ព្រះសីហនុៈ ពលរដ្ឋ​ ៦ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​ម្នាក់​ពាក់ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី​ ៨៥ ​ហិកតា​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​។

ប្រជាពលរដ្ឋ​ ៦ ​នាក់​ក្នុង​ចំណោម​ ៥៦ ​គ្រួសារ​ត្រូវ​បាន​លោក​ឧកញ៉ា​ឈ្មោះ តាន់ តាត់ ប្តឹង​ទៅ​កងរាជ​អាវុធហត្ថ​ខេត្ត ហើយ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន ខណៈ​ពួកគេ​កំពុង​ត្រួសត្រាយ​សម្អាត​ស្មៅ និង​ព្រៃ​នៅ​លើដី​របស់​ខ្លួន​ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​មក​ដោយ​មាន​ការទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​។

បើ​យោង​តាម​ពលរដ្ឋ និង​លោកស្រី​ ជៀប សុធារី អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ គឺ​ទាំង​ប្រជាពលរដ្ឋ និង​លោក​ឧកញ៉ា តាន់ តាត់ សុទ្ធ​តែ​មាន​លិខិត​កាន់កាប់​លើ​ដី​នោះ​រហូត​ដល់​ទៅ​ ១៦ ប័ណ្ណ​ភោគៈ ដែល​ស្មើ​នឹង​ ៨៥ ​ហិកតា​។

លោកស្រី​ សុធារី បញ្ជាក់​ថា៖ «​ពលរដ្ឋ​ត្រូវ​ប្តឹង​រឿង​ព្រហ្មទណ្ឌ​ពី​បទហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​ស្រប​ច្បាប់​។ គាត់​រស់នៅ​កាន់កាប់​ដី និង​ត្រួសត្រាយ​ដី​អ៊ីចឹង​ទៅ​ព្រោះ​គាត់​មាន​ឯកសារ​កាន់កាប់​ដី​ដែរ​»​។

លោកស្រី​បន្ថែម​ថា​ពលរដ្ឋ​ទាំង​ ៦ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កាលពី​យប់​ថ្ងៃ​អាទិត្យ និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ខេត្ត​កាលពី​ម្សិលមិញ​។ លោក​ យឹម ប៊ុណ្ណារ៉េត អ្នក​នាំពាក្យ​តុលាការ​ខេត្ត​ព្រះសីហនុ​ថា​លោក​មិន​បាន​ដឹង​ពី​ករណី​នេះ​ទេ​។

លោក​ ហ៊ី រ៉ា អាយុ​ ៣៦ ​ឆ្នាំ​ជា​កូនប្រុស​របស់​ស្ត្រី​ដែល​ត្រូវ​ឃាត់​ខ្លួន​ឈ្មោះ​ លុច ទូច បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​នោះ​ក៏​មាន​គេ​មក​ប្រាប់​ថា ដី​នោះ​មាន​ម្ចាស់ ហើយ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​សកម្មភាព​លើ​ដី​នោះ​។ ពលរដ្ឋ​បាន​ឲ្យ​ភាគី​ដែល​អះអាង​នោះ​បង្ហាញ​ខ្លួន និង​ជួប​គ្នា​បង្ហាញ​ឯកសារ​។ ប៉ុន្តែ​ភាគី​ដែល​អះអាង​នោះ​មិន​ដែល​ទៅ​ជួប​ពលរដ្ឋ​ឡើយ​ក្នុង​រយៈពេល​ជាង​ ១ ​ខែ​មក​ហើយ​។

លោក​បាន​និយាយ​ថា៖ «​ដី​ហ្នឹង​ខ្ញុំ​នៅ​តាំងពី​ឆ្នាំ ១៩៩២ ​មក​ម្ល៉េះ ម៉េច​ត្រូវ​មាន​ម្ចាស់​មាន​ប្លង់​? សុំ​ជួប​គេ​តែ​មិន​ឃើញ​មក​ជួប​ក៏​នាំ​គ្នា​ត្រួសត្រាយ ស្មៅ និង​ព្រៃ​ក្រោយ​ផ្ទះ​ហ្នឹង​ទៅ​។ គេ​ក៏​ចាប់ផ្តើម​ដាក់​កម្លាំង​អាវុធហត្ថ​ហ្នឹង​ចុះ​មក​ចាប់​គាត់​ដោយ ថា​ធ្វើ​សកម្មភាព​ជាក់ស្តែង​។ អត់​មាន​ដីកា​អី​មួយ​មក​ប្រាប់​យើង​ឲ្យ​ច្បាស់លាស់​នោះ​ទេ​»​។

អ្នកស្រី ជៀប សុធារី បាន​បន្ថែម​ថា​ក្រោយ​ពី​មាន​ការ​ឃាត់​ខ្លួន​នោះ​ក្រុមគ្រួសារ​ពលរដ្ឋ​បាន​ទៅ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ពី​អាដហុក ហើយ​អង្គការ​បាន​ពន្យល់​ពី​នីតិវិធី​ច្បាប់ និង​ណែនាំ​ឲ្យ​ពួកគាត់​ដាក់​ឯកសារ​ពាក់ព័ន្ធ​ទៅ​មន្ត្រី​អាវុធហត្ថ​ផង​ដែរ​។

លោក​ ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​មិន​អាច​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ឧកញ៉ា តាន់ តាត់ ដើម្បី​បញ្ជាក់​ពី​រឿងហេតុ ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​អះអាង​ថា​លោក​មិនមែន​លោក ឧកញ៉ាតាន់ តាត់ ទេ​៕