ព្រះសីហនុៈ ប្រជាពលរដ្ឋ ១២០ គ្រួសារស្ថិតក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុបាននាំគ្នាផ្តិតមេដៃដាក់លិខិតស្នើសុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសុំអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី និងចុះបញ្ជីធ្វើប្លង់ជូនពួកគាត់ដើម្បីបានប្រើប្រាស់អាស្រ័យផល។ នេះបើតាមលោក សុខ និល ជាតំណាងប្រជាពលរដ្ឋថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញ។
លោក និល បានឱ្យដឹងថា ដីចំណុចភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលតាំងពីឆ្នាំ ១៩៩៤។ នៅឆ្នាំ ២០០៤ មានក្រុមហ៊ុនអាមេរិកាំងមកទិញដីពីប្រជាពលរដ្ឋ ដើម្បីដាំដើមកាស្យា ដែលមានលោក សំណាង ជាតំណាងអ្នកទិញ ចំណែកលោក ទី សារុំ និងលោក ផុង គា ជាអ្នកគួកជេរប្រមូលឱ្យក្រុមហ៊ុនដោយក្នុង ១ ហិកតាតម្លៃ ៥០ ដុល្លារ។ ក្រុមហ៊ុនធ្លាប់សន្យាថា ក្នុងរយៈពេល ៥ ឆ្នាំ បើមិនបានអភិវឌ្ឍនឹងប្រគល់ដីដែលបានទិញឱ្យមកប្រជាពលរដ្ឋវិញ។ នៅពេលក្រុមនិស្សិតចុះវាស់វែងចេញប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅឆ្នាំ ២០១២ តំណាងក្រុមហ៊ុនបានប្រាប់ពលរដ្ឋថា ដីក្រុមហ៊ុនទិញនោះហួសពេលអភិវឌ្ឍហើយ ប្រគល់ជូនប្រជាពលរដ្ឋតាមរយៈអាជ្ញាធរ ភូមិ ឃុំ ជាអ្នកចែកជូន។
តំណាងប្រជាពលរដ្ឋរូបនេះប្រាប់ថា នៅពេលក្រុមនិស្សិតចុះវាស់វែងឆ្នាំ ២០១២ គឺវាស់តែដីដែលប្រជាពលរដ្ឋមិនបានលក់ឱ្យក្រុមហ៊ុនតែប៉ុណ្ណោះ រីឯដីដែលក្រុមហ៊ុនប្រគល់ឱ្យប្រជាពលរដ្ឋវិញនោះមិនបានវាស់វែងទេ។
លោក និល ថ្លែងថា៖ «នៅពេលមន្ត្រីជំនាញសុរិយោដី និងក្រុមនិស្សិត បានប្រកាសពីលទ្ធផលវាស់វែងដី ប្រជាពលរដ្ឋទាំងអស់បានពិនិត្យឃើញថា នៅចំណុចដីដែលក្រុមហ៊ុនបានទិញ និងប្រគល់ជូនប្រជាពលរដ្ឋវិញនោះនៅទំនេរ ទើបពួកខ្ញុំរស់នៅអាស្រ័យផលជាក់ស្តែងរហូតមក»។
បើតាមការបញ្ជាក់របស់លោក និល នៅឆ្នាំ ២០១៦ មានដីកាកោះហៅរបស់តុលាការពីបទពាក់ព័ន្ធនឹងអំពើធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស រំលោភកាន់កាប់លើអចលនវត្ថុអ្នកដទៃដោយហិង្សា ប៉ុន្តែមិនដឹងថាអ្នកណាជាអ្នកប្តឹងនោះទេ។
លោក និល បញ្ជាក់ថា៖ «ពួកខ្ញុំបានឡើងតុលាការជាច្រើនលើកតាមដីកាកោះហៅ ប៉ុន្តែរកម្ចាស់កម្មសិទ្ធិ ដែលជាដើមបណ្តឹងមិនឃើញ [តុលាការមិនបញ្ចេញ ឈ្មោះដើមបណ្តឹង]។ ក្រោយពេលទទួលដំណឹងថា រដ្ឋបាលខេត្តព្រះសីហនុឱ្យប្រជាពលរដ្ឋដាក់ពាក្យសុំចុះបញ្ជីដី ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងកសិកម្មនៅតាមឃុំសង្កាត់ ពួកខ្ញុំបានទៅដាក់ពាក្យ ប៉ុន្តែអាជ្ញាធរឃុំសង្កាត់មិនទទួលដាច់ខាត ដោយសំអាងថា ដីមានម្ចាស់ហើយ»។
លោក ជ័យ សាំង មេភូមិវាល បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នៅឆ្នាំ ២០១២ មានការចេញប្លង់កម្មសិទ្ធិជូនម្ចាស់ដីរួចរាល់ហើយនៅតំបន់នោះ ប៉ុន្តែនៅឆ្នាំ ២០១៥ ដោយសារតែដីដែលថា លក់ឱ្យទៅក្រុមហ៊ុន មិនឃើញមានការអភិវឌ្ឍ ទើបប្រជាពលរដ្ឋនាំគ្នាទៅរស់នៅលើដីនោះឡើងវិញ។
លោក សាំង ថ្លែងថា៖ «នៅពេលមានការប្តឹងទៅតុលាការ ដើមឡើយដីទីនោះមានតែ ៤០ គ្រួសារទេ អ្នកខ្លះបានធ្វើប្លង់រឹងហើយក៏លក់អស់ជាបន្តបន្ទាប់ រួចធ្វើការចាប់នៅកន្លែងផ្សេងៗក្បែរនោះ ដែលជាដីរបស់គេមានកម្មសិទ្ធិលក់តគ្នា ពាសវាលពាសកាល រញ៉េរញ៉ៃ ពេញហ្នឹង»។
លោក ផុង គា មេឃុំកំពង់សិលាបានឱ្យដឹងថា ពិតជាមានអ្នកចុះទៅទិញដីនៅក្នុងតំបន់នោះមែន ប៉ុន្តែការទិញនោះ មិនមែនជាលក្ខណៈក្រុមហ៊ុនទិញផ្ទាល់ទេ គឺគេទិញដើម្បីយកទៅលក់ឱ្យក្រុមហ៊ុន ដើម្បីអាចធ្វើការអភិវឌ្ឍតំបន់នោះ។
លោក គា ថ្លែងថា៖ «មានការប្រមូលទិញដីនៅតំបន់ភូមិវាលហ្នឹងមែននៅឆ្នាំ ២០០៥ តាំងពីខ្ញុំមិនទាន់ក្លាយជាមេឃុំ អ្នកប្រមូលទិញហ្នឹងគឺឈ្មោះ សំណាង ថាទិញហ្នឹងទិញបម្រុងលក់ឱ្យក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុន គេអត់យក សំណាង គេរក្សាទុកជារបស់គេវិញ ដោយធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវ»។
បើតាមលោក គា ក្រោយមកមានបទបញ្ជា ០១ ខាងជំនាញបានចុះមកវាស់វែង ដើម្បីសម្រួលចែកជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធនៅតំបន់នោះ ប្រមាណ ១០០ គ្រួសារមានឯកសារត្រឹមត្រូវប្រគល់ឱ្យពួកគាត់រួចម្តងមកហើយ ប៉ុន្តែនៅឆ្នាំ ២០១៩-២០២០ នេះ ស្រាប់តែមានប្រជាពលរដ្ឋទាំងអ្នកនៅក្នុងភូមិ និងមកពីខាងក្រៅ ទៅកាប់រានយកដីរបស់គេដែលមានកម្មសិទ្ធិហើយនោះ ធ្វើជារបស់ខ្លួនទៅវិញ។ ប្រជាពលរដ្ឋក្នុងភូមិខ្លះទៅចាប់យករបស់គេថែម ខ្លះមកពីក្រៅ ចេះតែទៅចាប់ដីដែលគេមានប្លង់កម្មសិទ្ធិ ហើយលក់ឱ្យគ្នាឯងគ្មានលិខិតស្នាម គ្មានអីទេ៕