បន្ទាយ​មាន​ជ័យៈ នគរ​បាល​នឹង​បញ្ជូន​ជន​សង្ស័យ​ ២ ​នាក់​បង​ប្អូន ដែល​បាន​សម្លាប់​បុរស​ម្នាក់​ ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ ហើយ​យក​សាក​សព​ទៅ​ដុត​ចោ​ល ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​​បាន​បើក​ការស៊ើប​អង្កេត ​ អស់​រយៈពេល ៤៥ ម៉ោង ហើយ​បាន​ឈាន​​ដល់​ការ​ចាប់​ឃាត់​ខ្លួន​​ជន​ទាំង​ ២ នាក់​កាល​ពី​យប់​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ។

តាម​របាយការណ៍​រប​ស់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ឃា​តកម្ម​គិត​ទុកជា​មុន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ចន្លោះ​​ពី​ម៉ោង ១០ ដល់ ១២ ថ្ងៃ​ត្រង់ ស្ថិតនៅ​ចំណុច​ខាងត្បូង​ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។ របាយ​ការណ៍​ដដែល​ បាន​បញ្ជាក់ថា ជនរង​គ្រោះ​មានឈ្មោះ ហាន សុ​ធន់ ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ មុខរបរ​ជា​ម្ចាស់​ម៉ាស៊ីន​កិន​ស្រូវ រស់​នៅ​ភូមិ​អំពិល​ចាស់ ឃុំ​អំពិ​ល ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មានជ័យ។

លោក សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ ដែល​បាន​ដឹកនាំ​កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ តាម​ការ​បញ្ជា​ពី​លោក អាត់ ខែម ស្នង​ការ​​ខេត្តបន្ទាយមានជ័យក្រោ​ម​​ការចូលរួម​ពី​ព្រះរាជអាជ្ញា​លោ​ក មាស​ ច័ន្ទ​ពិសិដ្ឋ បាន​ប្រាប់​​​ភ្នំ​​ពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោ​យ​​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ជនសង្ស័យ​ពីរ​នាក់ ដែល​ជា​បងប្អូន​​បង្កើត ត្រូវបាន​ឃាត់ខ្លួន នៅ​ម៉ោង ១០ យប់​ថ្ងៃ​ទី ២៦ កុម្ភៈ។

លោក​បន្តថា ពួកគេ​ទាំង ២ ​នាក់​នោះ មានឈ្មោះ ស៊ួ​ត សុភាក់ ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ និង​ឈ្មោះ ស៊ួ​ត សុផាត ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ រស់​នៅ​ភូមិ​ធ្លកក្នុង​ឃុំ​កើតហេតុ​ខា​ង​លើហើយ​ក្រោយ​ឃាត់​ខ្លួន​​បាន ពួកគេ​ទាំង ២ នាក់ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​មែន ដោយ​ប្រើ​កាំបិត​ប៉័ងតោ កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន ២ កាំបិត ត្រូវ​ចំកនិង​ដៃ រួច​បា​ន​យក​​សម្បក​កង់ឡាន​មក​ដុត​សាកសព​ជន​រង​គ្រោះ ដើម្បី​បំបាត់​ភ័ស្ដុតាង។

លោក​បញ្ជាក់ថា៖ «ជន​សង្ស័​យ​ដែល​​ត្រូវជា​បង​ហ្នឹង គាត់​បាន​សម្លាប់​ជនរង​គ្រោះ ក្រោយពី​ដឹង​ថា ប្រពន្ធ​របស់​ប្អូន​ខ្លួន​ហ្នឹងបា​ន​​លួច​មាន​សហា​យស្មន់​ជាមួ​យ​​ជនរង​គ្រោះហើយ​ខ្លួន​ខឹង​ជំនួ​ស ក៏បាន​សម្លាប់​ជនរង​គ្រោះ។ នៅពេល​សម្លាប់​ហើយ ជន​សង្ស័យ​ជា​បងក៏បាន​ហៅ​ប្អូនប្រុស​ហ្នឹង​ឲ្យ​ជួយ​យក​​សម្បក​​ក​ង់​ឡានមក​ដុត​សព​ជនរង​គ្រោះ ហើយ​ពួកគេ​ក៏បាន​គេច​ខ្លួន​ទៅ​ផ្ទះ​អស់»។

បើតាម​លោក សិទ្ធិ ឡោះក្រោយ​កសាង​សំណុំ​រឿង និង​បិទ​បញ្ចប់​ករណី​នេះជន​សង្ស័​យ​ទាំង ២ ​នឹ​ង​ត្រូវ​បញ្ជូន​ទៅ​តុលាការចាត់​ការ​តាម​នីតិវិ​ធី​​ច្បាប់នៅ​ថ្ងៃ​នេះខណៈ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​​អាសន្ន​នៅ​ស្នង​ការដ្ឋាន​នគរបាល​​ខេត្ត​បន្ទាយ​មានជ័យ៕