ភ្នំពេញៈ បេក្ខជន​ចំនួន ១ ៨៣៨ នាក់ (​ស្រី ៦៩៦ នាក់​) បាន​អវត្តមាន​ពី​ការប្រឡង​បាក់ឌុប​ដែល​ត្រូវ​បាន​បញ្ចប់​កាលពី​ម្សិលមិញ​ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​ចំនួន ១១៧ ០៤៣ នាក់ ខណៈ​ដែល​ក្រសួង​អប់រំ​បាន​វាយតម្លៃ​ថា ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​មាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។

យ៉ាងណា​ក្តី​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ និង​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា មាន​បេក្ខជន​ ៣ ​នាក់​ ត្រូវបាន​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ និង​ ១១ ​នាក់​ទៀត ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិនអាច​វិល​មក​ប្រឡង​វិញ​បាន ខណៈ​ដែល​បេក្ខជន​ទាំងអស់​ស្ទើរតែ​ពុំ​មាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ​ និង​ឧបករណ៍​ហាមឃាត់​ចូល​ក្នុង​បន្ទប់​ប្រឡង​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​​ថា៖ «​គុណភាព​នៃ​ការប្រឡង​គឺ​នៅ​រក្សា​បាន​ដូច​ ៥ ​ឆ្នាំ​កន្លងមក ​ដោយសារ​មាន​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មាន​កិច្ចសហការ​ពី​ សសយក (​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​)​។ ដូចជា​អង្គភាព​ស្ថាប័ន​ផ្សេងទៀត​បាន​បន្ត​សហការ​ដែរ​»​។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លោក​ឲ្យ​ដឹងថា មាន​បេក្ខជន ៣ ​នាក់​ ត្រូវបាន​កំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​នោះ​មាន​បេក្ខជន ២ ​រូប​នៅ​ខេត្ត​តាកែវ និង​រាជធានី​ភ្នំពេញ ​ដែល​បាន​យក​សំណៅ​ឯកសារ និង​ទូរស័ព្ទដៃ​ចូលក្នុង​បន្ទប់​ប្រឡង​ និង​បេក្ខនារី​ ១ ​រូប ​នៅ​ខេត្ត​សៀមរាប​ដែល​មក​ប្រឡង​យឺត​ជាង​កន្លះ​ម៉ោង​។ លោក វាចា មិនមាន​ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​បេក្ខនារី​នៅ​ខេត្ត​សៀមរាប​មក​ប្រឡង​យឺត​នោះទេ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ចេញ​កាលពី​ម្សិលមិញ​បេក្ខជន​អវត្តមាន​ប្រឡង​មាន​ចំនួន ១ ៨៣៨ នាក់ (​ស្រី ៦៩៦ នាក់​) ដែល​មាន ១,៥៧ ភាគរយ​ នៃ​ចំនួន​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​ចំនួន ១១៧ ០៤៣ នាក់​។ ក្រសួង​អប់រំ​បញ្ជាក់​ថា​៖ «​ដោយឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​ ១៥២ ករណី បន្ទាប់ពី​ទទួល​បាន​ការសង្គ្រោះ​បឋម​អាច​បន្ត​ការប្រឡង​ទៀត​បាន​លើកលែង ១១ ​ករណី​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពុំ​អាច​ត្រឡប់​មក​បន្ត​ការប្រឡង​បាន​»​។

យុវតី ប៊ុន ស្រីមាលានិការ ប្រឡង​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា វិញ្ញាសា​ប្រឡង​មាន​ការពិបាក​នៅ​ថ្ងៃ​ចុងក្រោយ​គឺ​វិញ្ញាសា​គណិតវិទ្យា និង​រូបវិទ្យា​។

ស្រីមាលានិការ បាន​ថ្លែង​ថា​៖ «​និយាយ​ទៅ​លំហាត់​ធ្វើ​ភាគច្រើន​អត់​ទាន់​។ វា​ច្រើន​ដែរ​»​។

បើតាម​ក្រសួង​អប់រំ​លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​នៅ​រសៀល​ថ្ងៃទី​ ១០ ខែ​ កញ្ញា និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេង​ទៀត​នៅ​ថ្ងៃទី​ ១១ ខែ ​កញ្ញា​។ លទ្ធផល​ក៏​នឹងត្រូវ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​ផងដែរ​តាមរយៈ​អាសយដ្ឋាន facebook.com/moeys.gov.kh​។

បេក្ខជន​ប្រឡង​ឆ្នាំនេះ​មាន​ចំនួន​ ១១៧ ០៤៣ នាក់ (​ស្រី ៦០៤២៧ នាក់​) មាន ២០២ មណ្ឌល និង​ ៤ ៧២៥ បន្ទប់​ទូទាំងប្រទេស​។ ថ្នាក់​វិទ្យាសាស្ត្រ​មាន ៧៥ មណ្ឌល​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ ១២៧ មណ្ឌល​។

លោក យង់ គិមអេង នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ដំណើរការ​ប្រឡង​បាក់ឌុប​ដូចជា​មិន​ឃើញ​មាន​លេចឮ​ព័ត៌មាន​ភាព​មិនប្រក្រតី​ធំដុំ​កើតឡើង​នោះទេ​។

លោក​ថា​ក្រសួង​ទំនង​នឹងត្រូវ​បន្ថែម​ពិន្ទុ ដើម្បី​ឱ្យ​សិស្ស​បាន​ប្រឡង​ជាប់​បាន​ភាគរយ​ច្រើន​ដូច​កាលពី​លើក​មុន​ ពីព្រោះ​ប្រសិន​បើ​យក​តាម​កំណត់​សម្រាប់​ឱ្យ​សិស្ស​ប្រឡង​ជាប់ ប្រហែល​ជា​មិនអាច​ទទួល​បាន​ភាគរយ​ខ្ពស់​ទេ​។

លោក យង់ គិមអេង បញ្ជាក់​ថា​៖ «​ព្រោះ​ដោយសារ​យើង​រឹតបន្តឹង​តែ​ពេល​ប្រឡង ប៉ុន្តែ​នៅក្នុង​ថ្នាក់​ (​ពេល​រៀន​) យើង​មិន​ដែល​បាន​រឹតបន្តឹង​ផង​។ យើង​នៅ​មាន​ការធូររលុង​។ យើង​ឃើញថា​មាន​ស្តង់ដា​ខុសគ្នា​ទៅ​ទៀត​រវាង​គេ​ហៅថា សិស្ស​ជំនាន់​ថ្មី និង​សិស្ស​មិន​ជំនាន់​ថ្មី​នៅក្នុង​ការរៀន​ថ្នាក់​ធម្មតា ហើយ​និង​សិស្ស​ជំនាន់​ថ្មី​ហ្នឹង​ខុស​គ្នា​របៀប​រៀន ខុសគ្នា​ទៅ​ទៀត ទោះបី​យើង​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អប់រំ​តែមួយ​ក៏ដោយ​»៕