ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីចុងសប្ដាហ៍មុនបានផ្ដន្ទាទោសជនជាប់ចោទម្នាក់ឈ្មោះ ថន វិចិត្រ ដាក់ពន្ធនាគារ ៥ ឆ្នាំ ពាក់ព័ន្ធនឹងអំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការការពារកុមារ APLE ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។
ការផ្ដន្ទាទោសនេះផ្អែកតាមមាត្រា ៤២ នៃច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក៏ប៉ុន្តែតុលាការបានព្យួរទោសជនជាប់ចោទរូបនេះរយៈពេល ២ ឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់ជំងឺចិត្តប្រមាណ ៣ ០០០ ដុល្លារទៅជនរងគ្រោះ។
អង្គការ APLE បានឲ្យដឹងថាជនជាប់ចោទ ថន វិចិត្រ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី ២៥ មេសា ៣ ថ្ងៃបន្ទាប់ពីជននេះត្រូវបានជីដូនរបស់កុមារីរងគ្រោះអាយុ ១១ ឆ្នាំប្ដឹងទៅសមត្ថកិច្ច។
ជីដូនរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនជាប់ចោទបានបង្ខំចៅស្រីរបស់គាត់ទៅរួមភេទនៅបន្ទប់ជួលរបស់គេ។
យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបញ្ជាក់ថា បន្ទាប់ពីទទួលបណ្ដឹងពីជីដូនរបស់កុមារីរងគ្រោះ សមត្ថកិច្ចបានឃាត់ខ្លួន ថន វិចិត្រ អាយុ ២៦ ឆ្នាំ មុខរបរអ្នកលក់ទាអាំងរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ នៅមុខសមត្ថកិច្ច ថន វិចិត្រ បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយកុមារីរងគ្រោះនោះមែន។
អង្គការ APLE បានបញ្ជាក់ថា បន្ទាប់មកអង្គការបានទទួលសំណុំរឿងពីគណៈកម្មការស្ត្រីប្រចាំខណ្ឌដូនពេញ ហើយ APLE បានផ្ដល់សេវាផ្លូវច្បាប់ និងការព្យាបាលផ្នែកផ្លូវចិត្តដល់ជនរងគ្រោះ។
យោងតាមមាត្រា ៤២ នៃច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជនដែលរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ត្រូវផ្តន្ទាទោសពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។
អង្គការ APLE បានបញ្ជាក់ថា ជនរងគ្រោះបានពេញចិត្តនឹងសំណងជំងឺចិត្ត ៣ ០០០ ដុល្លារ ព្រោះវាអាចជួយដល់ដំណើរការស្ដារសម្បទាឡើងវិញ។ ប៉ុន្តែខណៈដែលស្វាគមន៍ដល់ការផ្ដន្ទាទោសនេះលោក ខឹម វាន់ដូ នាយកកម្មវិធីនៃអង្គការ APLE ហាក់មិនទាន់ពេញចិត្តនៅពេលជនជាប់ចោទត្រូវបានព្យួរទោស ២ ឆ្នាំ។
លោកបានថ្លែងថា៖ «វាជាឆន្ទានុសិទ្ធិរបស់ចៅក្រមក្នុងការសម្រេច។ ប៉ុន្តែជាទូទៅមិនគួរមានការព្យួរទោសទេ ពីព្រោះគាត់បានប្រព្រឹត្តអំពើល្មើសលើកុមាររងគ្រោះរួចហើយ។ ទី២ ជនរងគ្រោះទទួលនូវផលប៉ះពាល់រយៈពេលយូរ។ ទី៣ វាធ្វើឲ្យអ្នកប្រព្រឹត្តមិនរាងចាលពីការកាត់ទោស ហើយគេអាចប្រព្រឹត្តបទល្មើសម្ដងទៀត។ ដូច្នេះគ្រោះថ្នាក់អាចធ្លាក់ទៅលើក្មេងដទៃទៀត»។
លោកបន្តថា៖ «ក្នុងករណីនេះគាត់ទទួលបានការព្យួរទោស។ ដូច្នេះពេលគាត់ចេញមកវិញលឿន វាអាចមានហានិភ័យសម្រាប់ជនរងគ្រោះ។ កាលពីមុនធ្លាប់មានករណីដែលជនរងគ្រោះទទួលរងសម្ពាធពីជនជាប់ចោទដោយការដាក់សម្ពាធឲ្យមានការសម្របសម្រួល ឬបញ្ឈប់នីតិវិធីតុលាការ»៕