ពោធិ៍សាត់៖ បុរស ២ នាក់ ដែលត្រូវបានមន្ត្រីឧទ្យានុរក្សឃាត់ខ្លួន ខណៈកំពុងស្ពាយកាំភ្លើងដើររកបាញ់សត្វនៅក្នុងព្រៃនៃតំបន់ជួរភ្នំក្រវាញ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួន កាលពីម្សិលមិញ ក្រោមការចោទប្រកាន់ពីបទរក្សាទុកអាវុធជាតិផ្ទុះខុសច្បាប់តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជនសង្ស័យឈ្មោះ មិត្ត មន អាយុ ៥៥ ឆ្នាំ មានលំនៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ និងម្នាក់ទៀតឈ្មោះ ហេង ឆាង អាយុ ៦២ ឆ្នាំ មានលំនៅភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាប់បញ្ជូនមកតុលាការ នាព្រឹកទី ១៨ ខែមីនា ជាមួយវត្ថុតាង អាវុធ AK-47 ស្វាយបត់ ១ ដើម និង M-16 ១ ដើម ព្រមទាំងគ្រាប់ផ្ទុះសរុប ចំនួន ៥២ គ្រាប់។
លោកថ្លែងថា៖ «បន្ទាប់ពីបញ្ចប់ការស៊ើបសួរ ជនសង្ស័យទាំង ២ ត្រូវបានតុលាការចោទប្រកាន់ពីបទរក្សាទុកនូវអាវុធជាតិផ្ទុះ ដោយខុសច្បាប់ តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងបានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ នាំយកទៅឃុំខ្លួននៅពន្ធនាគារខេត្តជាបណ្ដោះអាស្ន»។
យោងតាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ជនសង្ស័យទាំង ២ នាក់នឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ៥០ ម៉ឺនរៀល ដល់ ២ លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
បើតាមកំណត់ហេតុសួរចម្លើយរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានជនសង្ស័យទាំង ២ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សជួរភ្នំក្រវាញកណ្ដាល ចាប់ឃាត់ខ្លួននៅរសៀលថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២១ ខណៈកំពុងស្ពាយអាវុធដើរស្វែងរកបាញ់សត្វក្នុងតំបន់ការពារ និងអភិរក្សជួរភ្នំក្រវាញកណ្ដាល។
នៅរសៀលថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ ជនសង្ស័យទាំង ២ រួមទាំងវត្ថុតាងអាវុធ AK-47 ស្វាយបត់ ១ ដើម និង M-16 មួយដើម ព្រមទាំងគ្រាប់សរុប ៥២ គ្រាប់ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សនាំខ្លួនប្រគល់ឱ្យនគរបាលស្នងការដ្ឋានខេត្តពោធិ៍សាត់។
លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃម្សិលមិញថា តាមរយៈការសាកសួរជនសង្ស័យទាំង ២ បានអះអាងថា អាវុធទាំង ២ ដើម រួមទាំងគ្រាប់រំសេវទាំងនោះ គឺពួកគាត់រើសបាននៅតាមមាត់ច្រាំងស្ទឹង និងក្នុងព្រៃ កាលពីជាង ១ សប្ដាហ៍មុន ហើយពួកគាត់បាននាំគ្នា ជួសជុល និងកែច្នៃអាវុធទាំងនោះ យកទៅបាញ់សត្វក្នុងតំបន់ការពារ និងអភិរក្សជួរភ្នំក្រវាញកណ្ដាល។ ប៉ុន្តែមិនទាន់បាញ់សត្វបាន ១ ក្បាលផង ក៏ត្រូវក្រុមមន្ត្រីឧទ្យានុរក្សប្រទះឃើញ ហើយធ្វើការឃាត់ខ្លួនពួកគាត់បញ្ជូនមកមន្ត្រីនគរបាលជំនាញតែម្ដង។
លោកបញ្ជាក់ថា៖ «ថ្វីដ្បិតតែពួកគាត់អះអាងយ៉ាងដូច្នេះក្ដី តែសកម្មភាពរបស់ពួកគាត់ គឺជាបទល្មើស។ ពួកគាត់គួរតែប្រគល់អាវុធ និងគ្រាប់រំសេវទាំងនោះឱ្យសមត្ថកិច្ចមូលដ្ឋាន តាំងពីថ្ងៃដំបូងដែលគាត់រើសបាន»។
ចំណែកលោក រី ភារម្យ ប្រធានការិយាល័យដែនជម្រកសត្វព្រៃជួរភ្នំក្រវាញកណ្ដាល បានថ្លែងថា ជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់មន្ត្រីឧទ្យានុរក្សដែរថា ពួកគាត់ ពិតជាមានបំណងចូលរកបាញ់សត្វព្រៃមែន ប៉ុន្តែមិនទាន់បានប្រទះឃើញសត្វព្រៃនៅឡើយទេ៕