ភ្នំពេញៈ អយ្យ​ការ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​បុរស​ជា​ឪពុក​ចុង​ម្នាក់ ​បន្ទាប់​ពី​នគរបាល​ខណ្ឌ​កំបូល​ចាប់​បញ្ជូន​ដល់​តុលាការ​ប៉ុន្មាន​ម៉ោង​ ​ពាក់​ព័ន្ធ​ចាប់​កូន​ស្រី​ចុង​របស់​ខ្លួន​អាយុ​ ១២​ ឆ្នាំ​ រំលោភ​បា​ន​សម្រេច​ជិត​ ១០ ​ដង​ នៅ​បន្ទប់​ជួល​ក្នុង​ខណ្ឌ​កំ​បូល​រាជ​ធានី​ភ្នំ​ពេញ ​ប្រព្រឹត្ត​អំឡុង​ដើម​ខែ​មករា​ ​ដល់​ខែ​ឧសភា​ ឆ្នាំ​ ២០២១​។

​លោ​ក ​ប្លង់​ ​សុផល​ ​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រាប់​ ភ្នំ​ពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃ​ទី​ ២៥​ ឧសភា​ថា​ ​​ជនត្រូវចោទ ​ឈ្មោះ ​ចក់​ ​ជើត​ អាយុ​ ៤៥​​ ឆ្នាំ ​ត្រូវ​បាន​តំណាង​អយ្យា​ការ​ចោទ​ប្រ​កាន់​ ​និង​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ហើយ​ពាក់​ព័ន្ធ​ករណី​រំលោភ​សេព​សន្ថវៈ​លើកូ​ន​ស្រី​ចុង​គាត់​។​

លោក​ប្រាប់​ថា​៖ ​«​រឿង​នេះ​ព្រះ​រាជ​អាជ្ញា​រង​តំ​ណាង​អយ្យ​ការ​សម្រេច​ចោទ​ប​ទ​រួម​ភេទ​ជា​មួយ​អនី​តិ​ជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ ​និង​អំ​ពើ​ធ្វើ​អា​ជីវកម្ម​ផ្លូវ​ភេទ​»​។

​ពាក់​ព័ន្ធ​បទ​ចោទ​នេះ ​ប្រ​សិន​បើ​តុលាការ​រក​ឃើញ​ថា​ ជន​ត្រូវ​ចោទ​ពិត​ជា​បាន​ប្រ​ព្រឹត្ត​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​ពី ​៥ ​ទៅ ១​០​ ​ឆ្នាំ។

បើ​តាម​លោក​ ​ឈឹម​ ​សា​វុធ​ ​អធិការ​រង​នគរ​បាល​ខណ្ឌ​កំបូល​ទទួល​ផែន​ការ​ងារ​ព្រហ្ម​ទណ្ឌ​ ​ឱ្យ​ដឹ​ង​នៅ​រសៀល​ថ្ងៃ​ទី ២៥ ​ឧសភា​ ដែរ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ចក់​ ​ជើត​ មាន ​ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​កំ​រៀង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជ​ធា​នី​​ភ្នំ​ពេញ ​ត្រូវ​សមត្ថ​កិច្ច​របស់​លោក​ឃាត់​ខ្លួន​ជន​សង្ស័យ​ កាល​ពី​រសៀល​ថ្ងៃ​ទី​ ២២​ ​ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ ក្រោយ ​ពី​ឪពុក​បង្កើត​របស់​ក្មេង​រង​គ្រោះ​ប្តឹង ​និង​មាន​ការ​អនុ​ញ្ញាត​ពី​លោក​ សាយ​ ណូ​រ៉ា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ​។ ​រី​ឯ​ក្មេង​ស្រី​មាន​អាយុ​ ១២ ​ឆ្នាំ​។

លោក​បន្ត​ថា ​ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​សារ​ភាព​ថា​​គាត់​បាន​រំលោភ​កូន​ស្រី​ចុង​របស់​គាត់​បាន​ពី​ ៥​ ទៅ​ ៦ ដង​ប៉ុណ្ណោះ។​ ប៉ុន្តែ​បើ​តាម​ការ​សាក​សួរ​ទៅ​ក្មេង​ស្រី​រង​គ្រោះ​វិញ​ថា ​ជន​សង្ស័យ​បាន​ចាប់​រំលោភ​នាង​ជិត​ ១០​ ដង​។

លោក​បាន​រៀប​រាប់​តាម​សម្តី​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ថា ​នៅ​ក្នុង​អំឡុង​ដើម​ខែ​មេសា​ ឆ្នាំ​ ២០២១​ ពេល​គាត់​ (​ម្តាយ​បង្កើត​ក្មេង​ស្រី​រង​គ្រោះ) ​​ទៅ​រក​ស៊ី​បាត់ៗ​គាត់​បាន​ទុក​កូន ​(​ក្មេង​រង​គ្រោះ)​​ ឱ្យ​នៅ​ជា​មួយ​ជន​សង្ស័យ​ជា​ឪពុក​ចុង​។ ​លុះ​ឃើញ​កូន​របស់​គាត់​ ​កំពុង​ដេក​លើ​គ្រែ​ ម្នាក់​ឯង​ជន​សង្ស័យ​បាន​លួង​លោម​ចាប់​ឱប​ថើប​ ហើយ​ដេក​ពោប​ពី​លើ​កូន​របស់​គាត់​ដោយ​គំរាម​សម្លាប់​បើ​ហ៊ាន​ស្រែក​ឲ្យ​គេ​ដឹង​ ។

លោក​បន្ត​ថា​ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​បា​ន​សម្រេច​ម្តង​ហើយ​ជន​សង្ស័យ​ ​គំរាម​ក្មេង​ស្រី​រង​គ្រោះ​មិន​ឱ្យ​ប្រាប់​រឿង​នេះ​ទៅ​គាត់​ជា​ម្តាយ​បង្កើត​ឡើយ​។​ ជន​សង្ស័យ​បាន​ធ្វើ​ទៅ​លើ​កូន​របស់​គាត់​ជិត ​១០​ដង​ នៅ​រាល់​ពេល​គាត់​មិន​នៅ​ផ្ទះ​។​​

លោក​អធិការ​រង​បន្ថែម​ថា​ រឿង​នេះ​ត្រូវបែក​ការណ៍​ក្រោយ​ពី​ក្មេង​រង​គ្រោះ​ទៅ​លេង​ផ្ទះ​ម្តាយ​មីង ​(​ខាង​ម្តាយ​បង្កើត​នៅ​ខេត្ត​តា​កែវ​)​​ ដោ​យ​សារ​ក្មេង​រង​គ្រោះ​ប្រាប់​ម្តាយ​មីង​បង្កើត​នាង​ថា ​ឪពុក​ចុង​​បាន​ចាប់​នាង​រំលោភ។​​ ក្រោយ​ពី​ក្មេង​រង​គ្រោះ​ប្រាប់​ហើយ​នោះ​ស្រ្តី​ជា​​ម្តាយ​មីង​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ឳ​ពុក​បង្កើត​ក្មេង​ស្រី​រង​គ្រោះ​ ​និង​ដឹក​ក្មេង​ស្រី​ងរ​គ្រោះ​មក​ដាក់​ពាក្យ​ប្តឹង​ជន​សង្ស័យ​ជា​ឪពុក​ចុង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​​៕