ភ្នំពេញៈ បុរសជាកម្មករសំណង់ ២ នាក់បានស្លាប់ ក្នុងពេលដែលកំពុងលូនចូលទៅក្នុងលូបង្ហូរទឹកស្អុយ ដើម្បីតាមចាប់សត្វទា ១ ក្បាល កាលពីរសៀលថ្ងៃទី ៤ ខែមេសា នៅភូមិត្រពាំងវៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចថប់ខ្យល់ស្លាប់ព្រោះក្នុងលូនោះគ្មានទឹកទេ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងកាលពីម្សិលមិញថា បុរសទាំង ២ នោះឈ្មោះ អៀង ចាន់អាន អាយុ ២៦ ឆ្នាំ ជាកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ ផាន់ សីហា ភេទប្រុស អាយុ ២៤ ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកប្រាប់ថា៖ «នៅក្នុងលូនោះគ្មានទឹកស្អុយទេហើយពួកគាត់ស្លាប់អាចមកពីថប់ដង្ហើមដោយសារគ្មានខ្យល់»។
តាមរបាយការណ៍សមត្ថកិច្ចដែលស្រង់តាមសម្តីសាក្សីថា នៅវេលាម៉ោង ២ រសៀលថ្ងៃទី ៤ ខែមេសាបុរសទាំង ២ នោះបានលូនចូលក្នុងលូជាបន្តបន្ទាប់គ្នាដើម្បីដេញសត្វទា ១ ក្បាលក្រោយពីសត្វទានោះបានរត់ចូលក្នុងលូទឹកស្អុយនៅទីនោះ។
ពេលនោះបុរសទី ១ ចូលទៅក្នុងលូអស់ពេលជាយូរហើយមិនឃើញចេញមកវិញស្រាប់តែបុរសទី ២ លូនចូលតាម ហើយក៏បាត់ទាំង ២ នាក់ទៅ។
របាយការណ៍បង្ហាញបន្តថា គ្រានោះស្ត្រីជាប្រពន្ធជនរងគ្រោះទី ១ ដែលអង្គុយចាំប្តីនៅមាត់លូមិនឃើញប្តីរបស់ខ្លួនចេញមកក្រៅវិញហើយបាត់ទាំងជនទី ២ ទៀតនោះបានភ័យ រត់ទៅប្រាប់អ្នកភូមិក្រោយមកអ្នកភូមិបានប្តឹងទៅសមត្ថកិច្ច។ បន្ទាប់មកអាជ្ញាធរមូលដ្ឋានរួមទាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ជួយអន្តរាគមន៍កាយតាមរកជនរងគ្រោះទើបប្រទះឃើញបុរសទាំង ២ នាក់ ដែលបាត់ក្នុងលូនោះស្លាប់៕