ភ្នំពេញៈ បេក្ខជន​ចំនួន ៧៩ ០៥២ នាក់ ​ស្មើនឹង ៦៨,៦២ ភាគរយ ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាក់ឌុប​ក្នុង​ឆ្នាំ​ ២០១៩ នេះ​ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន ១១៧ ០៤៣ នាក់ ​គឺ​កើនឡើង ១,៥៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ​ក្នុង​នោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣ ​នាក់​ ក៏មាន​ការកើនឡើង​ច្រើន​ជាង​ឆ្នាំមុន​ផងដែរ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ចន្ទ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស A មាន ៤៤៣ នាក់ ​កើនឡើង ៣៥ ​នាក់ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ​ដែល​មាន ៤០៨ នាក់​។ និទ្ទេស B មាន ២ ៤៣០ នាក់ កើនឡើង ២០៨ នាក់​ ធៀប​នឹង​ឆ្នាំមុន​ដែលមាន ២ ២២២ នាក់​។ និទ្ទេស C មាន ៥ ៨៤៧ នាក់ ធ្លាក់ចុះ ១៩៤ នាក់​ បើ​ធៀប​ឆ្នាំមុន​ដែល​មាន​ ៦ ០៤១ ​នាក់​។ និទ្ទេស D មាន​ ១៤ ១០០ នាក់ ​ធ្លាក់ចុះ ១ ០៨០ នាក់​ ធៀប​នឹង​ឆ្នាំមុន​ដែល​មាន​ ១៥ ១៨០ នាក់​។ និទ្ទេស E មាន ៥៦ ២៣២ ​នាក់ ​កើនឡើង ៤ ០៤៩ នាក់​ បើ​ធៀប​ឆ្នាំ​ ២០១៨​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន រាជធានី-ខេត្ត​ចំនួន​ ២១ ​មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A​។ រាជធានីភ្នំពេញ​មាន​បេក្ខជន​ជាប់​និទ្ទេស A ច្រើន​ជាង​គេ​ដែល​មាន​ដល់​ទៅ ១៤១ នាក់ ​បន្ទាប់មក​ខេត្ត​សៀមរាប​មាន ៣៨ នាក់​ និង​ខេត្ត​បាត់ដំបង មាន​ ៣២ ​នាក់​។ ខេត្ត​ដែល​មាន​បេក្ខជន​ជាប់​និទ្ទេស A តិចជាងគេ​គឺ​ខេត្ត​ឧត្តរមានជ័យ​មណ្ឌលគិរី និង​កោះកុង​ដែល​មាន​ ១ ​នាក់ ​ក្នុង​មួយ​ខេត្ត​។ ខេត្ត​ ៤ ​ដែល​មិនមាន​បេក្ខជន​ជាប់​និទ្ទេស A គឺ​មាន​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ កែប និង​ប៉ៃលិន​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​ ២០១៩ ​នេះ​​ឆ្លុះបញ្ចាំង​ពី​ការងារ​កំណែទម្រង់​អប់រំ យុវជន និង​កីឡា ជាពិសេស​លើ​កំណែទម្រង់​ប្រឡង​បាក់ឌុប​តាំងពី​ឆ្នាំ ២០១៤ មក​ដោយ​ឈរលើ​គោលការណ៍​​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន ស្រប​ជាមួយ​នឹង​ទស្សនទាន «​អ្នកចេះ គឺ​ជាប់​»​។

បេក្ខជន​កំពុង​ពិនិត្យ​រក​ឈ្មោះ​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ម្សិលមិញ​។ រូបថត ហ៊ាន រង្សី

លោក​បន្ត​ថា​ក្រសួង​នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​ដោយ​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​គុណភាព​ធនធាន​មនុស្ស សម្រាប់​អភិវឌ្ឍ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​ស្វាគមន៍​មតិ​រិះគន់​ស្ថាបនា​។ ក្រសួង​ជឿជាក់​ថា លទ្ធផល​ឆ្នាំ​នេះ​មាន​សុក្រឹតភាព និង​ប្រសិទ្ធភាព​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​ដោយ​មាន​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រសួង​មហាផ្ទៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រសួង​ស្ថាប័ន​នានា បេក្ខជន​ប្រឡង និង​បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់​»​។

បន្ទាប់ពី​ប្រកាស​លទ្ធផល​យុវជន ខុម វណ្ណាដែត ដែល​ប្រឡង​ជាប់​នៅ​មណ្ឌល​អនុវិទ្យាល័យ​ចតុមុខ ហើយ​ជា​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​កាលពី​ឆ្នាំ​មុន​បាន​ថ្លែងថា ការចេញ​វិញ្ញាសា​ប្រឡង​ឆ្នាំនេះ​គឺ​អាច​ទទួល​យក​បាន​។

វណ្ណាដែត ​បាន​បញ្ជាក់ថា​៖ «[​លទ្ធផល​] ទទួល​យក​បាន​។ យើង​ធ្លាក់​ ១ ​ឆ្នាំ​ហើយ​។ អ៊ីចឹង​ឆ្នាំ​ហ្នឹង យើង​យក​ជាប់​បាន​ហើយ បាន​និទ្ទេស​គ្រាន់​បើ​ដែរ​»​។

យុវជន យ៉ា សាសរី ដែល​ប្រឡង​ជាប់​នៅ​មណ្ឌល​អនុវិទ្យាល័យ​ចតុមុខ​នេះដែរ​បាន​ថ្លែងថា ដំណើរការ​ប្រឡង​នៅ​ឆ្នាំនេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ​។ ចំពោះ​វិញ្ញាសា​វិញ គឺ​សិស្ស​អាច​ធ្វើ​បាន តែ​អនុរក្ស និង​អប្បមាទ​មាន​ភាព​តឹងរ៉ឹង​។

សាសរី បន្ត​ថា​៖ «​អា​រឿង​លួច​មើល លួច​អីហ្នឹង ដូច​អត់​មាន​ទេ គឺ​ល្អ​»​។

យុវតី ស្រាំង បុប្ផា ដែល​ក៏បាន​ប្រឡង​ជាប់​នៅ​មណ្ឌល​អនុវិទ្យាល័យ​ចតុមុខ​ដែរនោះ​​បាន​ថ្លែងថា កញ្ញា​ទទួល​បាន​លទ្ធផល​លើស​ពី​ការរំពឹងទុក​គឺ​ទទួល​បាន​និទ្ទេស C​។ កញ្ញា​និយាយ​ថា លំហាត់​ខ្លះ​កញ្ញា​ធ្វើ​មិន​បាន​ច្រើន​នោះ​ទេ ព្រោះ​វិញ្ញាសា​ចេញ​ខុស​ពី​ការរៀន​។ បុប្ផា និយាយ​ថា​៖ «​លក្ខណៈ​ថា​ចង់​ឱ្យ​គាត់​ [​ក្រសួង​] ​រាង​បន្ធូរបន្ថយ​ជាង​ហ្នឹង​អ៊ីចឹង​ណា​។ ឱ្យ​សិស្ស​ជំនាន់​ក្រោយ​ប្រឡង​ជាប់​ទាំងអស់​គ្នា​»​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ភាពខុស​គ្នា​នៃ​ការទទួល​បាន​និទ្ទេស​ល្អ និង​ចំនួន​នៃ​ការប្រឡង​ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឃើញ​ថា​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​មាន​គម្លាត​។ សិស្ស​នៅ​មាន​ចំណេះដឹង​ខុសគ្នា​។ ​សិស្ស​នៅ​ទីប្រជុំជន​មាន​ឱកាស​បាន​រៀនសូត្រ​ច្រើន និង​ប្រឡង​ជាប់​ច្រើន​។ សិស្ស​នៅ​ទីជនបទ​ដែល​ទទួល​បាន​និទ្ទេស​ល្អ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា បញ្ហា​នេះ​វា​អាច​បណ្តាល​មកពី​គម្លាត​នៃ​លទ្ធភាព​ទទួល​បាន​នូវ​ការរៀនសូត្រ​ស្មើៗ​គ្នា​។ អ៊ីចឹង​គម្លាត​នេះ​ហើយ យើង​ចង់​ឱ្យ​មាន​ការចាត់​វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​នូវ​គម្លាត​នៃ​ចំណេះដឹង​របស់​គាត់ សិស្ស​ថ្នាក់​វិទ្យាល័យ​ហ្នឹង​»​។

ការប្រឡង​បាក់ឌុប​ឆ្នាំនេះ​ធ្វើ​ឡើង​រយៈពេល​ ២ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ១៩ ​ដល់​ថ្ងៃទី​ ២០ ខែ​ សីហា​។

បើ​តាម​ការប្រកាស​របស់​ក្រសួង​អប់រំ ដំណើរការ​ប្រឡង​របស់​សិស្ស ការកែ​វិញ្ញាសា និង​ការ​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គឺ​ពុំមាន​ឧបទ្ទវហេតុ​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​៕