ស្វាយរៀងៈ នគរបាល​ក្រុង​បាវិត​ បាន​បញ្ជូន​បុរស​វៀតណាម​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ហើយ​កាលពី​ម្សិលមិញ​ ពាក់ព័ន្ធ​នឹង​ករណី​ចាក់​ស្ត្រី​វៀតណាម​ម្នាក់​ស្លាប់​ ដោយសារ​តែ​ខឹង​ស្ត្រី​វៀតណាម​រូបនោះ​សុំ​លុយ​នៅក្នុង​វង់ល្បែង​កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា​នៅ​កាស៊ីណូ​ក្រោន​ស្ថិតក្នុង​សង្កាត់-ក្រុង​បាវិត​។

លោក កៅ ហន អធិការរង​ក្រុង​បាវិត​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ចឹង ង្វៀងហុន ភេទ​ប្រុស អាយុ ២៩ ​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ ជិន ធីធូហ្វឿង អាយុ ៤៤ ​ឆ្នាំ ពួកគេ​រស់នៅ​ប្រទេស វៀតណាម​។

បើ​តាម​លោក​ កៅ ហន ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គាត់​ពិតជា​បាន​បង្ក​បទល្មើស​ចាក់​សម្លាប់​ស្ត្រី​ជនជាតិ​វៀតណាម​រូបនោះ​ពិតប្រាកដ​មែន​ហើយ​បន្ទាប់ពី​បញ្ចប់​នីតិវិធី​ស៊ើបសួរ សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​បញ្ជូនបន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​កាលពី​ព្រឹក​ម្សិលមិញ​។

លោក ហន ​ថ្លែង​ថា៖ «​ខាង​អធិការដ្ឋាន​នគរបាល​ខ្ញុំ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង​ហើយ ដើម្បី​បន្ត​នីតិវិធី​ពាក់ព័ន្ធ​នឹង​បទល្មើស ហើយ​ក្រៅពី​បង្ក​បទល្មើស គាត់​ក៏​ជា​ជនបរទេស​ទៀតផង​»​។

លោក កឹង ឃន ស្នងការ​ខេត្ត​ស្វាយរៀង និង​លោក ថោង វណ្ណៈ ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​លោក​ទាំង​ ២ ​ពុំ​មាន​អ្នកទទួល​។

ប៉ុន្តែ​លោក ម៉ៅ ភិនភិរម្យ នាយប៉ុស្តិ៍​សង្កាត់​បាវិត​បាន​ប្រាប់​ពី​ម្សិលមិញ​តាម​ចម្លើយ​របស់​ជនសង្ស័យ​ថា ជនសង្ស័យ ចឹង ង្វៀងហុន និង​ស្ត្រី​រងគ្រោះ​ឈ្មោះ ជិន ធីធូហ្វឿង រស់នៅក្នុង​ប្រទេស​វៀតណាម ហើយ​បាន​ឆ្លងដែន​មក​លេង​ល្បែង​នៅ​កាស៊ីណូ​ដែល​មាន​យីហោ​ឈ្មោះ ក្រោន ស្ថិត​នៅក្នុង​សង្កាត់-ក្រុង​បាវិត​។

លោក​បន្តថា នៅ​មុនពេល​កើតហេតុ​គឺ​ពួកគេ​ទាំង​ ២ ​នាក់​បាន​ចូល​លេងល្បែង​នៅក្នុង​កាស៊ីណូ​ក្រោន​នោះ ហើយ​ខណៈ​ជនសង្ស័យ​កំពុង​លេង ស្រាប់តែ​ស្ត្រី​រងគ្រោះ​ទៅ​សុំ​លុយ​ពី​ជនសង្ស័យ តែ​ជនសង្ស័យ​មិន​ព្រម​ឲ្យ​លុយ​ទៅ​ស្ត្រី​រងគ្រោះ​ទេ​។ ដោយ​ស្ត្រី​រងគ្រោះ​ចេះ​តែ​សុំ​លុយ​ញយ​ដង​ពេក​នោះ​ធ្វើឲ្យ​ជនសង្ស័យ​ខឹង​នឹង​ស្ត្រី​រងគ្រោះ ហើយ​ពួកគេ​បាន​ដើរ​ចេញ​ពី​ខាង​ក្នុង​កាស៊ីណូ​មក​ក្រៅ​។

លោក​បន្ត​ថា​ លុះ​ពួកគេ​បណ្តើរ​គ្នា​ដើរ​ដល់​ច្រកទ្វារ​ចេញ​ពី​កាស៊ីណូ​នោះ ជនសង្ស័យ​បាន​លូក​យក​កាំបិតកៃ​ពី​ក្នុង​ហោប៉ៅ​អាវ​ដែល​គេ​បាន​ទិញ​ទុក​មក​ចាក់​លើ​ស្ត្រី​រងគ្រោះ​ត្រូវ​ចំ​ចង្កា ១ ​កាំបិត និង​ត្រូវ​ផ្នែក​ដោះ​ខាង​ឆ្វេង​ ១ ​កាំបិត ដួល​ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្តង​។

លោក​បន្ត​ថា ​ភ្លាមៗ​នោះ​ត្រូវ​បាន​កងសន្តិសុខ​របស់​កាស៊ីណូ ក្រោន ​ឃាត់​ខ្លួន​ជនសង្ស័យ​ហើយ​រាយការណ៍​ប្រាប់​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​បាវិត ហើយ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕