កណ្តាល/កំពង់ធំ: សាលាដំបូងខេត្តកណ្ដាលបានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៣ នាក់ ពាក់ព័ន្ធរឿងធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងរបស់បញ្ជាការដ្ឋានអង្គរក្ស ខណៈដែលសាលាដំបូងខេត្តកំពង់ធំក៏បានឃុំខ្លួនជនសង្ស័យម្នាក់ដែលក្លែងបន្លំធ្វើមន្ត្រីនគរបាលផ្កាយ ៣។
លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលថ្លែងពីម្សិលមិញថា ជនសង្ស័យចំនួន ៣ នាក់ដែលសុទ្ធតែភេទប្រុសទី១- ញ៉ែម ភឿន អាយុ ៣៦ ឆ្នាំ ទី២- ចាន់ ផាន្នាក់ អាយុ ២៨ ឆ្នាំ ទី៣- ផាត់ សុវណ្ណ អាយុ ៣១ ឆ្នាំ ត្រូវបានលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាលសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកាលពីថ្ងៃទី ២៥ ខែកក្កដា។
លោកបញ្ជាក់ថា៖ «ជនសង្ស័យទាំង ៣ នាក់ ត្រូវចៅក្រមចោទពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប៉ុន្ដែខ្ញុំអត់ចាំមាត្រាទេ»។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានថ្លែងពីម្សិលមិញថា ជនសង្ស័យទាំង ៣ នាក់ត្រូវមន្ត្រីជំនាញបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី ២៤ ខែកក្កដា។ «តុលាការឃុំខ្លួនគាត់ហើយគឺពាក់ព័ន្ធការធ្វើឯកសារក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងបញ្ជាការដ្ឋានអង្គរក្ស តែខ្ញុំអត់អាចបញ្ជាក់ហេតុការណ៍ច្បាស់ទេ»។
តាមសារព័ត៌មាន CPC បានដកស្រង់សម្តីលោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យដឹងពីម្សិលមិញថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ដោយឈ្មោះ ចាន់ ផាន្នាក់ អតីតមន្ត្រីនៅបញ្ជាការដ្ឋានកងអង្គរក្ស (ឈប់ធ្វើឆ្នាំ ២០១៤) ដោយគាត់មានគំនិតចង់ទៅធ្វើការជាអ្នកបើកបររថយន្តឲ្យជនជាតិចិននៅខេត្តព្រះសីហនុ ប៉ុន្ដែជនជាតិចិនត្រូវការតែអ្នកមានក្របខណ្ឌកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ។ ជនសង្ស័យបានទៅពឹងសុំឲ្យ ញ៉ែម ភឿន (មន្ត្រីអង្គរក្ស) ជួយយកបណ្ណសម្គាល់អាវុធខ្លី សមូហភាពលិខិតបញ្ជាបេសកកម្ម និងបណ្ណសម្គាល់ខ្លួនរបស់បញ្ជាការដ្ឋានកងអង្គរក្សមកកែបញ្ចូលដាក់ឈ្មោះ ចាន់ ផាន្នាក់។
លោកបន្តថា ក្រោយមក ផាន្នាក់ បានរៀបចំឲ្យគេធ្វើឯកសារក្លែង (បញ្ជាការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកផ្សេងៗថែមទៀតដូចជាឈ្មោះ ឌួក ម៉ាប់ ភេទប្រុស (ជាប់ពន្ធនាគារនៅខេត្ដព្រះសីហនុ) និងមួយចំនួនទៀតបានរត់គេចខ្លួន ដោយទទួលបានប្រាក់ចាប់ពី ១៦០ ទៅ ២២០ ដុល្លារក្នុងម្នាក់ៗ។ រីឯឈ្មោះ ផាត់ សុវណ្ណ ជាអ្នកស្គែនកាត់តឯកសារទទួលបានប្រាក់ចាប់ពី ៣០ ម៉ឺនទៅ ៧០ ម៉ឺនរៀល។
លោក ម៉េងធី បញ្ជាក់ថា៖ «ពេលឃាត់ខ្លួនឈ្មោះ ចាន់ ផាន្នាក់ ឈ្មោះ ញ៉ែម ភឿន ឈ្មោះ ផាត់ សុវណ្ណ សារភាពថាខ្លួនពិតជាបានចាត់ចែងឲ្យធ្វើឯកសារក្លែង (បញ្ជាការដ្ឋានអង្គរក្ស) ឲ្យទៅអ្នកដទៃប្រើប្រាស់ពិតមែន ដើម្បីទទួលបានប្រាក់មួយចំនួនពីពួកគេ»។
រឿងដាច់ដោយឡែកមួយទៀតសាលាដំបូងខេត្តកំពង់ធំសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ ហេង កែនណាឌី អាយុ ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅសង្កាត់ស្រះចក រាជធានីភ្នំពេញជាប់ពាក់ព័ន្ធករណីប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ ៣) បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួននៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនកាលពីថ្ងៃទី ២៤ ខែកក្កដា។
លោក ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំថ្លែងពីម្សិលមិញថា បុរសម្នាក់ដែលប្រើប្រាស់សម្លៀកបំពាក់ក្លែងឯកសណ្ឋានធ្វើជាមន្ត្រីនគរបាលជាតិ (ផ្កាយ ៣) ត្រូវបានសាលាដំបូងខេត្តឃុំខ្លួនហើយ ដោយចោទពីបទ «ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលនឹងនគរបាល ឬយោធា»។
លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានថ្លែងពីម្សិលមិញថា បុរសដែលតាំងខ្លួនធ្វើជាមន្ត្រីនគរបាលជាតិ បម្រើការផ្នែកប្រឆាំងគ្រឿងញៀនដោយបានស្លៀកពាក់ឯកសណ្ឋានជានគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ ៣) គឺទើបចេញពីពន្ធនាគារព្រៃស ហើយអាចជាមនុស្សបែកឆ្វេង។
លោកបញ្ជាក់ថា៖ «យើងបានចាប់បានវត្ថុតាងមួយចំនួនដូចជាឯកសណ្ឋានគរបាលមួយកំប្លេ មានស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកភ្ជាប់ជាមួយអាវស្រាប់ ក្រដាសប្រាក់ដុល្លារប្រភេទក្រដាស ១០០ (លុយសែនខ្មោច) ចំនួន ៥៨៩ សន្លឹក និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។ គាត់មិនទាន់បានធ្វើសកម្មភាពបោកប្រាស់ទេ គាត់គ្រាន់តែដើរអួតប្រាប់គេថា គាត់ជាមន្ត្រីពោលគឺគាត់កំពុងដើរលួងលោមគេឲ្យចាញ់បោកគាត់ តែមិនទាន់បានសម្រេចទេ គឺយើងចាប់បានតែម្ដង»៕