង​រាំរែក​ព្រោះ​ផ្ទះ​របស់​គេ​នៅ​ក្បែរ​ផ្ទះ​ស្ត្រី​ជា​កូនក្រមុំ​។ លុះ​ដល់​ពិធី​រាំរែក​ចប់​ស្ត្រី​ជា​កូនក្រមុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង ចំណែក​កូន​កំលោះ​នៅ​បន្ត​ផឹកស៊ី​ជាមួយ​បងប្អូន​សាច់ញាតិ​នៅ​ក្រោម​រោងការ​ក្បែរ​ផ្ទះ ឃើញ​ឱកាស​ល្អ​គេ​ក៏​បន្លំ​ខ្លួន​ជា​កូនកំលោះ​ចូល​ទៅ​រួមរ័ក​ជាមួយ​ស្ត្រី​ជា​កូនក្រមុំ​រហូត​ដល់​បាន​សម្រេច​ចំនួន​មួយ​ដង​ហើយ​បន្ត​ដេក​លង់លក់​ជាមួយ​ស្ត្រី​រងគ្រោះ​រហូត​ទៀបភ្លឺ​ទើប​ស្ត្រី​រងគ្រោះ​ដឹង​ហើយ​ស្រែក​ហៅ​ឪពុកម្ដាយ​ស្ទុះ​មក​ចាប់​គេ​ក្នុង​បន្ទប់​តែ​ម្ដង​។

ចំណែក​លោក សៅ ចាន់ថា អធិការ​ស្រុក​កញ្ជ្រៀច​បាន​ថ្លែង​ថា​សំណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​គេ​បាន​និយាយ​ថា​នៅ​ក្នុង​យប់​ថ្ងៃ​កើតហេតុ​គេ​បាន​រួមភេទ​ជាមួយ​ស្ត្រី​រងគ្រោះ​បាន​សម្រេច​តែ​មួយ​លើក​ប៉ុណ្ណោះ​។

លោក​ ចាន់ថា បាន​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្ត្រី​ជា​កូនក្រមុំ​រងគ្រោះ​ចាប់​បាន​ក្នុង​បន្ទប់​ដេក​ទាំង​ខ្លួន​អាក្រាត​»​។

យ៉ាង​ណា​ក៏ដោយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​យុវជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង​តាម​បញ្ជា​របស់​លោក ភា ជា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ដែល​បាន​សម្រេច​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​» ដោយ​ផ្អែក​លើ​មាត្រា​ ២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​អាច​ជាប់គុក​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​។ នេះ​បើ​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លេខ​ ២១ ចុះ​ថ្ងៃ​ ១៧ មករា ២០១៨ របស់​លោក​ចៅក្រម​ស៊ើបសួរ ភា ជា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​។

ជុំវិញ​ករណី​ខាង​លើ​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ស្វែងរក​ការ​ទំនាក់ទំនង​ស្នើសុំ​ការ​អធិប្បាយ​ពី​ភាគី​កូន​កំលោះ ឬ ក្រុម​គ្រួសារ​កូន​កំលោះ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នកស្រី លាត ឈាត មេភូមិ​ឆ្ពឹស​ក្រោយ​ពី​កើត​រឿង​ហេតុ​ដ៏​អាក្រក់​ខាង​លើ​នេះ​ក្រុម​គ្រួសារ​ខាង​កូន​កំលោះ បាន​បដិសេធ​ស្ត្រី​ជា​កូនក្រមុំ​រងគ្រោះ​ជា​កូនប្រសា និង​មិន​អនុញ្ញាត​ឲ្យ​បុរស​ជា​កូន​កំលោះ​ដែល​ជា​កូនប្រុស​របស់​ពួកគេ​ទទួល​ស្គាល់​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឡើយ មិន​តែ​ប៉ុណ្ណោះ​បាន​ទាមទារ​ឲ្យ​ខាង​ឪពុកម្ដាយ​ស្ត្រី​ជា​កូនក្រមុំ​រងគ្រោះ សង​ថ្លៃ​បង្គាប់​គ្រឿង​បណ្ណាការ​ចំនួន​ ១៤០០ ​ដុល្លារ​ថែម​ទៀត​។

អ្នកស្រី ឈាត បាន​បញ្ជាក់​ថា​៖ «​ក្នុង​ករណី​នេះ​យើង​មាន​ការ​អាណិត​អាសូរ​ស្ត្រី​ជា​កូនក្រមុំ និង​ក្រុម​គ្រួសារ​របស់​នាង​ខ្លាំង​ណាស់​ព្រោះ​នេះ​ជា​ក្ដី​អាម៉ាស់​មួយ​ដ៏ធំ​។ ឪពុកម្ដាយ​ខាង​ប្រុស​បាន​នាំ​កូនប្រុស​របស់​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់​ក្រៅ​ពី​ទារ​ប្រាក់​បណ្ណាការ​វិញ​ចំនួន​ ១៤០០ ​ដុល្លារ​នោះ​»​។

បើ​គិត​តាម​ផ្លូវ​ច្បាប់​ករណី​បែប​នេះ​ឪពុកម្ដាយ​ខាង​ស្ត្រី​ជា​កូនក្រមុំ​រងគ្រោះ​អាច​មិន​បង់​សង​ថ្លៃ​បណ្ណាការ​នោះ​ព្រោះ​វា​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ពិធី​មង្គលការ​អស់​ទៅ​ហើយ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​​របស់​អ្នកស្រី គឹម លី អ្នកសម្រប​សម្រួល​អង្គការ​អាដហុក ខេត្ត​ព្រៃវែង​៕