ខេត្តព្រះសីហនុៈ បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​យប់​ថ្ងៃ​ពុធ ទី​ ២៩ ខែ​សីហា​តាម​សំណើ​របស់​ការិយាល័យ​សន្តិសុខ​តំបន់ Regional Security Office (RSO) របស់​សហរដ្ឋ​អាមេរិក ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ម្នាក់​នៅ​សហរដ្ឋអាមេរិក ហើយ​គេច​ខ្លួន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​លិខិត​ស្នើសុំ​កិច្ចសហការ​របស់​ការិយាល័យ RSO ដែល​ផ្ញើ​ទៅកាន់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​ ២៣ ខែ​សីហា​បាន​ឲ្យ​ដឹងថា ជនជាតិ​អាមេរិកាំង​រូប​នេះ​មាន​ឈ្មោះ William David Brenner អាយុ​ ៦៣ ​ឆ្នាំ​ជា​ពលរដ្ឋ​អាមេរិក​កើត​នៅ​ទីក្រុង ហ៊ូសតុន រដ្ឋ​តិចសាស​។ ជន​នេះ​ស្ថិត​នៅ​ក្រោម​ការ​ស្វែងរក​ចាប់​ខ្លួន​ដោយ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ម្នាក់​ជា​បន្តបន្ទាប់​។

យោង​តាម​លិខិត​របស់​ការិយាល័យ RSO បាន​ឲ្យ​ដឹង​ថា​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​មោឃភាព​លិខិត​ឆ្លងដែន​របស់​ជនសង្ស័យ William ដើម្បី​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចោទប្រកាន់​ និង​ចាប់ខ្លួន​ជន​នេះ​ពី​បទ​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​។

ការិយាល័យ ROS បាន​ថ្លែង​ថា​ពួកគេ​នឹង​បញ្ជូន​ជននេះ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ទទួល​នូវ​ការផ្តន្ទាទោស​នៅ​សហរដ្ឋអាមេរិក​។

លោក អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ William នេះ​កំពុង​ត្រូវ​បាន​សាកសួរ​ដោយ​ប៉ូលិស​អន្តោប្រវេសន៍​នៅ​នាយកដ្ឋាន​របស់​លោក ប៉ុន្តែ​មិន​ទាន់​បាន​ចម្លើយ​នៅ​ឡើយ​ដោយសារ​ជន​នេះ​មាន​បញ្ហា​សុខភាព ហើយ​បដិសេធ​មិន​និយាយ​ជាមួយ​ប៉ូលិស​។

លោក​បាន​ថ្លែង​ថា​៖ «​គាត់​មាន​បញ្ហា​​សុខភាព ដូច្នេះ​យើង​មិន​ទាន់​បាន​ចម្លើយ​អ្វី​ទេ​។ យើង​ទុក​គាត់​នៅ​ទី​នេះ ហើយ​បន្ត​សាកសួរ​ទៀត​»​។

លោក​បាន​បន្ថែម​ថា ប៉ូលិស​សហរដ្ឋអាមេរិក​នឹង​មក​យក​ជនសង្ស័យ​យ៉ាង​យូរ​ក្នុង​រយៈពេល ១ ​សប្តាហ៍​។ ប៉ុន្តែ​លោក​ផ្ទាល់​មិន​ទាន់​ដឹងថា​តើ​ជន​នេះ​បាន​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​ពី​ពេល​ណា​ទេ​ដោយសារ​លោក​មិន​ទាន់​បានឃើញ​លិខិត​ឆ្លងដែន​របស់​គាត់​នៅ​ឡើយ​។

លោក​ថ្លែង​ថា​ជន​នេះ​មិន​មាន​មុខរបរ​អ្វី​ពិតប្រាកដ​ទេ​នៅ​ខេត្ត​ព្រះសីហនុ ក្រៅពី​ដើរ​លេង​ល្បែង​។ លោក​បាន​និយាយ​ថា​៖ «​គាត់​គ្មាន​ការងារ​អី​ទេ មាន​តែ​លេងល្បែង ចាក់បាល់ ព្រោះ​គាត់​លាក់​ខ្លួន​»៕