ភ្នំពេញៈ ផលិតផល​ប៊ីចេង​ក្លែងក្លាយ​ជាង​ ៤ ​តោន​ ដែលមាន​មនុស្ស​ចំនួន​ ៣ ​នាក់​ ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​រឹប​អូស និង​ឃាត់ខ្លួន ហើយ​ជនសង្ស័យ​ទាំង​ ៣​ ​នាក់​ កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ​ចម្លើយ​ពី​ម្សិលមិញ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយពី​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃទី​ ១០ ខែធ្នូ នៅ​សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​ ទូច យុទ្ធា អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្ដិការ​បង្ក្រាប​ទីតាំង​ស្ដុក​ទុក និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ​នេះ​កាលពី​ថ្ងៃទី​ ១០ ខែធ្នូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ម្ចាស់​អាជីវកម្ម​អំពី​ជនសង្ស័យ​កំពុង​ចរាចរ​លក់​ផលិតផល​ក្លែងក្លាយ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង​។

លោក​ថ្លែងថា​៖ «​ក្រុម​ប្រតិបត្ដិការ​របស់​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​ប្រចាំ​ចំពោះ​ករណី​ផលិតផល​ក្លែងក្លាយ​នេះ ដោយ​ស្រាវជ្រាវ​ជា​សម្ងាត់​ហើយ​យើង ពិនិត្យ​ឃើញ​ថា ផលិតផល​ប៊ីចេង​នេះ​មាន​ហានិភ័យ​ខ្ពស់ និង ពិតជា​ផលិតផល​ក្លែងក្លាយ​មែន​។ យើង​បាន​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​លក់​ប៊ីចេង​ប្រភេទ​នេះ គេ​ក៏​បាន​បញ្ជាក់ថា ពិតជា​ផលិតផល​ក្លែងក្លាយ​ពិតមែន​ទើប​យើង​ចុះ​ទៅ​បង្ក្រាប​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ក្រុមហ៊ុន​តែម្ដង​»​។

លោក​ យុទ្ធា បាន​បញ្ជាក់​ថា ផលិតផល​ប៊ីចេង​ក្លែងក្លាយ​នេះ​គឺជា​ប្រភេទ​ផលិតផល​ប៊ីចឹង សញ្ញា​ខ្ទះ​ទ្រវែក និង​សញ្ញា​រូបវែក​។ ក្រោយ​ការឆែកឆេរ​ក្នុង​ឃ្លាំង​ស្ដុក​ប៊ីចេង​នេះ​ក្នុង​ផ្ទះល្វែង​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ រកឃើញ​ផលិតផល​ប៊ីចេង​ក្លែងក្លាយ​ជាង​ ៤ ​តោន​។

លោក​ឲ្យ​ដឹងថា ក្រោយពី​ការបង្ក្រាប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ឃ្លាំង​ស្ដុក​ម្នាក់ ឈ្មោះ​ អ៊ីវ សារិន ភេទ​ប្រុស អាយុ ៤០ ​ឆ្នាំ​ ជា​ជនជាតិខ្មែរ និង​បុគ្គលិក​ចំនួន​ ២ ​នាក់​ផ្សេងទៀត​ក្នុង​នោះ​មាន​ម្នាក់​ជា​តៃកុង​ឡាន ដើម្បី​យកមក​សាកសួរ​បន្ដ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​ ទូច យុទ្ធា បាន​បញ្ជាក់ថា​៖ «​ឃ្លាំង​ស្ដុក​ផលិតផល​ប៊ីចេង​ក្លែងក្លាយ​នេះ គឺ​មិនមាន​ច្បាប់​អនុញ្ញាត​ទេ គឺ​យក​សម្បក​ថង់​ផលិតផល​របស់​គេ​មក​ច្រក​តែម្ដង​។ ករណី​នេះ​ទី​ ១ ​គឺជា​ផលិតផល​ក្លែងក្លាយ និង​ទី​ ២ គឺ​រំលោភ​លើ​យីហោ​ផលិតផល​អ្នកផ្សេង​។ ឥឡូវ​យើង​បាន​ឃុំខ្លួន​ជនសង្ស័យ បណ្ដោះអាសន្ន និង​កំពុង​បន្ដ​នីតិវិធី​សាកសួរ​ជនសង្ស័យ​ទាំង​ ៣ ​នាក់​»​។

លោក​បន្ដថា ម្ចាស់​ឃ្លាំង​ស្ដុក​មិនទាន់​ប្រាប់ថា​ផលិតផល​ប៊ីចេង នេះ​នាំចូល​មកពីណា​នៅឡើយ​ទេ គ្រាន់តែ​ប្រាប់​ថា ទៅ​ទិញ​ពី​ផ្សារ​មក​លក់​បន្ត​ប៉ុណ្ណោះ​៕