ឧត្តរមានជ័យ/ព្រះវិហារ: សហគមន៍​សង្ឃរុក្ខាវ័ន្ដ ស្ថិត​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​បាន​ប្រទះឃើញ​ខ្មោចសត្វ​ប្រើ​សញី-ឈ្មោល​ ២ ​ក្បាល ឈ្លូស​ ១ ​ក្បាល និង​សត្វ​សំពោច​ក្រអូប​ ១ ​ក្បាល ​ដែល​បាន​ស្អុយរលួយ​នៅក្នុង​ព្រៃ​សហគមន៍​សង្ឃរុក្ខាវ័ន្ដ ដោយ​សង្ស័យ​មាន​គេ​លួច​បាញ់សម្លាប់ ខណៈ​សត្វ​ខ្ទីង​ចំនួន​ ២ ​ក្បាល​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប ស្ថិត​នៅក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។

ព្រះតេជគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​ការពារ​ព្រៃសង្ឃរុក្ខាវ័ន្ដ​មាន​សង្ឃដីកា​កាលពី​ម្សិលមិញ​ថា ព្រះអង្គ​បាន​ដឹកនាំ​ប្រជាសហគមន៍​ជិត ១០ ​អង្គ-នាក់​ បាន​ចុះ​ល្បាត​នៅក្នុង​ព្រៃ​សង្ឃរុក្ខាវ័ន្ដ​កាលពី​ថ្ងៃទី​ ២ ខែ​មីនា ហើយ​បាន​ប្រទះឃើញ​ខ្មោចសត្វ​ព្រៃ​ចំនួន ៤ ​ក្បាល​។

ក្នុង​នោះ​មាន​សត្វ​ប្រើស​ញី-ឈ្មោល​ ២ ​ក្បាល​ក្នុង​ ១ ​ក្បាល​ មាន​ទម្ងន់​ចន្លោះ​ពី ១៥០ ទៅ​ ១៧០ ​គីឡូក្រាម ឈ្លូស​ ១ ​ក្បាល​ ទម្ងន់​ជាង​ ១០ ​គីឡូក្រាម​ និង​សត្វ​សំពោចក្រអូប​ ១ ​ក្បាល​ មាន​ទម្ងន់​ជិត ៣​ គីឡូក្រាម​ដែរ​។

ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា ក្រុមការងារ​បាន​ទៅ​ដល់​ចំណុច​ព្រំប្រទល់​ជាប់​ភូមិ​បាក់នឹម​ក្នុង​សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ស្រាប់តែ​ប្រទះឃើញ​សត្វ​ប្រើស​ ១ ​ក្បាល​បាន​ងាប់ ដោយ​ការប្រមាញ់​របស់​ព្រាន​។

បន្ទាប់មក​ក្រុមការងារ​របស់​ព្រះអង្គ​បាន​បន្តដំណើរ​មក​ដល់​ចំណុច​ព្រំប្រទល់ ភូមិ​ទំនប់ថ្មី ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ហើយ​បានឃើញ​សត្វ​ប្រើស​ឈ្មោល​ ១ ​ក្បាល​ទៀត ​ក៏​បាន​ងាប់​ដោយ​ស្នាដៃ​ព្រាន​ផងដែរ​។ បើតាម​ការសន្និដ្ឋាន​ការងាប់​សត្វ​ទាំង​ ២ ​ក្បាល​នេះ​ប្រហែល​ ២ ​សប្តាហ៍​កន្លង​មកហើយ​។

ព្រះអង្គ​បានបញ្ជាក់​ថា​៖ «​បទល្មើស​នៅ​តំបន់​ការពារ​ព្រៃ​សង្ឃរុក្ខាវ័ន្ដ​សព្វថ្ងៃនេះ មិន​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​ទេ ប៉ុន្ដែ​មាន​តែ​បទល្មើស​បាញ់​សត្វព្រៃ​ដោយ​ក្រុម​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើង​កែច្នៃ​សម្រាប់​បាញ់​សត្វព្រៃ ដាក់​អន្ទាក់ និង​ឆក់​។ ឧបករណ៍​ទាំងនេះ​កំពុង​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​សត្វព្រៃ​នៅ​តំបន់​យើង​នេះ​។ អាត្មា​សូម​អំពាវនាវ​ឲ្យ​ជួយ​ការពារ​អភិរក្ស​ជីវចម្រុះ យើង​គួរ​ស្រណោះ​ជីវិត​រូបគេ ជីវិត​រូបយើង អ្នកណា​ក៏​ចង់​រស់​ដែរ អ្នកណា​ក៏​ចង់​ជួបជុំ​គ្រួសារ​ដែរ​»​។

លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តឧត្តរមានជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តំបន់​ព្រៃ​ការពារ​សង្ឃរុក្ខាវ័ន្ដ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​សហការ​ជាមួយ​សហគមន៍​សង្ឃរុក្ខាវ័ន្ដ​ការពារ​យ៉ាង​តឹងរ៉ឹង ប៉ុន្ដែ​ជនល្មើស​តែងតែ​លួច​ចូល​ព្រៃ​នៅពេល​យប់ ដែល​ធ្វើឲ្យ​មានការ​ពិបាក​ដល់​ក្រុម​អ្នកការពារ​ព្រៃឈើ​ទាំងអស់នេះ​។

លោក​បាន​បន្តថា សព្វថ្ងៃនេះ​មន្ទីរ​បរិស្ថាន​បានរៀបចំ​ឲ្យ​មាន​ប៉ុស្ដិ៍​ដាក់​យាម​ប្រចាំការ​ចំនួន ៣ ​ច្រក ប្រចាំ​តាម​ច្រក​ធំៗ​នៃ​ព្រៃ​រុក្ខាវ័ន្ត​នេះ​ដោយ​មាន​មន្ត្រី​ចល័ត​គ្នា​ប្រចាំការ​នៅពេល​ថ្ងៃ និង​ចល័ត​យាម​នៅពេល​យប់​ជា​ញឹកញាប់​ដែរ​ប៉ុន្ដែ​ក្រុម​ជនល្មើស​នៅតែ​ឆ្លៀត​ចូល​ដាក់អន្ទាក់​សត្វ​ក្នុងព្រៃ​នោះបាន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​យើង​ធ្វើការ​ជាមួយ​ប្រជាសហគមន៍​ទាំងអស់​ដែល​សកម្ម​ការពារ​ព្រៃឈើ និង​សត្វព្រៃ ហើយ​មន្ត្រី​បរិស្ថាន​ខេត្ត​បាន​ឧបត្ថម​ថវិកា​ខ្លះ​ទៅ​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃរុក្ខាវ័ន្ត​គឺ​ក្នុង​ ១ ​ឆ្នាំ ២ ​ម៉ឺន​ដុល្លារ​ដែរ ដើម្បី​ទ្រទ្រង់​សកម្មភាព​ចុះ​ល្បាត​ព្រៃ​។ យើង​នឹង​នៅតែ​បន្តការងារ​នេះ​បន្ថែមទៀត ដើម្បី​ឲ្យ​ព្រៃឈើ និង​សត្វព្រៃ​នៅ​គង់វង្ស​យូរអង្វែង​»​។

ករណី​ស្រដៀង​គ្នា​នេះដែរ មន្ត្រី​មគ្គុទេសក៍​ទេសចរ​ម្នាក់ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បាន​ប្រទះឃើញ​សត្វ​ខ្ទីង​ចំនួន​ ២ ​ក្បាល ខណៈ​ដែល​ភ្ញៀវ​បរទេស​ទាំងនោះ​បាន​មក​ទស្សនា​ដែនជម្រក​សត្វព្រៃ​ឆែប ស្ថិត​ក្នុង​ខេត្តព្រះវិហារ​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បាន​ថ្លែង​ពី​ម្សិលមិញ​ថា មគ្គុទេសក៍​ទេសចរ​នៃ​មជ្ឈមណ្ឌល​ សំ វាសនា (Sam Veasna Center) លោក ស៊ាន ម៉ាឌី ដែលជា​អ្នកដឹកនាំ​ភ្ញៀវទេសចរ​បរទេសមួយ​ក្រុម​ទៅ​ទស្សនា​ដែនជម្រក​សត្វព្រៃ​ឆែប​ស្ថិត​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​ស្រាប់តែ​បាន​ប្រទះឃើញ​សត្វខ្ទីង​ចំនួន​ ២ ​ក្បាល​ដែល​កំពុង​រក​ចំណី​ក្បែរផ្លូវ​ចូល​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ឆែប​។

លោក កែន សិរីរដ្ឋា បន្តថា សត្វខ្ទីង​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ហើយ​ដែនជម្រក​សត្វព្រៃ​ឆែប​គឺជា​ទីជម្រក​ដ៏សំខាន់​របស់​ពួកវា​។ បន្ទាប់ពី​ប្រទះឃើញ​សត្វ​ខ្ទីង​ទាំង​ ២ ​ក្បាល​នេះ មន្ត្រី​ជំនាញ​អង្គការ WCS និង​មន្ត្រី​បរិស្ថាន​បាន​សហការគ្នា រក​វិធានការ​ភ្លាមៗ ដើម្បី​តាមដាន​សកម្មភាព​រស់នៅ និង​ការបំផ្លាស់ទី​របស់​សត្វខ្ទីង​នេះ​ក្នុង​ការងាយស្រួល​ការពារ​សត្វ​នេះ​។

លោក​បញ្ជាក់ថា​៖ «​សត្វខ្ទីង​នេះ​កន្លងមក យើង​មិន​ដែល​ប្រទះឃើញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ឆែប​នេះ​ទេ​។ (​បន្ទាប់ពី​មន្ត្រី​មគ្គុទេសក៍​ទេសចរ​បាន​ប្រទះឃើញ​វា​) ​យើង​ក៏បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ឃ្លាំមើល​ជា​ប្រចាំ​ដែរ ពីព្រោះ​យើង​មាន​ការព្រួយបារម្ភ​ពី​ការយាយី​របស់​ជនល្មើស​»៕