ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG លោកឧកញ៉ា ស្រី សុធា និងកូនប្រុសរបស់លោកឈ្មោះ ស្រី ចន្ធូ ដែលជានាយកក្រុមហ៊ុន 7NG ត្រូវបានលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធសំណុំរឿងលក់ដីខ្យល់មួយកន្លែង នៅខេត្តកណ្ដាល។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរចុះថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរនោះ លោកឧកញ៉ា ស្រី សុធា និងកូនប្រុស ឈ្មោះ ស្រី ចន្ធូ ត្រូវបានអ្នកស្រី ឈុន ណាវី ដែលជាអតិថិជនរបស់ក្រុមហ៊ុន 7NG តាំងពីឆ្នាំ ២០០៨ មកនោះប្ដឹងចោទប្រកាន់ថា បានលក់ដីខ្យល់ទំហំមួយហិកតា (២០០ ម៉ែត្រ គុណ ៥០ ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងមានព្រំប្រទល់ខាងជើងទល់ផ្លូវ ៣០ ម៉ែត្រ ខាងត្បូងខាងកើត និងខាងលិចទល់នឹងដីរបស់ឈ្មោះ ស្រី ចាន់ថា។
ដោយមានការទុកចិត្តចំពោះក្រុមហ៊ុននេះ អ្នកស្រី ឈុន ណាវី ពុំបានទាមទារបណ្ណកម្មសិទ្ធិពីក្រុមហ៊ុននោះទេ ចាប់តាំងពីថ្ងៃទី ១៨ ខែ មីនា ២០០៨ ដែលអ្នកស្រីបានសម្រេចទិញដីនោះពីឈ្មោះ ស្រី ចន្ធូ ដែលជានាយកក្រុមហ៊ុន 7NG ពោលគឺអ្នកស្រីទទួលបានត្រឹមតែឯកសារ (លិខិត) ផ្ទេរសិទ្ធិកាន់កាប់ដីតែប៉ុណ្ណោះ។ លុះដល់ដើមឆ្នាំ ២០១៩ អ្នកស្រី ណាវី មានបំណងធ្វើរបងថ្មរឹងមាំព័ទ្ធជុំវិញដីរបស់អ្នកស្រីស្រាប់តែលោក ឧកញ៉ា ស្រី សុធា និង កូនប្រុស ស្រី ចន្ធូ ពុំមានដីដូចក្នុងទីតាំងខាងលើប្រគល់ឲ្យអ្នកស្រីឡើយ។
អំពើខាងលើនេះត្រូវបានព្រះរាជអាជ្ញាអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ចាត់ទុកជាបទល្មើស «រំលោភលើទំនុកចិត្ត» ដែលត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរដដែលនោះ លោក កែវ សុធា បានសម្រេចបើកការស៊ើបសួរលើអង្គហេតុខាងលើនេះ និង ស្នើសុំដាក់ ឈ្មោះ ស្រី សុធា និង ស្រី ចន្ធូ ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុន 7NG ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយចោទប្រកាន់ពីបទ «ឆបោក» ប្រព្រឹត្តនៅភ្នំពេញកាលពីអំឡុងឆ្នាំ ២០០៨-២០១៩ តាមបញ្ញត្តិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបានដាក់ឪពុកកូនទាំង ២ នាក់នេះឲ្យស្ថិតក្រោម «ការឃុំខ្លួនជាបណ្ដោះអាសន្ន» ផងដែរដើម្បីជាប្រយោជន៍ក្នុងការបង្ការ ឬបញ្ចប់បទល្មើសកុំឲ្យកើតឡើងជាថ្មី និងដើម្បីធានាដល់ការរក្សាការពារជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។
យោងតាមបញ្ញត្តិមាត្រា ៣៩២ និងមាត្រា ៣៧៨ ជនជាប់ចោទទាំង ២ នាក់ឪពុក និងកូននឹងត្រូវប្រឈមការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៦ លានរៀល ក្នុងករណីតុលាការរកឃើញថាជនជាប់ចោទទាំង ២ ពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។
ទោះយ៉ាងណាមកទល់ពេលនេះលោក ស្រី សុធា និងកូនប្រុសកំពុងស្ថិតនៅក្រៅឃុំនៅឡើយ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថាជាទូទៅការសម្រេចឲ្យមានការឃុំខ្លួនជនជាប់ចោទឬយ៉ាងណានោះគឺអាស្រ័យលើការសម្រេចរបស់ចៅក្រមស៊ើបសួរ។
លោកថា៖ «នីតិវិធីរបស់ព្រះរាជអាជ្ញាគឺស្នើសុំដាក់ជនជាប់ចោទឲ្យស្ថិតក្នុងការឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការស៊ើបអង្កេត ប៉ុន្តែការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ឬដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការឬយ៉ាងណានោះគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ»។
លោក ស្រី សុធា និងលោក ស្រី ចន្ធូ មិនអាចទាក់ទងសុំអធិប្បាយបានទេ កាលពីម្សិលមិញ។ ប៉ុន្តែកាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ ឧកញ៉ា សុធា បានចេញលិខិតធានាអះអាងមួយដោយសន្យាថា ក្រុមហ៊ុនរបស់លោកនឹងប្រគល់ដី ឬសំណងជូនអតិថិជនវិញឲ្យអស់នៅដំណាច់ខែ ធ្នូ ឆ្នាំ ២០១៩។ ក្នុងករណីដល់ថ្ងៃកំណត់ខាងលើ បើសិនជាក្រុមហ៊ុនមិនមានដីជូនអតិថិជននោះទេ ក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់ថ្លៃទិញលក់ដីទៅតាមទីផ្សារដែលកំណត់ដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ៕
វីដេអូ៖