
ក្រុមប្រជាសហគមន៍នៅមុខតុលាការខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១០ មីនា។ រូប Kroeung Tola's fb
មណ្ឌលគិរីៈ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ព្រៃឈើស្ថិតក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបង្ហាញក្តីបារម្ភជុំវិញការបន្តកាប់ទន្ទ្រានដីព្រៃសហគមន៍របស់ខ្លួនពីសំណាក់ឧកញ៉ា និងឈ្មួញធំៗ ដោយពួកគេសុំឱ្យអាជ្ញាធរជួយទប់ស្កាត់ផង។ អាជ្ញាធរដែនដីអះអាងថា នឹងចុះស្រាវជ្រាវករណីនេះ។
ពីម្សិលមិញមានគ្រឿងចក្រ និងក្រុមឈ្មួញដែលមិនស្គាល់ឈ្មោះជាច្រើននាក់ បានបន្តចុះមកទន្ទ្រានដីសហគមន៍ព្រៃឈើនេះ បើទោះជាប្រជាសហគមន៍ ធ្លាប់បានចុះការពារ និងហាមឃាត់ ដោយឈានដល់មានការដាក់ពាក្យបណ្តឹងទៅតុលាការផងដែរក៏ដោយ។
អ្នកស្រី សេង ណុប ជាពលរដ្ឋធ្លាប់បានចេញមុខប្តឹងតវ៉ាពីការកាប់ទន្ទ្រានដីសហគមន៍របស់ខ្លួនកាលពេលកន្លងទៅបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ដីសហគមន៍អ្នកស្រីដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម ទំហំ ១ ៣២៣ ហិកតា មានពលរដ្ឋជាង ១៥០ គ្រួសាររស់នៅត្រូវបានអ្នកមានអំណាច និងឧកញ៉ាទន្ទ្រានយកជាបន្តបន្ទាប់។
អ្នកស្រីបារម្ភថា៖ «ដីសហគមន៍នេះ គឺសម្រាប់អាស្រ័យរបស់សហគមន៍ជនជាតិដើមភាគតិច ធ្វើស្រែចម្ការ ហើយមិនមែនរបស់ផ្ទាល់ខ្លួននរណាទេ។ វាបាត់ជិត [អស់] ហើយ យើងបារម្ភលើសពីបារម្ភ ព្រោះមិនមានសង្ឃឹមថា គេនឹងជួយឱ្យសហគមន៍យើងវិញនោះទេ»។
អ្នកស្រីបន្តថា ការកាប់ទន្ទ្រានបានកើតឡើងអស់ជាច្រើនឆ្នាំមកហើយ បើទោះជាប្រជាសហគមន៍បានប្តឹងទៅតុលាការ ក៏គ្មានចំណាត់ការសម្រាប់សហគមន៍អ្នកស្រីដែរ។
អ្នកស្រីបញ្ជាក់ថា៖ «គេទន្ទ្រានយកធ្វើរីសត ធ្វើចម្ការធ្វើអីអីជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេតែម្តង។ ខ្ញុំឆ្ងល់ដែរ ដីសុទ្ធតែមានព្រៃឈើធំ ហើយជាដីសហគមន៍ ហេតុអ្វីបានគេថា គេមានប្លង់រឹង មានអី អ៊ីចឹង ខ្ញុំមិនយល់ទេ។ ដូចពួកខ្ញុំ មានដីស្រែ ដីចម្ការពីដូនតាអីនៅហ្នឹង គេមិនអាចចេញប្លង់ឱ្យទេ»។
ពលរដ្ឋសហគមន៍ម្នាក់ទៀតដែលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពបានលើកឡើងថា លោកបារម្ភដីសហគមន៍ព្រៃឈើ ដែលពលរដ្ឋខំការពារនឹងត្រូវបានបាត់បង់អស់ ព្រោះតែស្ថានភាពនៃការកាប់ទន្ទ្រាននៅតែកើតមានឡើងជាបន្តបន្ទាប់។ លោកស្នើឱ្យអាជ្ញាធរ ជាពិសេសរដ្ឋាភិបាល ការពារដីព្រៃសហគមន៍នេះឱ្យបានសម្រាប់កូនចៅជំនាន់ក្រោយជនជាតិដើមរបស់លោក។
លោកបញ្ជាក់ថា៖ «អ្នកឈូសឆាយនេះ យើងមិនដឹងច្បាស់ទេ គ្រាន់ដឹងថាជាក្មួយជំទាវនៅភ្នំពេញ។ នៅពេលមានការកាប់ទន្ទ្រាន គឺមានមនុស្សផ្សេងៗគ្នារហូត តែតាមពិត គឺបុគ្គលតែ ១ ក្រុមហ្នឹងទេ។ តាមផែនទីដែលយើងមានមក ដីនេះគឺជាដីសមូហភាពរបស់សហគមន៍ ការពារព្រៃឈើ ដែលយើងបានព្យាយាមទប់ស្កាត់ តែកាន់តែអស់ទៅពេលនេះទប់ស្កាត់លែងរួចតែម្តង»។
លោក មើល សឿន អភិបាលស្រុកពេជ្រាដាបញ្ជាក់ពីម្សិលមិញថាលោកមិនទាន់បានដឹងថា មានអ្នកទៅកាប់ទន្ទ្រានដីសហគមន៍ព្រៃឈើនេះនោះទេ។ ប៉ុន្តែលោកអះអាងថា លោកនឹងចាត់ក្រុមការងារចុះទៅពិនិត្យ។ ទោះយ៉ាងណាលោកបានបដិសេធបកស្រាយព័ត៌មាននានាជុំវិញដីសហគមន៍នេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹង ការចោទប្រកាន់នេះច្បាស់ទេ តែក្រែងលោដីគេមានប្លង់កម្មសិទ្ធិទេដឹង។ ខ្ញុំអត់ដឹងទេ ចាំមើលខ្ញុំឱ្យ [មន្ត្រី] ជំនាញស្រាវជ្រាវសិន»។
ចំណែកលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានបដិសេធធ្វើអត្ថាធិប្បាយ ដោយអះអាងថា លោកមិនបានដឹង។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លើកឡើងថាករណីរំលោភដីធ្លីពីសំណាក់អ្នកមានលុយមានអំណាចនៅក្នុងខេត្តមណ្ឌលគិរីនេះមានរឿងជាបន្តបន្ទាប់ ខណៈឃើញមានចំណាត់ការពីខាងថ្នាក់ដឹកនាំរដ្ឋាភិបាលកន្លងមកផងដែរនោះ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ករណីខ្លះនៅតែបន្តកើតមានឡើងដដែល។
លោកស្នើថា៖ «ដូច្នេះហើយយើងទទូចសុំឱ្យប្រមុខរដ្ឋាភិបាលត្រូវបន្តចាត់មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យលើករណីទាំងនេះឡើងវិញ។ បើសិនជាមានជនណាប្រព្រឹត្តល្មើសច្បាប់ត្រូវតែចាត់វិធានការតាមច្បាប់ដើម្បីព្រមានកុំឱ្យកើតមានករណីបែបនេះកើតឡើងទៀត និងក៏ជាការបង្ហាញពីការពង្រឹងការអនុវត្តច្បាប់ដោយមិនរើសមុខផងដែរ»។
កាលពីអំឡុងឆ្នាំ ២០១៧ តំណាងសហគមន៍ព្រៃឈើបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីឱ្យចាត់វិធានការបុគ្គល និងឈ្មួញអ្នកមានលុយមានអំណាច ដែលកាប់ទន្ទ្រានដីរបស់សហគមន៍ធ្វើជាកម្មសិទ្ធិដោយអះអាងថា ដីសហគមន៍ព្រៃឈើភូមិពូរ៉ាដែតគឺមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ។ ប៉ុន្តែបណ្តឹងនេះមិនត្រូវបានចាត់ការនោះទេ ដែលជាហេតុនាំឱ្យសហគមន៍បន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត។ នេះបើតាមការអះអាងរបស់ប្រជាសហគមន៍៕