ភ្នំពេញៈ មន្ត្រី​ជំនាញ ប្រមាណ​ជាង​ ១០ ​នាក់​ មកពី​អាជ្ញាធរ​មីន ក្រសួង​សេដ្ឋកិច្ច​ប្រទេស​ផ្ដល់ជំនួយ​ និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ជួបប្រជុំ​គ្នា​កាលពី​ម្សិលមិញ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយបាន​ពិភាក្សា​ពី​គម្រោង​បោសសម្អាត​មីន​តាម​ផែនការ​ដែល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំ​ ២០២៥ ជា​ឆ្នាំ​ដែល​កំណត់​គោលដៅ​កម្ពុជា​គ្មាន​គ្រាប់មីន ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​ ២០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក លី ធុជ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា មន្ត្រី​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​មាន​តំណាង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ស្ថានទូត​នៃ​ប្រទេស​ផ្តល់ជំនួយ​ពី​ប្រទេស​អូស្ត្រាលី ប្រទេស​នូវែលសេឡង់ និង​ដៃគូ​អភិវឌ្ឍន៍​ដូចជា អង្គការ​ UNDP ​និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​សាធារណរដ្ឋ​កូរ៉េ (KOICA)​។

លោក លី ធុជ អនុប្រធាន​​ទី​១ ​នៃ​អាជ្ញាធរ​មីន​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​របស់លោក​បាន​ឱ្យដឹងថា​៖ «​ការប្ដេជ្ញា​ចិត្ដ​របស់​សហគមន៍​ម្ចាស់ជំនួយ​ទាំងអស់​ចំពោះ​កម្ពុជា​គឺ​សំខាន់បំផុត​ក្នុង​កាលៈទេសៈ​នេះ​។ យើង​ទាំងអស់​គ្នា​បន្ត​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង និង​គោលដៅ​រួមគ្នា​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​នូវ​កម្ពុជា​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥​។ ជាមួយនឹង​សមិទ្ធផល​ទាំងនេះ យើង​ជឿជាក់ថា ពេលវេលា​កំណត់​ក្នុង​ឆ្នាំ​ ២០២៥ គឺ​ស្ថិត​នៅក្នុង​លទ្ធផល​ដែល​យើង​រំពឹងទុក​រួចទៅហើយ​»​។

លោក លី ធុជ អះអាង​ថា ​បើ​ទោះ​មាន​ការរីករាលដាល ជំងឺ​កូវីដ​ ១៩ កំពុង​រីក​រាលដាល​នៅក្នុង​សកលលោក រួមទាំង​កម្ពុជា​ក្ដី ប៉ុន្តែ​ការបោសសម្អាត​មីន​នៅ​កម្ពុជា​បាន​អនុវត្ដ​ដោយ​ជោគជ័យ និង​សុវត្ថិភាព ដោយ​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សហគមន៍​ប្រទេស​ផ្ដល់ជំនួយ ហើយ​ចាប់តាំងពី​ឆ្នាំ​ ២០០៦ ​មក​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០២០ កម្ពុជា​បាន​រំដោះ​ផ្ទៃដី​មាន​មីន​បាន​ប្រមាណ ២៥២ គីឡូម៉ែត្រ​ក្រឡា​ក្នុង​នោះ​ពលរដ្ឋ​ជាង​ ១ ​លាន​នាក់​បាន​ទទួលផល​។

លោក​បាន​ថ្លែងថា​៖ «​ទោះបី​មាន​ជំងឺ​កូវីដ​ ១៩ ដ៏​កាច​សាហាវ​នេះ​ក៏​រាជរដ្ឋាភិបាល​យើង​មិនបាន​បន្ថយ​នូវ​ឆន្ទៈ​ក៏ដូចជា ធនធាន​ដើម្បី​បោសសម្អាត​មីន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នូវ​តំបន់​ដាច់​ស្រយាល​ដែរ (​ហើយ​) ប្រទេស​សហគមន៍​ផ្ដល់ជំនួយ ក៏​មិន​បាន​ដកខ្លួន​ថយ​ ឬ​ក៏​កាត់បន្ថយ​ការប្ដូរ​ផ្ដាច់​របស់គាត់​ក្នុង​ការបោសសម្អាត​មីន​នៅ​កម្ពុជា​ដែរ​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចាត់ទុក​អង្គការ​ UNDP គឺជា​ដៃគូ​ការងារ​ដ៏រឹងមាំ និង​ធ្វើ​ការងារ​មិន​ខ្លាច​ការនឿយហត់​ជាមួយ​អាជ្ញាធរ​មីន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការស្វែងរក​ការគាំទ្រ​ដល់​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ទាំង​ផ្នែក​ថវិកា សម្ភារ និង​ការផ្តល់​ប្រឹក្សា​បច្ចេកទេស​ចាប់តាំងពី​ដំណើរការ​ក្នុង​ឆ្នាំ​ ២០០៦​។ ការគាំទ្រ​រួមគ្នា​របស់​ម្ចាស់ជំនួយ និង​អង្គការ UNDP ត្រូវបាន​វាយតម្លៃ​ខ្ពស់​ដោយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជាពិសេស​សហគមន៍​ដែល​រស់នៅក្នុង​តំបន់​រងគ្រោះ​ដោយសារ​គ្រាប់មីន​»​។

លោក និគ ប៊ែរេសហ្វដ តំណាង UNDP ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ដោយ​បាន​អបអរសាទរ​​ចំពោះ​អាជ្ញាធរ​មីន​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ UNDP ក្នុង​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​កន្លងមក​។

ទន្ទឹមគ្នា​នេះដែរ តំណាង​ប្រទេស​អូស្ត្រាលី លោក ដាវីដ ប្លុច លេខា​ទី​១ ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​សម្ដែង​នូវ​ការគាំទ្រ​ដំណើរការ​នៃ​ការអនុវត្ត​គម្រោង​ និង​ជឿជាក់​លើ​សមត្ថភាព​របស់​អាជ្ញាធរ​មីន និង​ការសម្រប​សម្រួល​ពី​ UNDP ក្នុង​ការអនុវត្ត​គម្រោង​ដំណាក់កាល​ទី​ ៤ ​រហូត​ដល់​ឆ្នាំ​ ២០២៥ ​ដោយ​ជោគជ័យ​តាម​ផែនការ​ដែល​បានគ្រោង​ទុក​។

លោក ដាវីដ ថ្លែងថា​៖ «​អូស្ត្រាលី​នឹង​ជួយ​គម្រោង​សម្រាប់​ដំណាក់កាល​ទី​ ៤ បន្តទៀត ទោះបី​ជា​ពិភពលោក​កំពុងបង្វែរ​ថវិកា​មួយចំនួន​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ក៏ដោយ​»​។

ជាមួយ​គ្នា​នេះដែរ លោក អ៊ីលាត កឹតតុន លេខា​ទី​ ១ ស្ថានទូត​ប្រទេស​នូវែលសេឡង់ ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការចូលរួម​ថវិកា​សម្រាប់​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​ ៤​។ ខណៈ​លោក រ៉ូ យុនជុន នាយក​ប្រចាំ​ប្រទេស​នៃ​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ KOICA នៅ​កម្ពុជា​បាន​បញ្ជាក់​ពី​ការចូលរួម​ថវិកា​ចំនួន​ ១០ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជា​ដៃគូ​សំខាន់បំផុត​របស់​រដ្ឋាភិបាល​កូរ៉េ ហើយ KOICA បាន​អនុវត្ត​គម្រោង​ជាច្រើន​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​អភិវឌ្ឍន៍ជនបទ​ជាមួយ​កម្ពុជា​»​។ អាជ្ញាធរ​មីន​ក៏​​មាន​ការគាំទ្រ​ពី​ប្រទេស​ម្ចាស់ជំនួយ​ដទៃទៀត​ដូចជា សហរដ្ឋ​អាមេរិក អង់គ្លេស ជប៉ុន ន័រវែស ចិន កាណាដា អាល្លឺម៉ង់ ស្វ៊ីស អៀរឡង់ និង​ UNICEF ​ព្រមទាំង​មូលនិធិ អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​៕