
អ្នកប្រើទូរស័ព្ទស្មាតហ្វូនបង្ហាញពីអ៊ែនដ្រយ ទូរស័ព្ទ Huawei កាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកប្រើប្រាស់ និងចែកចាយទូរស័ព្ទម៉ាក Huawei មួយចំនួននៅក្នុងប្រទេស កម្ពុជា បានបង្ហាញទស្សនៈរបស់ពួកគេអំពីព័ត៌មានពីការផ្តាច់ទំនាក់ទំនងរវាងក្រុមហ៊ុន Google របស់អាមេរិក និងក្រុមហ៊ុន Huawei របស់ចិន ហើយអ្នកខ្លះក៏មានការបារម្ភនៅពេលទូរស័ព្ទប្រភេទនេះមិនអាចប្រើប្រាស់សេវាកម្មសំខាន់ៗ របស់ Google បាននោះនឹងធ្វើឲ្យមានការខាតបង់។
កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Google លំដាប់ពិភពលោករបស់អាមេរិក បានប្រកាសផ្អាកការផ្ទេរបច្ចេកវិទ្យាទាំង Software, Hardware និងសេវាកម្មផ្សេងៗទៀត ដល់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនធំរបស់ចិន ក្រោយពីលោក ត្រាំ ដាក់បញ្ចូលក្រុមហ៊ុនមួយនេះទៅក្នុងបញ្ជីខ្មៅ។
ការផ្អាកនេះនឹងរារាំងមិនឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ Huawei ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Android ហើយក៏មិនអាចប្រើប្រាស់សេវាកម្មមួយចំនួនរបស់ Google ដូចជា Google Play, Gmail, YouTube ជាដើមទៅថ្ងៃអនាគត តែសម្រាប់ទូរស័ព្ទដែលមានស្រាប់នៅរក្សាដដែល។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន Google នៅលើបណ្តាញសារព័ត៌មាន។
និស្សិតស្រីម្នាក់ រៀនក្នុងឆ្នាំទី៣ នៅសាកលវិទ្យាល័យមេគង្គ ឈ្មោះ ប៉ូ តា ដែលជាអ្នកប្រើប្រាស់ទូរស័ព្ទម៉ាក Huawei ជាយូរឆ្នាំមកហើយនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ដំបូងឡើយនៅពេលដែលបានឮព័ត៌មាននេះ ពិតជាមានការបារម្ភ ព្រោះខ្លាចទូរស័ព្ទដែលនាងកំពុងប្រើ លែងអាចប្រើប្រាស់បាន។
និស្សិតវ័យ ២២ ឆ្នាំរូបនេះ បាននិយាយបន្តថា ប្រសិនបើដូច្នេះមែន នាងគ្មានជម្រើសក្រៅពីលក់ចេញ និងឈប់ប្រើទូរស័ព្ទម៉ាកនេះទៀត ដោយអះអាងថា សេវាកម្មមួយចំនួនរបស់ Google គឺពិតជាមានសារៈសំខាន់ ។
ទោះយ៉ាងណា នាងបានអះអាងថា ប្រសិនបើ Plan B របស់ក្រុមហ៊ុនចិនមួយនេះ នៅតែអាចដាក់ដំណើរការ ហើយនៅតែអាចប្រើប្រាស់កម្មវិធីរបស់ Google បានជាធម្មតានោះ នាងនៅតែបន្តប្រើប្រាស់ទូរស័ព្ទប្រភេទនេះដដែល។
និសិ្សតរូបនេះបញ្ជាក់ថា៖ «មានតែចាំមើលថា តើ Plan B របស់ Huawei វាយ៉ាងម៉េច? អាចនឹងប៉ះពាល់ទៅដល់កម្មវិធីអ្វីខ្លះ ដែលយើងកំពុងតែប្រើ ដូចជា Gmail និងកម្មវិធី Applications យើងកំពុងតែប្រើហ្នឹង បើវាប្រើលែងកើត អាហ្នឹងយើងក៏អត់មានវិធីសាស្ត្រអ្វីផ្សេងដែរ គឺមានតែលក់ចោលទិញអាថ្មីផ្សេង»។
លោក សាន អុីម អាយុ ៣៣ ឆ្នាំ ជាជាងជួសជុលទូរស័ព្ទមួយកន្លែងនៅក្នុងសង្កាត់ទួលស្វាយព្រៃបានឲ្យដឹងថា លោកមិនបានបារម្ភចំពោះបញ្ហានេះនោះទេព្រោះថា ប្រសិនបើក្រុមហ៊ុនទាំង ២ នេះ ផ្តាច់ទំនាក់ទំនងនឹងគ្នាក៏ដោយ ឲ្យតែទូរស័ព្ទប្រភេទនេះ អាចប្រើប្រាស់បាន គឺនៅតែបន្តប្រើវាដដែល។
លោកបញ្ជាក់ថា៖ «នៅតែអាចតេចេញតេចូលបាន វាមិនអីទេ កុំឲ្យតែទូរស័ព្ទវារលត់ បើកលែងចេញ នោះទើបជាបញ្ហា។ ខ្ញុំមិនសូវខ្វល់ទេ វាមិនមានបញ្ហាទេ គ្រាន់តែមិនអាច update version បន្តទៀតបានប៉ុណ្ណោះ »។
ចំណែកម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែង ដែលលើកស្លាក Huawei យ៉ាងធំ នៅពីមុខហាងជិតផ្សារអូឡាំពិកលោក ហេង អ៊ួង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រសិនបើអតិថិជនឈប់ប្រើប្រាស់ផលិតផលទាំងនេះ មានតែឈប់លក់ទូរស័ព្ទប្រភេទនេះដែរ។
លោក អ៊ួង ថ្លែងថា៖ «វាគ្មានអ្វីខាតបង់ធំសម្រាប់ខ្ញុំនោះទេ ព្រោះខ្ញុំគ្រាន់តែជាអ្នកលក់ដូរតូចតាចប៉ុណ្ណោះ ការខាតបង់យ៉ាងណានោះគឺក្រុមហ៊ុននោះផ្ទាល់ទៅវិញទេ»។
លោក ជីង ឡុង ម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ទៀត បាននិយាយដែរថា ទូរស័ព្ទប្រភេទនេះ ហាក់មិនសូវជាពេញនិយមខ្លាំងណាស់ណាសម្រាប់អ្នកប្រើនៅកម្ពុជានោះទេ ដូច្នេះក៏មិនមានអ្វីដែលគួរឲ្យបារម្ភនោះដែរ។
លោក ឡុង ថ្លែងថា៖ «បើវាលែងប្រើប្រព័ន្ធ Android ហើយអ្នកប្រើលែងប្រើ នោះយើងឈប់លក់ដែរទៅ ។ បើ Android ផ្តាច់ទំនាក់ទំនងជាមួយបណ្តាទូរស័ព្ទទាំងអស់ ដូចជា Samsung Oppo Vivo អីហ្នឹង បានខ្ញុំបារម្ភ តែ ១ អ៊ីចឹង មានអី ព្រោះលក់មិនសូវដាច់ដែរ»។
ជាមួយនឹងការលើកឡើងទាំងនេះ គេហទំព័រដ៏ធំរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុននាំចូល និងចែកចាយនៅកម្ពុជា កាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ក្រុមហ៊ុន Huawei បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជំរុញឲ្យមានការរីកចម្រើនលើប្រព័ន្ធ Android នៅជុំវិញពិពលោក។
ក្រុមហ៊ុននេះ បន្តថា៖ «ក្នុងនាមជាដៃគូដ៏សំខាន់នៅក្នុងពិភពលោករបស់ Android យើងបានធ្វើការយ៉ាងជិតស្និទ្ធលើ open-source platform ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូមួយដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មនេះ»។
សេចក្តីប្រកាសនោះបញ្ជាក់ថា៖ «ក្រុមហ៊ុន Huawei នៅតែបន្តផ្តល់ការ Update ប្រព័ន្ធសុវត្ថិភាព និងសេវាកម្មនានាបន្ទាប់ពីការលក់ចំពោះអតិថិជនដែលប្រើប្រាស់ស្មាតហ្វូន Huawei, Honor និងថេប្ល៊ិត ដែលបានលក់និងនៅក្នុងស្តុកទាំងអស់ទូទាំងសកលលោក។ យើងនឹងនៅតែបន្តរៀបចំ Ecosystem software ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដើម្បីផ្តល់នូវបទពិសោធដ៏ល្អបំផុតដល់អ្នកប្រើប្រាស់ទាំងអស់នៅទូទាំងសកល»។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍនៃក្រុមហ៊ុន EMC និយាយថា ក្នុងដំណាក់កាលនេះ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ ដូច្នេះវាមិនមានផលប៉ះពាល់អ្វីជាវិជ្ជមានមកលើកម្ពុជានោះទេ។ ប៉ុន្តែបើបញ្ហានេះនៅបន្តទៅមុខទៀតនោះ វានឹងអាចប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានធនធានតិចតួច ក្នុងការប្រើប្រាស់ ស្មាតហ្វូនប្រភេទនេះ ខណៈនៅកម្ពុជា អ្នកមានធនធានច្រើន គេមិនប្រើប្រាស់ប្រភេទស្មាតហ្វូនប្រភេទនេះនោះទេ។
លោកបញ្ជាក់ថា៖ «យើងមិនទាន់អាចវាយតម្លៃបានយ៉ាងណាទេ។ គ្រាន់តែថា ការប្រើប្រាស់វាមានច្រើនគួរសមសម្រាប់អ្នកមានធនធានតិចតួច។ ម្យ៉ាងទៀត វាក៏មិនទាន់ធំដុំអ្វីដែរ ចំពោះជម្លោះរវាងអាមេរិក និងចិន ក្នុងទំនាក់ទំនងបច្ចេកវិទ្យានេះ តែឧទាហរណ៍ឈានដល់ការបញ្ឈប់ការបញ្ជាទិញទំនិញធំៗរបស់ក្រុមហ៊ុនចិន ទៅប្រទេសអាមេរិក មានការហាមឃាត់ ឬដាក់បន្ទុកពន្ធបន្ថែម នោះទើបបានប៉ះពាល់មកកម្ពុជា ព្រោះថា អ្នកវិនិយោគយើងភាគច្រើន ក្រុមហ៊ុនចិន»។
លោក សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G- Gear) ដែលជាក្រុមហ៊ុនដៃគូជាមួយ LG Electronics នៅកម្ពុជាបានថ្លែងដោយយោងតាមរបាយការណ៍របស់ GfK បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ ប្រជាជនកម្ពុជា បានចំណាយប្រាក់យ៉ាងហោចណាស់ប្រមាណ ២៨២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងការទិញទូរស័ព្ទដៃគ្រប់ប្រភេទនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងឆមាសទី១ ឆ្នាំ ២០១៨ បានឲ្យដឹងថា ចំនួនទូរស័ព្ទចល័តសរុបជាង ១៩ លានស៊ីមកាត (ត្រូវបានប្រើ) ត្រូវនឹង ១១៨,៧០ ភាគរយបើធៀបនឹងប្រជាជនសរុប។ ខណៈអ្នកប្រើប្រាស់គណនីហ្វេសប៊ុកនៅកម្ពុជាត្រឹមខែមករា ឆ្នាំ ២០១៨ មានរហូតដល់ប្រមាណ ៦,៨ លានគណនី។ ចំណែករបាយការណ៍ផ្សព្វផ្សាយនៅលើវេបសាយ Greek in Cambodia ឲ្យដឹងថា ស្ថិតិគណនីនេះគឺមានការកើនឡើង ៤១,៦៧ ភាគរយ ប្រៀបធៀបនឹងឆ្នាំ ២០១៧ មានអ្នកប្រើប្រាស់ហ្វេសប៊ុកសរុបតែ ៤ លាន ៨ សែនគណនី៕