សៀមរាប: បុរស ២ នាក់ ដែលអះអាងថាជាអង្គរក្សមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលត្រូវបានជាប់ឃុំកាលពីដើមសប្ដាហ៍កន្លងមកដោយត្រូវចោទពីបទឆបោក និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនញ្ញាត។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប កាលពីម្សិលមិញបានថ្លែងថា លោកចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបុរសជាជនជាប់ចោទឈ្មោះ អោ កែហឿន អាយុ ៦០ ឆ្នាំ និងឈ្មោះ ប៊ុន ចាន់ធឿន អាយុ ៦១ ឆ្នាំកាលពីថ្ងៃទី ៧ ឧសភានេះ ក្រោមបទចោទ «ឆបោក និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា មួយចំនួននៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទកែហឿនរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរជំនួយការមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ និងចាន់ធឿន មានស្រុកកំណើតនៅភូមិព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
តាមបណ្ដាញសារព័ត៌មានក្នុងស្រុកចេញផ្សាយកាលពីម្សិលមិញថា ការឃុំខ្លួននេះ បន្ទាប់ពីកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី ៤ ខែ ឧសភា បានឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ យកមកសាកសួរ ក្រោយពីពួកគេដើរផ្សព្វផ្សាយថា បើមានអ្នកមានបញ្ហាដីធ្លី ជាមួយអាជ្ញាធរអប្សរា គេអាចជួយដោះស្រាយឲ្យបានប្លង់រឹងមកវិញ ឬអ្នកដែលចង់ឲ្យកូនចៅចូលបម្រើការងារជាទាហាន ពេទ្យ និងគ្រូបង្រៀន ក៏គេអាចជួយបានដែរដោយសន្យាតែ ៣ ខែនឹងបានចូលក្របខ័ណ្ឌភ្លាម។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចចុះរឹបអូសយកវត្ថុតាងអាវុធខ្លី K54 ១ ដើម គ្រាប់ចំនួន ៥ គ្រាប់ និងខោអាវអង្គរក្សចំនួន ៣ កំប្លេផងដែរ។ សមត្ថកិច្ចបានសាកសួរដោយជនសង្ស័យទាំង ២ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទ ប្រកាន់មែន»៕