បាត់ដំបងៈ អតីត​មន្ត្រីឃុំ​ព្រែកជីក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ចូល​ទៅ​ឆ្លើយបំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី​កាលពី​ថ្ងៃ​ម្សិលមិញ​ពី​បទ​បាន​បង្ហោះ​នៅតាម​ហ្វេសប៊ុក​អំពី​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​បណ្ណ​ក្រីក្រ ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​។

លោក សំ បូរី អតីត​ជំទប់​ទី​ ១ នៃ​ឃុំ​ព្រែកជីក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា មន្ត្រីប៉ូលិស​នៅ​អធិការដ្ឋាន​ស្រុក​រុក្ខគិរី​បាន​សាកសួរ​លោក​អស់​រយៈពេល​ជាច្រើន​ម៉ោង​អំពី​មូលហេតុ​ដែល​លោក​បាន​បង្ហោះ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១០ ​ខែ​កក្កដា​កន្លង​ទៅ​ដែល​បាន​សរសេរ​ថា ពលរដ្ឋ​ដែលមាន​បណ្ណ​ក្រីក្រ ប៉ុន្តែ​ពុំ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ពី​ឃុំ​។

លោក​ថ្លែងថា​៖ «​នៅ​ព្រឹក​មិញ​ (២៣ ​កក្កដា​) ​គេ​ឱ្យ​ខ្ញុំ​បំភ្លឺ​ពី​បទបរិហារកេរ្ដិ៍​មេឃុំ​។ ប៉ុន្តែ​ខ្ញុំ​បញ្ជាក់ប្រាប់​អធិការ​ស្រុក​ថា ខ្ញុំ​អត់​មាន​បរិហារកេរ្តិ៍​អ្នកណា​ទេ ហើយ​បំណង​ពិត​របស់ខ្ញុំ​គឺ​ចង់ឱ្យ​ថ្នាក់ដឹកនាំ​របស់​យើង​បាន​ដឹងឮ​ខ្លះៗ ថា​គាត់​ដែល​មាន​បណ្ណ​ក្រីក្រ​ហ្នឹង​គឺ​ចាស់ជរា ហើយ​និង​មាន​អាយុ​រហូត​ដល់​ ៨៣ ​ឆ្នាំ​»​។

លោក​ បូរី បន្ថែម​ថា​ស្ដ្រី​វ័យ ៨៣ ​ឆ្នាំ​រូបនេះ គឺ​រស់នៅ​ក្នុងផ្ទះ​ប្រក់​ស័ង្កសី​ជាមួយ​កូន​ដែលជា​ស្ដ្រី​មេម៉ាយ​អាយុ​ ៦០ ​ឆ្នាំ ខណៈ​ចៅៗ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ហើយ​ខ្លះ​បាន​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ​ដោយសារ​អត់​មាន​ការងារ​ធ្វើ​ និង​មាន​ជំងឺ ហើយ​បន្ទាប់ពី​ព្យាបាល​ជំងឺ​ជាសះស្បើយ​ក៏​មិន​អាច​វិលត្រឡប់​ទៅរក​ការងារ​ធ្វើ​វិញ​បានដែរ​ដោយសារ​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​។

លោក​បញ្ជាក់ថា ស្ដ្រី​វ័យ​ចំណាស់​រូបនេះ បាន​មក​រក​លោក​ដល់​ផ្ទះ ដើម្បី​ពឹង​លោក​ឱ្យជួយ​បង្ហោះ​នៅលើ​ហ្វេសប៊ុក ដោយសារ​គាត់​ត្រូវបាន​ឃុំ​បដិសេធ មិន​បើកប្រាក់​ឧបត្ថម្ភ​ដែលជា​ប្រាក់​របស់​រដ្ឋាភិបាល​ជួយ​ទៅ​ដល់​ពលរដ្ឋ​ក្រីក្រ ដោយ​ខាង​ឃុំ​អះអាង​ថា បណ្ណ​ក្រីក្រ​របស់គាត់​បាន​ហួស​សុពលភាព​។ លោក​បញ្ជាក់ទៀត​ថា មុន​ចូលទៅ​បំភ្លឺ​នៅ​អធិការ​ស្រុក​នេះ គឺ​លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាឃុំ​ចំនួន​ ២ ​ដង​រួចហើយ គឺ​នៅ​ថ្ងៃទី​ ១៥ និង​ថ្ងៃទី​ ២០ ខែកក្កដា​។

លោក​ថា​៖ «​ខ្ញុំ​គិតថា ជា​អំពើ​ល្អ​ក៏​បាន​ជួយ​គាត់​ទៅ​។ គាត់​ចាស់​ឡើង​ញញីញញ័រ​ និង​យំ​អី​ផង ខ្ញុំ​អាណិត​ពេក​ក៏​បង្ហោះ​តាម​ហ្វេសប៊ុក​ទៅ ដើម្បី​ឱ្យគេ​ជួយ​។ រាល់ថ្ងៃ​ហ្នឹង គាត់​ពិបាក​ចិត្ត​ដោយសារ​អត់លុយ ហើយ​នៅពេល​គេ​ហៅ​ខ្ញុំ​ទៅ​បំភ្លឺ​ម្ដង​ហើយ​ម្ដងទៀត គាត់​កាន់​តែ​ព្រួយបារម្ភ​។ គាត់​ថា ក្មួយ​ឯង​ជួយ​ខ្ញុំ ប៉ុន្តែ​បែរ​ជា​មានទុក្ខ​ខ្លួនឯង​»​។

លោក សំ បូរី បញ្ជាក់​ថា​នៅក្នុង​បណ្ណ​ក្រីក្រ​របស់​ស្ដ្រី​រូបនោះ​គឺ​បាន​សរសេរ​ថា មាន​សុពលភាព​រយៈពេល​ ៤ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៦ ​ទៅ​។ លោក​អះអាងថា មកដល់​ពេល​នេះ ស្ដ្រី​វ័យ​ចំណាស់​រូបនោះ​មិន​ទាន់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នៅឡើយ​ទេ​។

ប៉ុន្តែ​លោក ប៊ុត បឿន មេឃុំ​ព្រែកជីក​មិន​បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​ទេ ដោយ​លោក​អះអាង​ថា ជាប់រវល់​ជិះ​ម៉ូតូ ហើយ​ពិបាក​ក្នុង​ការឆ្លើយឆ្លង​តាមរយៈ​ទូរស័ព្ទ​។

ប៉ុន្តែ​លោក ឆាយ ម៉ាប់ អធិការ​ស្រុក​រុក្ខគិរី​បាន​បញ្ជាក់ថា ការហៅ​ឱ្យ​លោក សំ បូរី មក​ឆ្លើយបំភ្លឺ គឺ​ដោយសារ​មាន​បណ្ដឹង​ពី​សាលាឃុំ​។ លោក​ថា​៖ «​ខ្ញុំ​សួរ​គាត់​តែ​ពី​ការប្ដឹង​ហ្នឹង គ្មាន​សួរ​ស្អី​ទេ​។ សួរថា គាត់​បាន​បង្ហោះ​ហ្នឹង​មែន ឬ​មិនមែន ហើយ​គាត់​ក៏​ទទួលស្គាល់​ដែរ​។ វា​គ្មាន​រឿង​អី​ទេ គ្រាន់តែ​រឿង​បណ្ណ​ក្រីក្រ​ហ្នឹង​ហួស​សុពលភាព​បើក​លុយ​អត់​បាន ប៉ុន្តែ​បានតែ​ទៅ​ព្យាបាល​ជំងឺ​នៅតាម​មណ្ឌល​សុខភាព​។ មាន​តែ​ប៉ុណ្ណឹង​ទេ​»​។

យ៉ាងណាក្តី​លោក យិន ម៉េងលី អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង​ដែល​ចុះ​ស្រាវជ្រាវ​រឿងនេះ​បាន​លើកឡើងថា ការកោះហៅ​ឱ្យ​លោក បូរី ចូល​ទៅ​ឆ្លើយបំភ្លឺ​នៅ​អធិការ​ស្រុក​នេះ គឺ​បន្ទាប់ពី​ខាង​សាលាឃុំ​បាន​ព្យាយាម​ដាក់​សម្ពាធ​ឱ្យ​លោក បូរី ចេញមុខ​សុំទោស​ជា​សាធារណៈ​នៅលើ​ហ្វេសប៊ុក​នូវ​អ្វីដែល​បង្ហោះ​នៅតាម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​​ ១០ ខែកក្កដា​​ ប៉ុន្តែ​លោក បូរី បាន​ប្រកាន់​ជំហរ​ថា ខ្លួន​មិនបាន​ធ្វើ​អ្វី​ខុស​។

លោក​បន្តថា​៖ «​ការកោះហៅ​ឱ្យចូល​ខ្លួន​នៅ​អធិការ​នេះ គឺ​ហាក់​ដូចជា​សកម្មភាព​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ​តែម្ដង​។ យើង​អះអាង​ថា ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ប្រជាធិបតេយ្យ​។ អ៊ីចឹង​យើង​មើលឃើញ​ថា ប្រទេស​ប្រជាធិបតេយ្យ​គឺ​ព័ត៌មាន​មាន​សារៈសំខាន់​ណាស់ ហើយ​បើសិន​អាជ្ញាធរ​ ឬ​រដ្ឋាភិបាល​ចេះ​យក​ព័ត៌មាន​ទៅប្រើប្រាស់​គឺ​នឹង​ក្លាយជា​ប្រយោជន៍​។ នៅពេល​បូរី​បង្ហោះ​ពី​បញ្ហា​នេះ​អ៊ីចឹង អាជ្ញាធរ​គួរ​ចុះ​ស្រាវជ្រាវ ថា​តើ​អ៊ំ​ហ្នឹង​ពិតជា​ក្រ​មែន​ឬ​យ៉ាងណា​»​។

កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួង​ផែនការ​បាន​ដក​ពលរដ្ឋ​ជាង ៦ ​ពាន់​គ្រួសារ ដែល​មាន​ជីវភាព​ធូរធា​ចេញ​ពី​ក្នុងចំណោម​ពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​។ ការដក​ពលរដ្ឋ​ទាំងនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ​បាន​ព្រមាន​មិន​លើកលែង ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​លួចបន្លំ​យក​សាច់ញាតិ​ ឬ​បងប្អូន​របស់ខ្លួន​ធ្វើ​ជា​ជនក្រីក្រ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នៅក្នុង​ពេល​មាន​ជំងឺ​កូវីដ​ ១៩៕