ភ្នំពេញៈ ​ជនសង្ស័យ​ជា​ជនជាតិ​អាហ្រ្វិកខាងត្បូង​ម្នាក់ និង​នារី​ជា​ស្រីស្នេហ៍​ជនជាតិខ្មែរ​ ត្រូវបាន​មន្ត្រី​កងរាជ​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ចាប់ប​ញ្ជូន ទៅ​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ ​ពីម្សិលមិញ ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ ពាក់ព័ន្ធ​នឹងករណី​ឆបោក​តាម​ទំនាក់ទំនង​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក (Facebook)​កាលពី​ថ្ងៃទី ១៥ ​ខែ មិថុនា ​ឆ្នាំ​ ២០១៩ កន្លង​ទៅ​នេះ។

លោក​ អេង ហ៊ី ​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីម្សិលមិញ​ យ៉ាងខ្លី​ថា ​មន្ត្រី​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ជា​អ្នក​ធ្វើការ​លើ​រឿងនេះ ​ដោយ​បាន បញ្ជូនជន ទាំង ២ ទៅ​តុលាការ​រួចរាល់​ហើយ ​ប៉ុន្ដែ​លោក​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ខាងលើ​នេះ។

បើតាម​គេហទំព័រ​ហ្វេស​ប៊ុក ​របស់កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចេញផ្សាយកាលពី​ម្សិលមិញ ​បានបង្ហាញថា ​ជន​សង្ស័យ​ ឈ្មោះ ​NWOSU MARTINS អាយុ​ ៣១ ឆ្នាំ ​ជនជាតិ​អាហ្រ្វិក​ខាងត្បូង ​និង​ស្រី​ស្នេហ៍​ ឈ្មោះ​ កាន ឡានីន​ ហៅ​ស្រីអូន​ អាយុ ៣៥ ឆ្នាំ ​ជនជាតិ​ខ្មែរ ​បាន​បង្កើត​អា​ខោន ហ្វេស​ប៊ុក​ក្លែងបន្លំ ​ទំនាក់ទំនង​មក​ជនរងគ្រោះ​ឲ្យ​ទុកចិត្ត ​និង​សន្យា​ផ្ញើ​លុយ​មក​ជន​រងគ្រោះ។

បន្ទាប់​មក​ប្រើ​ល្បិច​ឲ្យ​ជនរង​គ្រោះ​ចេញ​ថ្លៃ​សេវា ​និង​ពន្ធ​ផ្សេងៗ ​ដោយ​ផ្ញើ​តាម​វី​ង ឬ​ទ្រូ​ម៉ានី​ជា​បន្ត​បន្ទាប់​ចំនួន ៣ លើក ​(លើក​ទី១ ​ចំនួន​ ៥៥០ ដុល្លារ​ លើក​ទី២​ ចំនួន​ ៥,៣០០ ដុល្លារ​ និង​លើក​ទី៣ ​ចំនួន​ ៤,៧០០ ​ដុល្លារ​អាមេរិក)។

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បន្តថា​ ដោយមាន​ការសង្ស័យ ​ជនរងគ្រោះ​បានដាក់​ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជ​ធា​នី​ភ្នំពេញ។ ក្រោយពេល​ទទួល​ពាក្យបណ្តឹង ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​ រហូត​ឈានទៅ​កំណត់​មុខសញ្ញា ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាក់ស្តែង ​នៅ​ថ្ងៃទី ១១ ​ខែ ​មិថុនា ​ឆ្នាំ ២០១៩ ​ព្រមទាំង​បាន​ស្រាវជ្រាវ​ឃើញថា​ ជនសង្ស័យ​ខាងលើ ​គឺ​ធ្លាប់បាន​ប្រើល្បិច​បោកប្រាស់​ជនរងគ្រោះ​អស់​ជាច្រើន​រយ​នាក់​មក​ហើយ ។

លោក ​រ័ត្ន ស៊្រាង ​មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គេហទំព័រ​ហ្វេស​ប៊ុក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដក​ស្រង់​សម្ដី​ថា​៖ «គេ​អាច​បោក​យើង​បាន​នៅពេលណា​ដែល យើង​មានចិត្ត​លោភលន់​ក្នុង​ខ្លួន។ ដូច្នេះ​ខ្ញុំ​សូម​យក​មេរៀន​នេះ​ អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ សូមមេត្តា​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់»។

លោក​បានបន្តថា ​កុំ​មានចិត្ត​លោភលន់ ​កុំ​ត្រេកត្រអាល​ជាមួយ​រង្វាន់ ​ឬ​អំណោយ​ដែល​គ្មាន​ប្រភព ​គ្មាន​ប្រ​វត្តិ​ច្បាស់​លាស់​ និង​ត្រូវ​ចងចាំ​ថា​ គ្មានអ្វី ​ដែលបានមក​ដោយ​ងាយស្រួល​ ដោយ​មិនបាន​ប្រឹងប្រែង​ចំណាយ​កម្លាំង​ញើស​ឈាមរ​កវា​នោះ​ទេ។ សូម​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ ​មុន​ជឿ​ទៅលើ​អ្វីមួយ​ ចៀសវាង​ចាញ់បោក ​ចាញ់​ការ​លួងលោម​របស់​ជន​បោក​ប្រាស់​ទាំង​នេះ។

លោក​ អីុ រិន្ទ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករ​ណី​នេះ​ ដោយ​បង្វែរ​សំណួរ​ឲ្យ​ទៅសួរ​ព្រះរាជ​អាជ្ញារង ​លោក ​លី សុផាណា​ វិញ។

ប៉ុន្ដែ​លោក ​លី សុ​ផា​ណា ​អ្នកនាំពាក្យអយ្យការ និង​ជា​ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​ទើបតែ​ទទួលបាន​តំណែង​ជា​ព្រះ​រាជអា​ជ្ញា​នៅ​សាលាឧទ្ធរណ៍​នោះ ​កាលពី​ម្សិលមិញ ​ភ្នំុពេញប៉ុ​ស្តិ៍​នៅមិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​ឆបោក​នេះ​បាន​ទេ៕