ភ្នំពេញៈ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​កុំឱ្យ​មានការ​ឆ្លង​មេរោគ​កូវីដ១៩ ឱ្យ​សោះ​ក្នុង​កាលៈទេសៈ​នេះ និង​ត្រូវ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​តាម​កាលកំណត់​របស់​គ្រូពេទ្យ។

ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​ឆ្មប​អន្តរជាតិ និង​ទិវា​ឆ្មប​ជាតិ​រួមគ្នា​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ក្រោម​ប្រធានបទ “ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប»។

នៅក្នុង​សេចក្ដី​អំពាវនាវ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចុះ​ថ្ងៃទី ២៧ មេសា​បានឱ្យដឹងថា ក្នុងស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​ជំងឺ​រាតត្បាត​កូវីដ១៩ ដូច​បណ្តា​ប្រទេស​ដទៃ គឺ​ស្ថានភាព​ក្មួយៗ​ពេល​កំពុងមាន​ផ្ទៃពោះ មាន​ភាពងាយស្រួល​ក្នុង​ការឆ្លង​មេរោគ​ណាស់ ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​មែនទែន។

លោកស្រី​បាន​បញ្ជាក់ថា៖ «ត្រូវ​ទៅពិនិត្យ​សុខភាព​តាម​កាលកំណត់​របស់​គ្រូពេទ្យ​ ដើម្បី​តាមដាន​ការលូតលាស់​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ និង​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យបង្អែក និង​ត្រូវ​តាមដាន​ពិនិត្យ​សុខភាព ទាំង​មាតា​ទាំង​ទារក​ក្រោយ​សម្រាល​រួច ដោយ​បំបៅ​ដោះ​ទារក និង​ចិញ្ចឹម​កូន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល»។

លោកស្រី​បាន​បន្ថែមថា៖ «ក្នុង​ករណី​ក្មួយៗ​រស់នៅក្នុង​តំបន់​មាន​ការបិទ​ខ្ទប់​ដោយ​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ១៩ សូម​ទាក់ទង​ទៅ​ឆ្មប​ជំនាញ​ដែល​បាន​ពិនិត្យ​ផ្ទៃពោះ​លើក​មុន ដើម្បី​ពិគ្រោះ​យោបល់​អំពី​ស្ថានភាព​សុខភាព​ផ្ទាល់ខ្លួន និង​ទារក​ក្នុង​ផ្ទៃ ស្ថានភាព​ឈឺពោះ​សម្រាលកូន ឬ​ការណែនាំ​អំពី​ការថែទាំ​ក្រោយ​សម្រាល»។

បន្ថែម​ពីនេះ លោកស្រី ក្រើនរំឭក​ដល់​ស្រី្ត​កំពុងមាន​ផ្ទៃពោះ​ត្រូវ​ទាក់ទង​ជាបន្ទាន់​ទៅ​មន្ទីរពេទ្យ/គ្រូពេទ្យ និង​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ/ឆ្មប​ជំនាញ ប្រសិន​ជា​មាន​អាការ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម និង​ចៀសវាង​ដាច់ខាត​ទៅ​ទីកន្លែង​ដែលមាន​មនុស្ស​ច្រើន និង​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ជាដើម។

លោកស្រី ប៊ុន រ៉ានី សង្ឃឹមថា ការវិនិយោគ​លើ​ការងារ​ឆ្មប​នៅ​កម្ពុជា​នឹង​នៅតែ​បន្តធ្វើ​ដើម្បី​កម្ពុជា​រឹងមាំ​នាពេល​អនាគត ហើយ​លោកស្រី​បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ-អន្តរជាតិ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ​ឱ្យមាន​ការគាំទ្រ​វិនិយោគ​ជា​បន្ត​លើ​ការបង្កើន​សមត្ថភាព ផ្នែក​ការងារ​ឆ្មប​កម្រិត​សកល។

ទិវា​ឆ្មប​ជាតិ-អន្តរជាតិ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​អំពី​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុងពេល​កន្លងមក ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​ក្នុងចំណោម​ឆ្មប​ជំនាញ​ទាំងអស់ ទូទាំង​សកលលោក​អំពី​បញ្ហា​ប្រឈម​ចំពោះមុខ​នាពេល​បច្ចុប្បន្ន និង​ការងារ​ឆ្មប​ដែល​ត្រូវបំពេញ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ប្រធានបទ​សម្រាប់​ទិវា​ឆ្មប​អន្តរជាតិ​ឆ្នាំនេះ “ផ្អែក​តាម​ទិន្នន័យ គប្បី​វិនិយោគ​លើ​ការងារ​ឆ្មប Follow the Data: Invest in Midwives” ត្រូវបាន​ជ្រើស​យកតាម​ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​រួមគ្នា​រវាង​អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) សមាគម​ឆ្មប​អន្តរជាតិ (ICM) និង​អង្គការ​សុខភាព ពិភពលោក (WHO) នៅក្នុង​ប្រទេស​ដែលមាន​អត្រា​មរណភាព​មាតា និង​ទារក​ដែល​ទើបនឹង​កើត​ច្រើន​ជាង​គេ​ចំនួន ៨៨ ប្រទេស។

តាម​របាយការណ៍​ដែល​បានលើកឡើង​ក្នុង​សេចក្តី​អំពាវនាវ​នេះ​ឱ្យដឹងថា ប្រសិនបើ​ប្រទេស​ទាំងអស់​អាច​សម្រេចបាន​អត្រា​គ្របដណ្ដប់​ជា​សកល​លើ​ការផ្តល់​អន្តរាគមន៍​ចាំបាច់ និង​សេវា​ថែទាំ​ពេញលេញ​ដោយ​ឆ្មប​ជំនាញ​ជូន​ស្ត្រី និង​ទារក​ទើប​កើត នោះ​នៅ​ឆ្នាំ ២០៣៥ ពិភពលោក​នឹង​អាច​កាត់បន្ថយ​ការស្លាប់​របស់​មាតា​បាន ៦៧% កាត់បន្ថយ​ការស្លាប់​របស់​ទារក​បាន ៦៤% និង​កាត់បន្ថយ ការស្លាប់​កូន​ក្នុង​ផ្ទៃ​បាន ៦៥%។ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ការយកចិត្ត​ទុកដាក់​ទេ ការសម្រេច​ជា​សកល​នេះ​បាន​ត្រឹមតែ ២% ប៉ុណ្ណោះ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ហើយ​អាច​ធ្វើឱ្យ​មាតា​ និង​ទារក​ស្លាប់​ប្រមាណ​ជា ៥៥២ ០០០ នាក់ បន្ថែម​លើ​ចំនួន​អ្នកស្លាប់​នាពេល​បច្ចុប្បន្ន។

ការសិក្សា​ក៏បាន​បង្ហាញ​ច្បាស់​ថា ឆ្មប​ជំនាញ​ដែល​ទទួល​បាន​ការបណ្ដុះ​បណ្ដាល​ពេញលេញ គោរព​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​អនុវត្ត​ត្រឹមត្រូវ​តាម​ស្តង់ដា​កម្រិត​សកល​គឺជា​ជន​គន្លឹះ​ដែលជា​អ្នក​រួមចំណែក​សំខាន់​ក្នុង​ការសង្គ្រោះ​ជីវិត​ស្ត្រី និង​ទារក៕