ភ្នំ​ពេញៈ​ ​នាវា​ចម្បាំង​ដែល​លិច​នៅ​ទន្លេ​មេគង្គ​ស្ថិត​នៅ​ក្នុង​ភូមិ​វាល​ ឃុំ​មាន​ជ័យ​ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់​ចាម​ កាល​ពី​សម័យ​សម​ង្គ្រា​ម ក្នុង​អំឡុង​ទសវត្សរ៍​​ ៧០​ ​​នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​នៃការស្រង់​ចេញ​ពី​ក្នុង​ទឹក​នៅ​ដើម​ខែមេសា​ខាង​មុខនេះ។​ ​នេះបើ​យោង​តាម​កិច្ច​ប្រជុំ ​កាល​ពី​ថ្ងៃទី​ ២២​ ​ខែ​មីនា​ ​ស្តី​អំពី​នីតិ​វិធី​ស្រង់​នាវា​ចម្បាំង​ដែល​មាន​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​តោន​។​

លោក​ ​នាង​ ​ផាត​ ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការពារ​ជាតិ​ ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ​ប្រតិ​បត្តិការ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បាន​កប់​នៅ​ក្រោម​ផ្ទៃ​ទឹក​បាន​ប្រើ ​រយៈពេល​ជាង​ ៤​ ខែ​ ក្នុង​ការ​ប្រមូល ​និង​ស្រង់​គ្រាប់​យុទ្ធ​ភណ្ឌ​មក​លើ​គោក​ជា​បន្ត​បន្ទាប់​។

ចាប់​ពី​ខែតុលា ​ឆ្នាំ​ ២០២០​ ​រហូត​ដល់​ដើម​ខែ​មីនា ​ឆ្នាំ​ ២០២១​ នេះ ​ក្រុម​ប្រតិ​ប​ត្តិ​ករ​ជំនាញ​ ​ប្រមូល​គ្រាប់​យុទ្ធ​ភណ្ឌ​សរុប​បាន​ចំនួន​ ​១៥ ​២៨២​ គីឡូ​ក្រាម​ ​ព្រម​ទាំង​បំណែក​ឆ្អឹង​សព​មនុស្ស​ចំនួន​ ៦ ​និង​សម្ភារ​សឹក​មួយ​ចំនួន​ផ្សេង​ទៀត​ចេញ​ពី​នាវា​ចម្បាំង​ដែល​លិច​នៅ​ក្នុង​ទន្លេ​មេគង្គ​នេះ​។​

លោក​ ​នាង​ ​ផាត​ បន្ត​ថា ​នាវា​ចម្បាំង​លិច​ក្នុង​ទន្លេ​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ខ្លាំង​ និង​មាន​ស្នាម​ធ្លុះធ្លាយ​ជា​ច្រើន​កន្លែង​ដោយ​ការ​បាញ់​ពន្លិច​ ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​កាល​ពី​សម័យ​សង្គ្រាម​។ ​តាម​ការ​គ្រោង​ទុក​នៅ​ចុងខែ​មីនា​នេះ​ កម្លាំង​ជំនាញ​នឹង​ស្រង់​គ្រាប់​យុទ្ធ​ភ​ណ្ឌ​ក្នុង​នាវា​ចម្បាំង​រួច​រាល់​ ​និង​នៅ​សប្តាហ៍​ទី​១​ ​ខែ​ មេសា ​ឆ្នាំ ​២០២១​ នឹង​បញ្ចប់​ទាំង​ស្រុង​នៃ​ការ​ស្រង់​នាវា​មក​ដាក់​នៅ​លើ​គោក​៕​