ភ្នំពេញៈ រូបចម្លាក់បដិមាចំនួន ៧ ដែលបានរឹបអូសពីឧក្រិដ្ឋជនតាមអំណាចសាលក្រមនៃសាលាដំបូងរាជធានីភ្នំពេញត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរជាតិ។ ដោយឡែកសិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ខេត្តសៀមរាប ត្រូវបានចុះលេខ K.1459 នៅក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា។
លោក ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងពីម្សិលមិញថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលរូបចម្លាក់បដិមាចំនួន ៧ ពីមន្ត្រីសាលាដំបូងរាជធានី-ភ្នំពេញនៅថ្ងៃទី ២១ ខែកក្កដា។ ក្នុងនោះមានរូបចម្លាក់ក្លែងក្លាយ ១ [រូបចម្លាក់ធ្វើថ្មី] ដែលរឹបអូសជាមួយគ្នានោះក៏បានប្រគល់ជូនគណៈប្រតិភូដែរ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរជាតិសម្រាប់ធ្វើជាសម្បត្តិខ្មែរទាំងអស់គ្នា។
លោកឲ្យដឹងថា រូបចម្លាក់ទាំង ៧ នេះ [ចម្លាក់ថ្មី ១] រួមមាន រូបបដិមាផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាដែលត្រូវបានសាងសង់ឡើងនៅសម័យអង្គរ និងក្រោយសម័យអង្គរ។ ក្នុងនោះមានរូបចម្លាក់ខ្លះបានបាក់បែកចេញពីរូបរាងដើម ប៉ុន្ដែមន្ត្រីជំនាញបានប្រមូលផ្សំផ្គុំ និងតភ្ជាប់ឡើងវិញ។
លោកបញ្ជាក់ថា៖ «រូបចម្លាក់ទាំងនេះត្រូវបានធ្វើឡើងអំពីថ្មភក់ ហើយត្រូវជនល្មើសលួចយកចេញពីតំបន់បុរាណមួយចំនួន ប៉ុន្ដែសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពីតុលាការបានសម្រេចឃុំខ្លួនជនសង្ស័យហើយបានរឹបអូសរូបចម្លាក់នេះរក្សាទុកនៅតុលាការហ្នឹងយូរឆ្នាំហើយ។ ប៉ុន្ដែឥឡូវនេះគាត់បានប្រគល់មកឲ្យយើងរក្សាទុកនៅសារមន្ទីរជាតិ ដែលជាកន្លែងសមរម្យ»។
ដោយឡែកសិលាចារឹកភាសា សំស្ក្រឹត ១ ផ្ទាំងមានអក្សរ ៥៥ បន្ទាត់កម្ពស់ ១០០ សង់ទីម៉ែត្រ ទទឹង ៤០ សង់ទីម៉ែត្រ និងកម្រាស់ ២០ សង់ទីម៉ែត្រ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាស្នើសុំឲ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរ ១ ក្រុមហៅថា “Corpus des Inscriptions Khme''res (CIK)” ជួយពិនិត្យចុះបញ្ជីសារពើភណ្ឌកម្ពុជា។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាឲ្យដឹងថា សិលាចារឹកភាសាសំស្ក្រឹត ១ ផ្ទាំងនេះត្រូវបានរកឃើញនៅការដ្ឋាន ជួសជុលប្រាសាទទន្លេស្ងួតកាលពីខែមិថុនា ឆ្នាំ ២០២០។ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាជាអ្នករកឃើញសិលាចារឹកនេះ។
តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើសុំឲ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរ ១ ក្រុមដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ាជួយពិនិត្យចុះបញ្ជីសារពើភណ្ឌកម្ពុជា។
លោក ទីណា បានថ្លែងថា៖ «បើពិនិត្យលើទម្រង់អក្សរសិលាចារឹកនេះយើងសន្និដ្ឋានបានថា ពុំមែនជាអក្សរចារក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ទេ ព្រោះអក្សរមានរាងមូលខុសពីអក្សរក្នុងរាជ្យព្រះអង្គដែលច្រើនមានរាងជ្រុង។ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាបានស្នើឲ្យជួយពិនិត្យ ដើម្បីចុះបញ្ជីលេខសម្គាល់។ ក្រោយពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈបច្ចេកទេសលើព័ត៌មានមួយចំនួនដែលទទួលបានពីអាជ្ញាធរជាតិអប្សរាបានរកឃើញថា សិលាចារឹកនេះពិតជាសិលាចារឹកដែលពុំទាន់បានចុះបញ្ជីនៅឡើយដែលកសាងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧ មែនទើបបានសម្រេចចុះបញ្ជីសិលាចារឹក ប្រាសាទទន្លេស្ងួត K.1459»។
លោកបញ្ជាក់ដែរថា ចំពោះចំនួនសិលាចារឹកជាភាសាខ្មែរក្តីជាភាសាសំស្ក្រឹតក្តីដែលបានរកឃើញនៅលើទឹកដីកម្ពុជា និងនៅលើអតីតទឹកដីកម្ពុជាបានចុះបញ្ជីរួចចាប់ពីទសវត្សរ៍ឆ្នាំ ១៩២០ ដែលមានលោក George Coede''s ជាអ្នកផ្តួចផ្តើមរៀបចំចុះបញ្ជីដំបូងគេ។ រហូតមកដល់សព្វថ្ងៃនេះមានចំនួន ១ ៤៥៩ រួមទាំងសិលាចារឹកប្រាសាទទន្លេស្ងួតដែលទើបចុះបញ្ជីរួចថ្មីៗនេះផងដែរ៕