ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ដែល​បាន​ចាក់​សម្លាប់​ស្រី​កំណាន់​របស់​ខ្លួន​ស្លាប់ ហើយ​អារក​សម្លាប់ខ្លួន​ជា​ក្រោយ​ ប៉ុន្តែ​មិន​ស្លាប់​កាលពី​យប់​ថ្ងៃទី​ ៣ ​កញ្ញា​នៅ​បុរី​លឹមឈាងហាក់​ចំការដូង​នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ក្រោយពី​គ្រូពេទ្យ​ព្យាបាល​របួស​ជាសះស្បើយ​។

លោក ជីម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ​ថ្លែង​ពី​ម្សិលមិញ​ថា នេះ​ជា​ករណី​ប្រចណ្ឌ​ហើយ​ជនសង្ស័យ​ឈ្មោះ ឯក ឌៀវវន្ថា អាយុ​ ៤៧ ​ឆ្នាំ​រស់នៅ​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រីឯ​នារី​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ វង្ស ម៉ាលីនដា អាយុ​ ២៧ ​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​អ្នក​លឿង​ខេត្តព្រៃវែង​។

លោក​បន្តថា ករណី​ជនសង្ស័យ​ម្នាក់នេះ​កម្លាំង​សមត្ថកិច្ច​របស់​លោក​កំពុង​តែ​យាមកាម​ដើម្បី​ការពារ​សុវត្ថិភាព​ឲ្យ​ជនសង្ស័យ ខណៈ​ក្រុមគ្រូពេទ្យ​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការព្យាបាល​។ ចំពោះ​របួស​របស់គាត់​ដែល​គាត់​បង្ក​ដោយ​ខ្លួនឯង​អារក​ប៉ុនប៉ង​សម្លាប់ខ្លួន​នោះ​បាន​ធូរស្បើយ​ខ្លះ​ហើយ ហើយ​នៅពេល​ជនសង្ស័យ​ជាសះស្បើយ​ពីរបួស សមត្ថកិច្ច​នឹង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ «​ប៉ុន្តែ​សំណុំរឿង​របស់​គាត់ ខ្ញុំ​បាន​បញ្ជូន​ដល់​អយ្យការ​ហើយ​»​។

បើ​តាម​មន្ត្រី​នគរបាល​ខណ្ឌដង្កោ សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយរូប​ប្រាប់​ថា ករណីនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​ ៣ ខែ​កញ្ញា ឆ្នាំ​ ២០២០ នៅ​បុរី លឹម ឈាងហាក់ ដោយ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​នារី​រងគ្រោះ និង​ប្អូនប្រុស​របស់​នាង​ឈ្មោះ​ វង្ស សរីរតនៈ អាយុ ២៣ ​ឆ្នាំ ​បើក​ម៉ូតូកង់​ ៣ ដឹក​នារី​រងគ្រោះ​មក​ប្រមូល​អីវ៉ាន់​របស់ខ្លួន​នៅផ្ទះ​ជួល​ក្នុង​បុរី​ លឹម ឈាងហាក់​។

បន្ទាប់ពី​នារី​រងគ្រោះ រើ​អីវ៉ាន់​ដាក់​លើ​ម៉ូតូកង់​ ៣​ ហើយ ក៏​រៀបចំ​តុ​ដើម្បី​ជុំគ្នា​ហូប​អាហារ​ជាមួយ​ជនសង្ស័យ​ឈ្មោះ​ ឯក ឌៀវវន្ថា ដែល​ពួកគេ​បាន​ស្រឡាញ់​គ្នា​ប្រមាណ​ជា​ ១០ ​ឆ្នាំ​មកហើយ​។ ពេល​ពួកគេ​កំពុង​ហូប​អាហារ​នោះ ស្រាប់តែ​ជនសង្ស័យ និង​នារី​រងគ្រោះ​មាន​ទំនាស់​គ្នា​ដែល​ជនសង្ស័យ​បាន​យក​កាំបិត​ចិតបន្លែ​ចាក់​នារី​រងគ្រោះ​ប្រមាណ​ជា​ពី​ ៤ ​ទៅ​ ៥ ​កាំបិត​ចំ​ដើមទ្រូង​រហូត​ស្លាប់​នៅ​កន្លែង​កើតហេតុ​បន្ទាប់មក​ជនសង្ស័យ​បាន​យក​កាំបិត​ដែល​គាត់​ចាក់​នារី​រងគ្រោះ​នោះ​ទៅ​អា​រក​ប៉ង​សម្លាប់​ខ្លួន​តែ​មិន​ស្លាប់​។

បើតាម​លោក ជីម ស៊ីថា នៅពេល​ដែល​ជនសង្ស័យ​មាន​ជម្លោះ​ហើយ​ចាក់​សម្លាប់​នារី​រងគ្រោះ ហើយ​អារក​សម្លាប់​ខ្លួនឯង ប្អូនប្រុស​នារី​រងគ្រោះ​ក៏បាន​ស្រែក​ឆោឡោ​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ផងដែរ ប៉ុន្តែ​ជួយ​មិនទាន់​។

លោក អំ សំអាត នាយករង​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បើតាម​ការអង្កេត​របស់​លោក​ឃើញថា ករណី​អំពើ​ឃាតកម្ម​ដែល​មាន​ចរិត​ឃោរឃៅ​បែបនេះ​គឺ​បាន​កើតឡើង​ជាច្រើន​នៅក្នុង​រយៈពេល​ប្រហែល​ជា​ ១ ​ខែ​កន្លង​មក​នេះ​​ក្នុង​នោះ​មាន​ករណី​រំលោភ​សម្លាប់ ករណី​ប្រពន្ធ​សម្លាប់​ប្តី ប្តី​សម្លាប់​ប្រពន្ធ កូន​សម្លាប់​ម្តាយ​ ឬ​ឪពុក​ ឬ​គូស្នេហ៍​សម្លាប់​គ្នា​ជា​បន្តបន្ទាប់​។ ករណី​ទាំងនេះ​ជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​នៅតែ​បន្ត​កើតមានឡើង​ និង​គួរ​ឲ្យ​ព្រួយបារម្ភ​។

លោក​បន្តថា ទង្វើ​បែបនេះ​ប្រសិន​បើ​អ្នកពាក់ព័ន្ធ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ទេនោះ វា​អាច​នឹង​បង្ក​ឲ្យ​កើតមាន​បទល្មើស​នេះ​បន្តទៅទៀត​។ ហេតុផល​ដែល​លោក​មើលឃើញ​គឺ​ទី​១- ​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង បញ្ហា​ប្រចណ្ឌ​រួម​នឹង​បញ្ហា​សីលធម៌​សង្គម​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។

បញ្ហា​ទី​ ២ ​គឺ​ទាក់ទង​នឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ចំពោះ​ច្បាប់​ហើយ​នឹង​ការអនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ដែល​ទាំងនេះ​​ គឺជា​បច្ច័យ​រួមផ្សំ​គ្នា​ក្នុង​ការបង្កើត​ឲ្យ​មាន​បទល្មើស​។

លោក សំអាត ​បាន​បញ្ជាក់ថា​៖ «​កង្វះ​នៃ​ការអប់រំ​ផ្នែក​សីលធម៌​ផ្នែក​ច្បាប់​នេះ គឺជា​កត្តា​សំខាន់​ដែល​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​បាន​យល់ដឹង​»៕