មណ្ឌលគិរីៈ សហគមន៍ការពារព្រៃឈើនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីម្សិលមិញបាននាំគ្នាដាក់ពាក្យប្ដឹងបុគ្គល ឈ្មោះ សារឿន ម៉ាប់ អតីតមន្ត្រីយោធា ទៅអធិការនគរបាលស្រុកពេជ្រាដា ពីបទគំរាមកំហែងអាយុជីវិត និងថាបុគ្គលរូបនេះ អាងខ្លួនមានលុយនិងមានពូជាអភិបាលស្រុកបានបើកសិប្បកម្មអារឈើខុសច្បាប់ក្នុងព្រៃសហគមន៍។
លោក គ្រើន តុលា តំណាងសហគមន៍នៅឃុំប៊ូស្រា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរទៅអធិការស្រុកនេះ បន្ទាប់ពីលោក សារឿន ម៉ាប់ មិនបានមកដោះស្រាយក្រៅផ្លូវតុលាការចំពោះពាក្យគំរាមសម្លាប់ដែលខាងសហគមន៍បានទុកពេលឱ្យគាត់ចាប់ពីថ្ងៃទី ១៦ មិថុនា ដល់ថ្ងៃទី ២៤ មិថុនា។
លោកថា៖ «ដោយសារយើងគឺជាពលរដ្ឋដូចគ្នា បងប្អូន (ជនជាតិដើម) តែមួយ យើងចង់ឱ្យគាត់ដោះស្រាយក្រៅប្រព័ន្ធតុលាការ ប៉ុន្តែគាត់មិនព្រម គាត់ថាគាត់មានលុយ គាត់មានស្គាល់គេច្រើន អ៊ីចឹងគាត់ថា អត់ខ្វល់អស់លុយប៉ុន្មានអស់ទៅ»។
ដោយឡែកក្នុងពាក្យបណ្ដឹងរបស់តំណាងសហគមន៍ទាំង ៧ ភូមិនៅឃុំប៊ូស្រា បានបញ្ជាក់ថា សុំប្ដឹង លោក សារឿន ម៉ាប់ អាយុប្រហែល ៤០ ឆ្នាំ រស់នៅក្នុងភូមិពូទឹត ឃុំប៊ូស្រា ពីបទគំរាមសម្លាប់ប្រជាសហគមន៍ ៣ នាក់ រួមមាន ឈ្មោះ គ្រើន តុលា ឈ្មោះ ស្រើក សើញ និងឈ្មោះ ស្រាំង សឿន និងពីបទបើកអាជីវកម្មអារឈើចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៩ រហូតបន្តដល់បច្ចុប្បន្ន។
ក្នុងពាក្យបណ្ដឹងដដែលបន្តថា ការគំរាមនេះបានកើតឡើងបន្ទាប់ពីប្រជាសហគមន៍បានចុះល្បាតព្រៃកាលពីថ្ងៃទី ១៥ មិថុនា និងបានថតទីតាំងសិប្បកម្មអារឈើ ៤ កន្លែង របស់លោក សារឿន ម៉ាប់ ដែលបានជួលជនជាតិវៀតណាមប្រហែល ១០ នាក់ ឱ្យប្រចាំការអារ និងដឹកជញ្ជូនឈើចេញព្រៃទៅលក់នៅប្រទេស វៀតណាម ជារៀលរាល់ថ្ងៃ។
លោក គ្រើន តុលា បញ្ជាក់ថាក្នុងបណ្ដឹងនេះ គឺទាមទារប្រាក់សងជំងឺចិត្ត ៤ លានរៀល សុំឱ្យផ្ដន្ទាទោសតាមច្បាប់នៃប្រទេសកម្ពុជា និងសុំឱ្យអាជ្ញាធរចុះបិទទីតាំងបើកកន្លែងអារឈើខុសច្បាប់ទាំង ៤ ទីតាំងវិញ។
លោក ម៉ែន ម៉ានី អធិការរងស្រុកពេជ្រាដា បានអះអាងថាខាងលោកទទួលបានពាក្យបណ្ដឹងនោះហើយ រីឯចំណាត់ការបន្ត នឹងកោះហៅភាគីទាំង ២ មកបំភ្លឺប៉ុន្តែលោកមិនទាន់បានកំណត់ពេលជាក់លាក់នៅឡើយទេ។
ទោះជាយ៉ាងណាលោកថា អាជ្ញាធររកមិនឃើញថា លោក សារឿន ម៉ាប់ បើកសិប្បកម្មអារឈើខុសច្បាប់ក្នុងព្រៃសហគមន៍ទេ បន្ទាប់ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តបានចុះទៅមើលដល់ទីតាំងកាលពីថ្ងៃទី ២៤ មិថុនា។
លោកថា៖ «វាមិនដូចក្រុមសហគមន៍លើកឡើងទេ បើតាមខ្ញុំសួរចុងបណ្ដឹង (សារឿន ម៉ាប់) គឺគាត់សុំអនុញ្ញាតពីភូមិឃុំអារឈើធ្វើផ្ទះ អាហ្នឹងមាន»។
លោក អ៊ុំ វណ្ណសុភ័គ ប្រធានរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានថ្លែងថា លោកមិនទាន់ទទួលបានរបាយការណ៍ពីមន្ត្រីដែលទៅពិនិត្យសិប្បកម្មអារឈើនោះនៅឡើយទេ។
លោកថា៖ «អត់ទាន់ដឹង ពួកណុ៎ង មិនទាន់រាយការណ៍ប្រាប់ខ្ញុំដែរ ចាំមើលសិន»។
យ៉ាងណាក្ដីលោក គ្រើន តុលា បានបញ្ជាក់ថា ការចុះទៅពិនិត្យទីតាំងបើកសិប្បកម្មអារឈើរបស់មន្ត្រី រដ្ឋបាលព្រៃឈើកាលពីថ្ងៃទី ២៤ មិថុនា គឺពុំមានហៅតំណាងសហគមន៍ចូលរួមឡើយ ប៉ុន្តែ បែរជាឱ្យលោក សារឿន ម៉ាប់ នាំផ្លូវ ដោយពិនិត្យតែទីតាំងអារឈើចាស់ៗតែមិនបានចុះដល់ទីតាំងដែលលោក សារឿន ម៉ាប់ កំពុងលួចបើកទីតាំងអារឈើថ្មី ៤ ទីតាំងនោះទេ។
លោកថា៖ «ឱ្យអាម្ចាស់សិប្បកម្មនាំទៅមើលគាត់ (សារឿន ម៉ាប់) ទៅចង្អុលអាកន្លែងចាស់ អាកន្លែងឆ្នាំមុនអ៊ីចឹងណា៎ អ៊ីចឹងមានបានឃើញម៉ាស៊ីនឯណាហើយអាកន្លែងគេធ្វើមិននាំទៅទេ។ សមត្ថកិច្ចមិនគួរធ្វើអ៊ីចឹងទេ ហៅអ្នកប្ដឹងឱ្យនាំទៅបានត្រូវ»។
លោក គ្រើន តុលា ព្រមានថាប្រសិនបើអាជ្ញាធរស្រុកមិនចាត់វិធានការតាមបណ្ដឹងរបស់សហគមន៍ទេ ខាងសហគមន៍នឹងរៀបចំពាក្យបណ្ដឹងមួយទៀតទៅសាលាខេត្ត ហើយមិនមែនប្ដឹងត្រឹមលោក សារឿន ម៉ាប់ ទេ គឺប្ដឹងរួមមន្ត្រីភូមិឃុំ និងអធិការស្រុកថែមទៀត។
ថ្វីដ្បិតតែក្រុមប្រជាសហគមន៍ដាក់ពាក្យប្ដឹងទៅអធិការក្ដី ប៉ុន្តែលោក មើល សឿន អភិបាលស្រុកពេជ្រាដាដែលប្រជាសហគមន៍ថា ត្រូវជាពូរបស់សារឿន ម៉ាប់ នោះបានអះអាងថា ក្មួយលោកពុំបានគំរាមកំហែងអាយុជីវិតគេឡើយ ហើយក៏មិនមានករណីបើកកន្លែងអារឈើខុសច្បាប់ក្នុងព្រៃនោះដែរ។
លោកថា៖ «សហគមន៍និងអាម៉ាប់គឺបានជួបគ្នាហើយ ដើម្បីសម្របសម្រួលគ្នា ហើយខាងនោះ (សហគមន៍) គេថា មានការភាន់ច្រឡំអ៊ីចឹងណា»។
ជុំវិញបញ្ហានេះ លោក អៀង ម៉េងលី មន្ត្រីសមាគមអាដខេត្តមណ្ឌលគិរីថ្លែងថា ការគំរាមសម្លាប់ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលអាជ្ញាធរគួរតែស៊ើបអង្កេតជាបន្ទាន់ដើម្បីចៀសវាងប៉ះពាល់អាយុជីវិតជនរងគ្រោះ៕