ភ្នំពេញៈ ជន​សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រោយចាប់ខ្លួន​បាន​ ១ ថ្ងៃ ​ពាក់ព័ន្ធ​នឹង​ការចាប់​រំលោភ​ក្មេងស្រី​អាយុ​១៣ឆ្នាំ​ រហូត​ដល់​មាន​ផ្ទៃពោះ ​ប្រព្រឹត្ត​កាលពី​ខែតុលា ​ឆ្នាំ ២០២០​ នៅ​សង្កាត់​ចោមចៅ ១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

លោក ​ជា សុវណ្ណ​ អធិការរង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ​ ឱ្យដឹង​នៅ​ថ្ងៃ​ទី ២៦​ ឧសភា​ថា ​ជនសង្ស័យ​ឈ្មោះ​មៀច សី​មេសា ​អាយុ​ ៣៤ ឆ្នាំ ​មានមុខរ​បរជា​អ្នកលក់ដូរ ​និង​ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​ភូមិសាស្រ្ត ​សង្កាត់​ចោម​ចៅ ១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។ ចំណែក​ក្មេងស្រី​រងគ្រោះ ​ឈ្មោះ ​ម.ថា ​អាយុ​ ១៣ ​ឆ្នាំ​ រស់នៅ​ជាមួយ​ម្តាយ ​និង​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​បន្ទប់​ស្នាក់នៅ​របស់​ជន​សង្ស័យ។

លោក​ប្រាប់ថា​៖ «ខ្ញុំ​បាន​រៀបចំ​សំណុំរឿង​នេះ​តាម​នីតិវិធី​រួចរាល់​អស់​ហើយ។ ហើយ​ក៏រៀបចំ​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលា​ការ​នៅ​ថ្ងៃនេះ​ដែរ​ (ថ្ងៃទី២៦ ឧសភា)។ ជន​សង្ស័យ​ម្នាក់នេះ ​ត្រូវបាន​ក្រុម​គ្រួសារ​ក្មេងស្រី​ចោទ​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ថវៈ»។

ករណី​នេះ ​លោក​សាយ ចំរើន ​នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចោមចៅ ១ ​ស្តីទី ​បានប្រាប់​នៅ​រសៀល​ថ្ងៃ​ទី២៦ ​ឧសភា​ថា​ ចំពោះ​ព័ត៌មាន​ដែលនាំ​ឱ្យ​សមត្ថកិច្ច​របស់​លោក​ឈាន​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​នោះ ​គឺ​ដោយសារ​ម្តាយ​ក្មេងស្រីរង​គ្រោះ​នាំ​កូន ​(ក្មេង​រងគ្រោះ)​ មក​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល។

បើ​តាម​លោក​ចំរើន​រៀបរាប់​តាម​សម្តី​ម្តាយ​ក្មេង​រងគ្រោះ ​កាលពី​អំឡុង​ខែតុលា ​ឆ្នាំ២០២០ ​គាត់បាន​មកជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​សង្កាត់​ចោមចៅ ១​ ជាមួយ​កូនស្រី​ដើម្បី​រកស៊ី​លក់ដូរ​ចិញ្ចឹម​ជីវិត។ ជារៀងរាល់​ថ្ងៃ​គាត់​តែង​ចេញទៅ​លក់ដូរ​ដោយ​ទុក​កូនស្រី​គាត់​នៅ​បន្ទប់​ជួល​ម្នាក់​ឯង។ គាត់​មិនដែល​ចាប់​អារម្មរណ៍​ថា​ កូនស្រី​របស់​គាត់​មានបញ្ហា​អ្វី​ឡើយ​ ព្រោះ​កូន​ស្រី​របស់​គាត់​មិនដែល​និយាយ​ប្រាប់​គាត់។

ប៉ុន្តែ​តាម​កូនស្រី​របស់​គាត់​ដែល​ទើប​និយាយ​ប្រាប់​ នៅ​អំឡុង​ខែ​តុលា​នោះ ​ក៏មាន​បុរស​ម្នាក់ ​(ជន​សង្ស័យ)​ ហៅ​ក្មេង​រង​គ្រោះ​ឱ្យចូល​ទៅ​អង្គុយ​លេង​ក្នុង​បន្ទប់​គេ​ព្រោះថា​ រវាង​បន្ទប់​ក្មេង​រងគ្រោះ ​និង​បន្ទប់​របស់​ជន​សង្ស័យ​នៅ​ក្បែរគ្នា។

ពេល​ដែល​ក្មេង​រងគ្រោះ​អង្គុយ​លេង ​ក៏ត្រូវ​បាន​ជនសង្ស័យ​បិទ​ទ្វារ ​រួច​ខ្ទាស់​គន្លឹះ​ទ្វារ​ជាប់​ ក្នុង​បំណង​មិន​ឲ្យក្មេងរង​គ្រោះ​ចេញ​ពី​បន្ទប់​បាន។ ជន​សង្ស័យ​បានធ្វើ​សកម្មភាព​ចាប់​ឱប​ស្ទាប​ខ្លួន​ក្មេង ​ចាប់រំលោភ​រហូតបាន​សម្រេច​ ហើយ​សម្លុត​គំរាម​ប្រសិនបើ​យក​រឿងនេះ​ទៅ​និយាយ​ប្រាប់​នរណា ​គឺ​ជនសង្ស័យ​នឹង​សម្លាប់​ចោល។

លោក​បន្ត​ទៀត​ថា ​ជនសង្ស័យ​តែងតែ​ធ្វើ​សកម្មភាព​ចាប់​ក្មេង​រងគ្រោះ​រំលោភ​ជារឿយៗ​ នៅពេល​ដែល​ម្តាយ​នាង​ចេញ​ទៅ​លក់​ដូរ។ ក្រោយ​មក​ម្តាយ​ក្មេង​រងគ្រោះ​បានយក​នាង​ទៅនៅ​ជាមួយ​យាយ​ ឯ​ស្រុក​កំណើត​ ដែលនៅ​ពេល​នោះ ​ជី​ដូន​របស់​ក្មេងស្រី​រងគ្រោះ ​សម្គាល់​ឃើញ​ចៅស្រី​របស់​គាត់​ មាន​អាការៈ​ខុស​ប្លែក​ពី​ក្មេង​ដទៃ ​ព្រោះ​មាន​ធំ​ពោះ។

ពេល​នោះ​ស្រ្តី​ជាជីដូន​បាន​ហៅ​ក្មេងស្រី​រងគ្រោះ​សួរ​នាំ ​ហើយ​នាង​បានរៀប​រាប់​ប្រាប់​តាម​ដំណើររឿង ​ទើប​ដឹងថា​ ក្មេង​ស្រី​រង​គ្រោះ​ត្រូវបាន​ជនសង្ស័យ​ចាប់​រំលោភ​រហូត​មាន​ផ្ទៃ​ពោះ។

បើ​តាម​មន្ត្រី​នគរបាល​រូបនេះ ​នៅ​ថ្ងៃទី ២៥ ​ខែ ឧសភា ឆ្នាំ ២០២១​ ទើប​យាយ​របស់​ក្មេង​ស្រី​រងគ្រោះ​ទូរស័ព្ទ​ប្រាប់​ម្តាយ​ក្មេង​រងគ្រោះ​អំពី​ករណី​នេះ។ ម្តាយ​ក្មេងស្រី​ក៏បាន​ទៅយក​នាង​ពី​ស្រុក​កំណើត​មក​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោមចៅ១​ ហើយ​សមត្ថកិច្ច​របស់​លោក​បានហៅ​ជនសង្ស័យ​សាកសួរ​នៅថ្ងៃ​ទី ២៥ ​ឧសភា។

ដោយ​យោង​លើ​ការអះអាង​របស់​ក្មេង​ស្រី​រងគ្រោះ ​និង​ចម្លើយ​របស់​ជនសង្ស័យ​ស៊ីចង្វាក់​គ្នា ​ទើប​លោក​សម្រេច​ឃាត់​ខ្លួន​តែ​ម្តង៕