ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បេក្ខជន​ ៣ ​រូប ​ត្រូវ​បាន​សម្រេច​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ដែល​ម្នាក់​ជា​បេក្ខនារី ដោយសារ​នាង​មក​យឺត​ជាង​កន្លះ​ម៉ោង និង​បេក្ខជន​ ២ ​រូប​ទៀត​មាន​សំណៅ​ឯកសារ និង​ទូរស័ព្ទ​ដែល​នេះ​ជា​លទ្ធផល​បឋម​កើតឡើង​ក្នុង​ថ្ងៃ​ប្រឡង​បាក់ឌុប​ ថ្ងៃទី​មួយ​នេះ​។

លោក​ រស់ សុវាចា ថ្លែងថា ការប្រឡង​ចាប់ផ្តើម​នៅ​ម៉ោង​ ៧.៣០ ​នាទី ហើយ​បេក្ខនារី​រូបនេះ​បាន​មក​ដល់​មណ្ឌល​ប្រឡង​នៅ​ម៉ោង​ប្រមាណ ៨.១០ ​នាទី ក្រោយ​ការ​វាយ​ជួង​ទី​២​។ តាម​បទប្បញ្ញត្តិ​របស់​ក្រសួង​អប់រំ បើ​បេក្ខជន​ណា​មក​យឺត​ ១៥ ​នាទី បេក្ខជន​នោះ​មាន​សិទ្ធិ​បំពេញ​សំណុំ​ឯកសារ​ដើម្បី​ស្នើ​ទៅ​ដល់​ប្រធាន​មណ្ឌល និង​គណៈកម្មការ​ទូទាំង​ប្រទេស​នៅ​តាម​ខេត្ត​នីមួយៗ​ដើម្បី​ស្នើសុំ​សិទ្ធិ​ចូល​ប្រឡង​។ បើសិន​បេក្ខជន​នោះ​មិន​ទទួល​បាន​សិទ្ធិ​សុំ​ប្រឡង​គឺ​បេក្ខជន​នោះ​នឹង​ទទួល​បាន​ពិន្ទុ​សូន្យ​។

លោក​បញ្ជាក់​ថា​៖ «​អ៊ីចឹង ជាក់ស្តែង​ទៅលើ​បេក្ខនារី​នេះ​ផ្ទាល់​។ គាត់​មិនបាន​សិទ្ធិ​ក្នុង​ការចូល​ (​ប្រឡង​)​ ទេ ដោយសារ​គាត់​មក​យឺត​កន្លះ​ម៉ោង​។ អ៊ីចឹង​ម៉ោង​ទី​ ២ ក៏​គាត់​អត់​បាន​ចូល​ដែរ​។ គឺ​គាត់​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​»​។ លោក​ រស់ សុវាចា បញ្ជាក់​ថា​ការប្រឡង​បាក់ឌុប​នៅ​ថ្ងៃទី​ ១ ​មិន​មាន​ភាព​មិនប្រក្រតី​អ្វី​កើតឡើង​គួរឱ្យ​កត់សម្គាល់​នោះ​ទេ​។

លោក​ វាចា បន្ត​ថា​ការយក​សំណៅ​ឯកសារ​ចូលក្នុង​មណ្ឌល​ក្នុង​ឆ្នាំនេះ​ស្ទើរតែ​មិនមាន​តែម្តង​។ ប្រសិន​បើ​បេក្ខជន​រកឃើញ​ថា​មាន​សំណៅ​ឯកសារ ទូរស័ព្ទដៃ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​នៅក្នុង​បន្ទប់​ប្រឡង​ផ្ទាល់ បេក្ខជន​រូបនោះ​នឹង​ទទួល​លទ្ធផល​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។ មាន​បេក្ខជន​តែ​ ១ ​រូប​ប៉ុណ្ណោះ​ដែល​បាន​យក​ឯកសារ​ចូល​បន្ទប់​ប្រឡង និង​បេក្ខជន​ ១ ​រូប​ទៀត​បាន​យក​ទូរស័ព្ទដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ក្រសួង​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទប្បញ្ញតិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំង​ ២ ​រូបនេះ​ដោយ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​»​។

តាម​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​ ១ ​នេះ​បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន​​ ១១៧ ០៤៣ ​នាក់ ស្រី​ ៦០៤២៧ ​នាក់ និង​បេក្ខជន​អវត្តមាន​ចំនួន​ ១៧៤៥ ​នាក់​ (១.៤៩%)​ស្រី​ ៦៧៨ ​នាក់​។ បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​ ៤៣ ​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន​បន្ទាប់ពី​ទទួល​បាន​ការសង្គ្រោះ​បឋម​។ មានតែ​បេក្ខជន ​១ ​រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការប្រឡង​បាន​។ មណ្ឌល​ប្រឡង​មាន​ ២០២ មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ ៧៥ ​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ ១២៧ មណ្ឌល ខណៈ​ដែល​បន្ទប់​ប្រឡង​មាន​ចំនួន ៤ ៧២៥​។

លោក​ វាចា បញ្ជាក់​ទៀតថា មិនមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​គួរឱ្យ​កត់សម្គាល់​នោះទេ​។ ប៉ុន្តែ​មាន​ ១៩ ​ករណី​ដែល​បេក្ខជន​មាន​បញ្ហា​ក្អួតចង្អោរ ឬ​ខ្យល់គរ​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ជួន ណារ៉ុន ប្រាប់​អ្នកកាសែត ក្រោយ​បើក​ហិប​វិញ្ញាសា​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា សិស្ស​បាន​ខិតខំ​រៀនសូត្រ​ដោយ​ពិន្ទុ​ជា​មធ្យមភាគ​កាន់តែ​កើនឡើង​ប្រចាំ​ឆ្នាំ ហើយ​លោក​រំពឹង​ថា​សិស្ស​នឹង​ទទួល​បាន​លទ្ធផល​ប្រឡង​ល្អប្រសើរ​។

ដើម្បី​ចៀសវាង​កំហុស​ទាក់ទង​នឹង​លទ្ធផល​ប្រឡង​របស់​សិស្ស លោក​ ហង់ជួន ណារ៉ុន បញ្ជាក់​ថា​ក្រសួង​បាន​បង្កើត​អនុគណៈកម្មការ​បច្ចេកវិទ្យា​មួយ និង​បានរៀបចំ​កម្មវិធី​ថ្មី​សម្រាប់​ការ​បូក​ស្រង់​ពិន្ទុ​។ ក្រសួង​បាន​រៀបចំ​ធ្វើ​តេស្ត​រៀបចំ​ជា​មជ្ឈមណ្ឌល​កុំព្យូទ័រ​ ២ ដែល​មាន​ប្រព័ន្ធ​ ២ ​ទាំង​ប្រព័ន្ធ​ចាស់​ និង​ប្រព័ន្ធ​ថ្មី​។ ប្រសិន​បើ​កុំព្យូទ័រ​មួយ​មាន​បញ្ហា ក្រសួង​នឹង​សាក​លើ​កុំព្យូទ័រ​មួយទៀត​។

លោក​​ ណារ៉ុន ថ្លែង​ថា​៖ «​យើង​មាន​នីតិវិធី​ត្រួតពិនិត្យ​មើល​ថា​តើ​លទ្ធផល​ហ្នឹង​វា​យ៉ាងម៉េច​ដែរ​? យក​លទ្ធផល​មក​វិភាគ​មួយរយៈ​សិន និង​មិន​ផ្សព្វផ្សាយ​លទ្ធផល​ភ្លាមៗ​ទេ​។ គឺ​យើង​វិភាគ​ហើយ ទើប​យើង​ឱ្យ​អ្នក​បច្ចេកទេស​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​កម្មវិធី​ទៀត​ត្រូវ​មើល​ថា តើ​លទ្ធផល​ហ្នឹង​វា​ត្រឹមត្រូវ​ឬក៏​អត់​? ទើប​យើង​នៅ​ប្រជុំ​សម្រេច​ប្រកាស​លទ្ធផល​»​។

បើ​តាម​លោក​ ណារ៉ុន ក្រសួង​នឹង​អនុវត្ត​ទៅ​តាម​បទប្បញ្ញត្តិ​ដែល​បាន​ដាក់​ចេញ​។ នៅពេល​បេក្ខជន​ត្រូវបាន​រកឃើញ​ថា​មាន​សញ្ញា​សម្គាល់​ណាមួយ​នៅលើ​សន្លឹក​កិច្ចការ​ដែល​បញ្ជាក់ថា​មាន​ភាពមិនប្រក្រតី សន្លឹក​កិច្ចការ​នេះ​នឹងត្រូវ​បាន​ដកហូត​យក​ចេញ​មក​ភ្លាម និង​យកមក​វិភាគ​។ លោក​បន្ថែម​ថា​៖ «​ប្រសិន​បើ​ជា​សញ្ញា​ដើម្បី​បញ្ជូន​សារ​ហ្នឹង​ទៅ​គ្រូ​កែ គឺ​យើង​នឹង​ឱ្យ​ពិន្ទុ​សូន្យ​តាម​បទប្បញ្ញត្តិ​»​។

ក្រសួង​អប់រំ​បាន​ធ្វើ​កំណែទម្រង់​តាំងពី​ឆ្នាំ​ ២០១៤ ក្នុង​ការកាត់បន្ថយ​វិញ្ញាសា​ប្រឡង​ពី​ ១០ ​មុខវិជ្ជា​មក​នៅ​ត្រឹម​ ៧ ​មុខវិជ្ជា តែ​សិស្ស​ត្រូវ​រៀន​ ១០ ​មុខវិជ្ជា​។ មូលហេតុ​នៃ​ការកាត់បន្ថយ​ ៣ ​មុខវិជ្ជា​ចេញ​នេះ​លោក​រដ្ឋមន្ត្រី​អប់រំ​បញ្ជាក់​ថា ក្រសួង​ចង់ឱ្យ​សិស្ស​ខិតខំ​រៀនសូត្រ និង​មិន​ឱ្យ​សិស្ស​លួច​ចម្លង​ក្នុងពេល​ប្រឡង​។ ក្នុង​រយៈពេល​ប្រឡង​ ២ ​ថ្ងៃ បើ​សិស្ស​ត្រូវ​ប្រឡង​ដល់​ទៅ​ ១០ ​មុខវិជ្ជា នោះ​វា​មាន​ចំនួន​ច្រើន​។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ហើយ​ទៅតាម​ស្តង់ដា​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​អន្តរជាតិ​គឺ​គេ​មាន​តែ​ ៦ ​មុខវិជ្ជា​ផង​។ វា​មិនមែន​មាន​ ៧ ​ទេ ហើយ​ទី​ ៧ ​ហ្នឹង​គឺ​ភាសាបរទេស​ដែល​ជា​មុខវិជ្ជា​មួយ​គឺថា​ប្រសិន​បើ​សិស្ស​ហ្នឹង​ទទួល​ពិន្ទុ​ទាប​ជាង​មធ្យមភាគ​គឺ​អត់​យក​បូក​បញ្ចូល​ទេ​។ ប៉ុន្តែ​បើ​ច្រើនជាង​មធ្យមភាគ​ទើប​យក​បូក​បញ្ចូល​»​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ សាយ សំអាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សសយក​) ​រាជធានី​ភ្នំពេញ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថ្លែង​ប្រាប់​អ្នកកាសែត​ក្រោយ​បើក​ហិបវិញ្ញាសា​នោះ​ដែរ​ថា​សិស្ស​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​ច្រើន​ជាង​មុន​ឆ្ងាយ​បើ​ប្រៀបធៀប​ ៥ ​ឆ្នាំ​កន្លង​មក​នេះ​។ កាលពី​មុន សសយក បាន​បំប៉ន​ចំណេះដឹង​ដល់​និស្សិត​ជាច្រើន ប៉ុន្តែ​ឥឡូវនេះ​មិន​សូវ​មាន​និស្សិត​ច្រើន​ដូច​មុន​នោះ​ទេ​។

លោក​ សាយ សំអាល់ ថ្លែង​ថា​៖ «​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​គាត់​ចាប់ផ្តើម​រៀន​តាំងពី​ដើម​ទី​ទៅ​តែ​ម្តង​។ មើល​ទឹកមុខ​របស់​គាត់​ឃើញ​ស្រស់ស្រាយ​»​។

យុវជន​ ចិត្ត ចន្ទី ប្រឡង​នៅ​មណ្ឌល​អនុវិទ្យាល័យ​ចតុមុខ​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា​ការប្រឡង​មាន​ភាព​តឹងរ៉ឹង ព្រោះ​អប្បមាទ​នៅ​ខាង​ក្រៅ​បន្ទប់​ប្រឡង និង​អនុរក្ស​ ២ ​នាក់​នៅក្នុង​បន្ទប់ ចាំ​ឃ្លាំមើល​ក្រែងលោ​មាន​សិស្ស​លួច​ចម្លង​។ សំណៅ​ឯកសារ​មិន​អាច​យក​ចូល​បន្ទប់​ប្រឡង​បាន​ទេ​។

ចិត្ត ចន្ទី ថ្លែង​ថា​៖ «​និយាយ​រួម​អត់​ទាំងអស់​។ នៅលើ​តុ​មាន​តែ​ប៊ិច​ ២ បន្ទាត់​ ១ ហើយ​ក្រដាស​ប្រឡង​»​។ យុវជន​រូបនេះ​មាន​សង្ឃឹម​ត្រឹម​ ៦០%​។

យុវតី ប៊ុន ស្រីមាលានិការ ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា នាង​អាច​ធ្វើ​បាន​ដល់​ទៅ​ ៨០% ​នៃ​វិញ្ញាសា​ប្រឡង​។ មិន​មាន​បេក្ខជន​ណា​លួច​ចម្លង​បាន​ទេ ហើយក៏​មិនបាន​ងាក​សួរ​គ្នា​បានដែរ​។ បេក្ខជន​ធ្វើ​ដោយ​សមត្ថភាព​រៀងៗ​ខ្លួន​។

នាង​ថ្លែង​ថា​៖ «​បើ​ខ្ញុំ​អត់​យក​ (​ប្រ៊ុយយ៉ុង​) ​ចូល​ហ្មង​។ ខ្ញុំ​គិត​ថា អត់​មាន​នរណា​យក​ចូល​បាន ដោយសារ​គេ​ចាប់​ ២-៣ ​តង់​»៕