ភ្នំពេញ/កំពង់ឆ្នាំងៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរស ២ នាក់ដាក់ពន្ធនាគារព្រៃសកាលពីថ្ងៃទី ២៣ ខែឧសភា ពាក់ព័ន្ធការជួញដូរគ្រឿងញៀនមេតំហ្វេតាមីនជិត ៤ គីឡូក្រាម ខណៈសាលាដំបូងខេត្តកំពង់ឆ្នាំងក៏ឃុំខ្លួនបុរសចំនួន ២០ នាក់នៅពន្ធនាគារពាក់ព័ន្ធនឹងគ្រឿងញៀន ៣ កញ្ចប់តូច។
លោកឧត្តមសេនីយ៍ អ៊ិន សុង នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀនថ្លែងពីម្សិលមិញថា ឈ្មោះ ហេង សុថានិត ភេទប្រុស អាយុ ២៨ ឆ្នាំ និង សេង ជែមជីមី ភេទប្រុស អាយុ ២៤ ឆ្នាំត្រូវអយ្យការអមសាលាដំបូងរាជធានីចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារព្រៃស។ ជនទាំង ២ នាក់ត្រូវចោទពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀនជិត ៤ គីឡូក្រាម «តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន»។
បើតាមលោក អ៊ិន សុង ការចាប់ខ្លួនជនទាំង ២ នាក់ធ្វើឡើងនៅ ៣ ទីតាំងដោយទីតាំងទី ១ នៅចំណុចផ្លូវជាតិលេខ ៤ ក្នុងភូមិចំបក់ ឃុំវល្លិ ស ស្រុកសំរោងទងកាលពីថ្ងៃទី ១៨ ខែឧសភា ដោយរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ៤១១,៥៦ ក្រាម។ ទីតាំងទី ២ ធ្វើឡើងម៉ោង ១៧ និង ១០ នាទី ថ្ងៃទី ២០ ខែឧសភា នៅចំណុចផ្ទះគ្មានលេខ ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមនដោយឃាត់ខ្លួនជនសង្ស័យ សេង ជែមជីមី និងដកហូតបានថ្នាំញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ៣,២៦៧០៦ ក្រាមអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១៧,៥០ ក្រាមព្រមទាំងឧបករណ៍គាបថង់ថ្នាំញៀន ១ គ្រឿង និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។ ទីតាំងទី ៣ ធ្វើឡើងកាលពីថ្ងៃទី ២២ ខែឧសភាដោយសមត្ថកិច្ចបាននាំខ្លួនពួកគេ មកចង្អុលបង្ហាញគ្រឿងញៀននៅទីតាំងមួយផ្សេងទៀតនៅភ្នំពេញដោយរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២៥១,៦៨ ក្រាមបន្ថែមទៀត។ សរុបទាំង ៣ គោលដៅ សមត្ថកិច្ចចាប់បានជនសង្ស័យ ២ នាក់ និងដកហូតបានគ្រឿងញៀនសរុប ៣ គីឡូក្រាម និង ៥៣៦,២៤ ក្រាម។
រឿងដាច់ដោយឡែកមួយទៀតលោក ឃឹម សុជាតិ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំងឲ្យដឹងពីម្សិលមិញដែរថា ជន ២០ នាក់ដែលសមត្ថកិច្ចរបស់លោកចាប់ខ្លួនបានកាលពីថ្ងៃទី ២២ ឧសភាត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចោទប្រកាន់ និងឃុំខ្លួនពួកគេនៅពន្ធនាគារខេត្តកាលពីថ្ងៃទី ២៣ ខែឧសភា។ ពួកគេសុទ្ធតែមនុស្សប្រុស ហើយត្រូវព្រះរាជអាជ្ញាចោទពីបទប្រើប្រាស់ និងជួញដូរគ្រឿងញៀនតាមមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ហើយបន្ទាប់មកចៅក្រមឯកភាព និងបញ្ជាឲ្យបញ្ជូនទៅឃុំខ្លួនតែម្តង។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថា ពួកគេប៉ុន្មាននាក់ត្រូវចោទពីបទជួញដូរ និងប៉ុន្មាននាក់ត្រូវចោទពីបទប្រើប្រាស់គ្រឿងញៀនទេ។ តែខ្ញុំដឹងថា ពួកគេត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារអស់ហើយ»។
ជនទាំងនេះត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ២០ និង ២២ ឧសភា នៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដោយរឹបអូសគ្រឿងញៀនមេតំហ្វេតាមីន ៣ កញ្ចប់តូច៕