ភ្នំពេញៈ បុរសអាយុ ៣៧ ឆ្នាំជាសន្តិសុខឯកជនម្នាក់ត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់កាលពីម្សិលមិញនៅមុខធនាគារពាណិជ្ជលើផ្លូវមុនីរ៉េតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌបឹងកេងកងក្នុងរាជធានីភ្នំពេញ ខណៈជនសង្ស័យត្រូវបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
លោក សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា បុរសរងគ្រោះឈ្មោះ ប៊ុន សុខចំរើន អាយុ ៣៧ ឆ្នាំជាសន្តិសុខឯកជនបម្រើការនៅក្នុងក្រុមហ៊ុនសន្តិសុខឈ្មោះ សេគ្យូរីធី (CSC) ត្រូវជនដៃដល់ចាក់សម្លាប់ជាច្រើនកាំបិតនៅត្រង់ពោះដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោក លី ថ្លែងថា៖ «យ៉ាងណាសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតបញ្ហានេះ។ រឿងនេះសមត្ថកិច្ចនឹងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនល្មើស»។
លោក លី បានអះអាងថា នៅពេលដែលលោកបានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យបានរកឃើញនៅលើដងខ្លួនរបស់បុរសរងគ្រោះមានស្នាមចាក់នឹងកូនកាំបិតដែលមានសញ្ញារូបក្រពើហើយជនរងគ្រោះដួលដេកស្លាប់ទាំងសម្លៀកបំពាក់ជាឯកសណ្ឋានសន្តិសុខឯកជននៅលើកម្រាលឥដ្ឋដែលមានឈាមជោកខ្លួន។ នៅជុំវិញសាកសពក្បែរកន្លែងកើតហេតុឃើញមានដងកាំបិតចំនួនមួយ។
លោក ឆេង លាង នាយរងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី ២ បានឲ្យដឹងដែរថា ជនរងគ្រោះត្រូវបានជនសង្ស័យចាក់សម្លាប់នៅម៉ោងប្រមាណជាជាង ៦ ព្រឹកថ្ងៃទី ១៩ មីនាដែលនៅលើអាវរបស់ជនរងគ្រោះមានស្លាកសរសេរថា Security (CSC) ដែលបញ្ជាក់ថា ជនរងគ្រោះបម្រើការនៅក្រុមហ៊ុនសន្តិសុខឯកជន។
បើតាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ធ្វើការជាសន្តិសុខឯកជនមួយ ប៉ុន្តែគាត់មិនដឹងថាក្រុមហ៊ុនឯកជនដែលប្តីគាត់ធ្វើការនោះនៅកន្លែងណាទេ។ ក្នុងពេលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជននេះគាត់មិនបានដឹងថាប្តីរបស់គាត់មានគំនុំជាមួយអ្នកណាខ្លះទេ ប៉ុន្តែប្តីគាត់នៅផ្ទះគឺមានចរិតស្លូតបូតណាស់។ នៅមុនពេលកើតហេតុម៉ោងជាង ៥ ព្រឹកថ្ងៃទី ១៩ មីនាប្តីរបស់គាត់បានជិះម៉ូតូ ១ គ្រឿងឌុបគ្នាជាមួយអ៊ុំប្រុសរបស់គាត់មកយាមដូចសព្វមួយដង។
លោក លាង ថ្លែងថាជនរងគ្រោះយាមនៅធនាគារភ្នំពេញពាណិជ្ជស្ថិតនៅផ្ទះលេខ ៧៨ ផ្លូវមុនីរ៉េត ក្រុមទី ៣៩ ភូមិ ៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែលត្រូវបានជនសង្ស័យចាក់ស្លាប់នៅមុខធនាគារតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកសាកសពតាមរថយន្តពេទ្យទៅវត្តចង្ក្រានតាព្រហ្មហៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច័យ។
លោកថ្លែងថា៖ «ចំពោះសកម្មភាពរបស់ជនសង្ស័យសម្លាប់ជនរងគ្រោះនោះសមត្ថកិច្ចនឹងធ្វើការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែមទៀត»។ លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យជំនាញផ្នែកឯកទេសកោសល្យវិច័យសាកសពរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជនរងគ្រោះត្រូវចាក់នឹងកាំបិតចំនួន ៣ កន្លែងដើមទ្រូង ២ កន្លែង និងពោះ ១ កន្លែង៕