ភ្នំពេញៈសាលាឧទ្ធរណ៍ កាលពីម្សិលមិញ បានប្រកាសសាលដីកា សម្រេចតម្កល់ទោស ២នាក់ប្តីប្រពន្ធឲ្យជាប់ពន្ធនាគារក្នុងម្នាក់ ៦ និង ៨ឆ្នាំដដែល ពាក់ព័ន្ធបទចោទជួញដូរគ្រឿងញៀនយ៉ាម៉ាចំនួន ៥២៤ គ្រាប់ និងម៉ាទឹកកកចំនួន៣៣ កញ្ចប់នៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកបណ្ឌលសិមា ខេត្តកោះកុង កាលពីឆ្នាំ ២០១៦។
លោក យន់ ណារ៉ុងចៅក្រមប្រឹក្សាជំនុំជម្រះ បានអានសាលដីកាកំបាំងមុខជនជាប់ចោទទាំង ២ នាក់ថាឈ្មោះ សៅ សុខណា និងប្តីឈ្មោះ សុយ ប៉ូឡូញ ត្រូវបានជំនុំជម្រះ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ ពាក់ព័ន្ធបទជួញដូរគ្រឿងញៀន ហើយក្រុមប្រឹក្សាជំនុំជម្រះ សម្រេចថា តម្កល់សាលក្រមជនទាំងពីរឲ្យនៅដដែល។
កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៧ សាលាដំបូងខេត្តកោះកុង បានសម្រេចផ្តន្ទាទោសស្ត្រីជាប់ចោទ សៅ សុខណា អាយុ ៤៨ ឆ្នាំ ឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ និងបុរសជាប្តី ឈ្មោះ សុយ ប៉ូឡូញ អាយុ ៤៩ ឆ្នាំ ឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំក្រោមការចោទប្រកាន់ពីបទ«ជួញដូរនិងរក្សាទុកគ្រឿងញៀនខុសច្បាប់»៕