ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមស្នើឲ្យរដ្ឋាភិបាលផ្តល់មន្ត្រីចុះទៅយកសំណាកដល់ផ្ទះរបស់ពួកគាត់ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នា ខណៈពួកគេបារម្ភពីសុវត្ថិភាពនៃការឆ្លងក្នុងអំឡុងពេលទៅធ្វើតេស្ត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងថា ការបង្ហាញក្តីបារម្ភ និងសំណើនេះ បានធ្វើឡើងជាបន្តបន្ទាប់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់ក្រហម ទៅយកសំណាកជាកំហិតនៅទីតាំងចំនួន ៣ ក្នុងខណ្ឌនីមួយៗ ដែលបានបិទខ្ទប់ ខណៈនៅថ្ងៃដំបូងមានមនុស្សជាច្រើន បានសម្រុកទៅធ្វើតេស្តនៅតាមទីតាំងនីមួយៗ។
គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kourchettana បានសរសេរមតិយោបល់នៅទំព័រហ្វេសប៊ុករបស់សាលារាជធានីយ៉ាងដូច្នេះថា ដោយសារមានក្រុមគ្រួសារជាច្រើននៅក្នុងតំបន់ក្រហមគោរពតាមវិធានការសុខាភិបាលបានខ្ជាប់ខ្ជួន ដោយមិនហ៊ានចេញក្រៅផ្ទះនោះទេ។ ដូច្នេះ ស្នើដល់សាលាក្រុងមេត្តាយកសំណាកតាមវិធីណាមួយដែលអាចធ្វើទៅបាន និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ព្រោះការចេញទៅក្រៅទៅកន្លែងប្រមូលផ្តុំ ដើម្បីទៅយកសំណាកវាអាចបង្កហានិភ័យដល់ពលរដ្ឋចំពោះការឆ្លងនៅក្នុងតំបន់ដែលមានអត្រាឆ្លងខ្ពស់។ សូមអរគុណដល់សាលាក្រុងសម្រាប់ការពិចារណា។
លោកបញ្ជាក់ថា៖ «ការយកសំណាក់តាមវិធីណាមួយដែលអាចធ្វើទៅបាន ដូចជាចុះយកសំណាកតាមប្លុកដោយក្នុងមួយប្លុកមានរាប់រយ ឬពាន់គ្រួសារ (ឧទាហរណ៍៖ ប្លុកបុរីណាមួយ)។ ការយកសំណាក់ដោយបែងចែកឱ្យដាច់រវាងប្លុកមុខសញ្ញាឆ្លងខ្ពស់ ដោយផ្អែកលើទិន្នន័យនៃអ្នកឆ្លងពីមុន (ដូចជាកម្មករ កម្មការី អ្នកលក់ដូរ---) និងប្លុកមិនឆ្លងខ្ពស់នៅក្នុងតំបន់ក្រហម ដើម្បីចៀសវាងអ្នករស់នៅក្នុងប្លុកឆ្លងច្រើនធ្វើដំណើរទៅយកសំណាកនៅប្លុកដែលមានឆ្លងតិច ដែលនាំឱ្យមានការលាយឡំគ្នា»។
ចំណែកគណនីមួយទៀត ដែលមានឈ្មោះ Bolen Lee បានបញ្ចេញមតិរបស់ខ្លួនយ៉ាងដូច្នេះថា មតិរបស់ខ្ញុំយោបល់របស់ពលរដ្ឋ ដែលបានបង្ហាញពីក្តីបារម្ភ និងមធ្យោបាយមួយចំនួននេះ គឺអាចឲ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅពិចារណាក្នុងន័យរៀបចំផែនការឱ្យបានលម្អិតជាងនេះ។
លោកបន្តថា៖ «ចៀសវាងហានិភ័យតាមរយ:ការជួបជុំយកសំណាក ដោយហេតុថា តំបន់ក្រហមក៏មានប្លុកខ្លះប្រឈមខ្លាំង ប្លុកខ្លះតិចតួច និងប្លុកខ្លះមិនប្រឈម ជាពិសេសប្រជាពលរដ្ឋខ្លះបានចាក់វ៉ាក់សាំង ២ ដងរួចទៅហើយ ដូច្នេះ បើទៅយកសំណាករួមគ្នា មិនមែនជាការល្អទេ។ សូមរៀបផែនការលម្អិតឡើងវិញ ជាការប្រសើរ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយលោកមិនលើកទូរស័ព្ទ។ ប៉ុន្តែលោកបានឆ្លើយតបជាមួយបណ្តាញព័ត៌មានផ្លូវការ Fresh News នៅថ្ងៃនេះថា ក្រោយទទួលបានការលើកឡើងជាច្រើនពាក់ព័ន្ធនឹងការយកសំណាកនៅតំបន់ក្រហមនោះ ក្រសួងសុខាភិបាល និងសាលារាជធានី នឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅជិតលំនៅឋានរបស់បងប្អូនទាំងឡាយណា ដែលពិបាកធ្វើដំណើរចេញមកក្រៅ និងមកកាន់កន្លែងយកសំណាកដែលអាជ្ញាធរបានត្រៀមរៀបចំ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ «សម្រាប់ជនពិការ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូន អ្នកមើលថែទារក និងអ្នកដែលមានជំងឺប្រចាំកាយ មិនអាចធ្វើដំណើរមកកាន់កន្លែងយកសំណាកបាននោះ ខាងក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញនឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅកន្លែងពួកគាត់ ពោលនៅជិតលំនៅឋានផ្ទាល់តែម្តង ដើម្បីជួយសម្រួលដល់ពួកគាត់»៕