កោះកុងៈ លោក អ៊ី ម៉េងលា​ង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ ខេត្ដ​កោះកុង​ បាន​បដិសេធ​ចំពោះការ​ចុះ​ផ្សាយ​ដែល​ថា ​រូប​លោក​បាន​ «យក​ដីរដ្ឋ​លក់» ខណៈ​ដែល​ក្រសួង​កសិកម្ម កំពុង​ធ្វើ​អធិការកិច្ច ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

លោក អុី ម៉េងលាង​ បា​ន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញថា ការ​ចុះ​ផ្សាយ​រប​ស់​​​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួ​ន​​គឺ​ជាការ​ចុះ​ផ្សាយ​ខុស​ពី​ការពិត​ទាំង​ស្រុង​។ លោក​​លើកឡើងថា កិច្ច​ការ​ដែល​​រូប​លោក​​បាន​ធ្វើ​កន្លង​មក លើ​ការ​គ្រប់​គ្រង​​ទ្រព្យ​សម្បត្ដិ​របស់​រដ្ឋ ​តែ​ង​តែ​យកចិត្ដ​ទុក​ដាក់​​ថែរក្សា មិន​មាន​ទៅ​កាត់​​ដីរដ្ឋ​ឲ្យ​ ឬ លក់​ឲ្យ​បុគ្គល​ណាមួយ​នោះ​ទេ។

លោ​ក​​បន្ដថា​៖ «កន្លង​មក មន្ទីរ​តែង​តែ​​ចុះ​ទៅ​បង្ក្រាប​ អ្នក​ដែល​រំលោភ​ ឬកាន់​កាប់​ដីរដ្ឋ ដោយ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​។​ យើង​​បាន​ចុះទៅ​រុះរើ​ខ្ទម​មួយ​ចំនួន បង្គោ​ល​ព្រំ​ដី​​មួយចំនួន ដែល​​បោះ​កាន់​កាប់​ដី​របស់​រដ្ឋ​បាល​ព្រៃឈើ»។

លោក ម៉េងលាង បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ថ្មីៗ​នេះ​មន្ទីរ​​​កសិក​​ម្ម​បាន​ទទួល​រង​ការ​វាយ​ប្រហារ​​ពីសារព័ត៌មាន និង​បុគ្គល​មួយ​​ចំនួនតូច ដោយ​ចោទ​ថា មន្ទីរ​​បាន​​លក់​ដី​របស់​រដ្ឋ​។

លោក​ថា​៖ ​«បើ​សិន​ជាព័ត៌មាន​ដែល​គា​ត់​​បំផ្លើស ហើយ​គ្មាន​ឯក​សារ អាហ្នឹង​ច្បាប់ជាអ្នក​វិនិច្ឆ័យ។ អធិការកិច្ច​ក្រសួង​ តែង​តែ​ចុះ​មក​ធ្វើ​ការងារ​នេះតាំង​ពីមុននិ​ង​​​ក្រោយ​សារព័ត៌មាន​ចុះ​ផ្សាយ​ទៅ​ទៀត»។

លោក​បន្ថែមថា​៖ «អ៊ីចឹង បើ​សិន​កិច្ច​ការងារ​នេះ ​ក្រសួង​កសិកម្ម រក​ឃើញ​ថា មន្ទីរលក់ដូរ​ទ្រព្យ​សម្បតិ្ដ​រដ្ឋ​ មាន​ការ​ខុស​ឆ្គងច្បាប់​ទម្លាប់ អាហ្នឹង ក្រសួង​គេ​នឹង​ចាត់​ការ​ហើយគេ​អត់​ទុក​ដូច​សារព័ត៌​​មា​ន​និយាយ​ទេ​។ នេះ​គេ​មក​រក​មើល​មិន​ឃើញ​​ផង ហើយ​គាត់ (សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ) ​​ថា គេ​ស៊ុម​គ្រ​លុំ ចោទ​ហ្នឹង​លើស​​ហើយ​ វាអត់​មាន​មូលដ្ឋាន​អី។ អ៊ីចឹង អាការ​ចោទ​គ្មាន​មូល​ដ្ឋា​​ន​នេះ ទុក​ឲ្យ​ច្បាប់​ដោះស្រាយ​ជូន​គាត់» ។

​ក្រសួង​កសិកម្ម តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២២ ខែ កុម្ភៈបាន​បង្ហាញថា ថ្មីៗនេះ​មាន​សារព័ត៌មាន​មួយ​ចំនួនបាន​ចុះ​ផ្សាយ​ថា «ប្រ​ធា​ន​​​មន្ទីរ​កសិកម្ម​ ខេត្ដ​កោះកុង យ​ក​​ដីរដ្ឋ​លក់» ដែល​ក្នុង​អត្ថបទ​​ទាំង​នោះ​សង្កត់​ធ្ងន់​ថា «រដ្ឋ​មន្រ្ដី​ ក្រសួង​កសិកម្ម មាន​បាន​សើម​មាត់​សើម​កទេដឹងបាន​ជា​សំងំ​ស្ងាត់​ឈឹង​ដូច្នេះ​»។

​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ដដែ​ល​នេះ​​ ក្រសួង​កសិកម្ម ​បញ្ជាក់​ថា​៖ ​«ក្រសួង​មិន​បាន​ចេញ​គោល​ការ​ណ៍​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​លក់​ដូរ​ដី​រដ្ឋ​ និង​ពុំ​មានការ​ពាក់​ព័ន្ធ​ដូច​សារព័ត៌មាន​ចុះ​ផ្សាយ​នោះ​ទេ»។

ក្រសួង​​បញ្ជាក់ថា ផ្ទុយ​ទៅវិញ​ ក្រសួង​បាន​ចាត់​ក្រុម​ការងារ​អធិ​ការកិច្ច​ចុះ​ធ្វើ​អធិកា​រ​កិច្ច​ លើ​ការងារ​ដឹក​នាំ និង​គ្រប់គ្រង​របស់​មន្ទីរ កសិកម្ម រាជធា​នី​ខេត្ដ ជាប្រចាំ​។

ក្រសួង​​បញ្ជាក់​ថា៖ ​«បច្ចុប្ប​ន្ន​ក្រុម​ការងារ​កំពុ​ង​​ប​ន្ដ​នីតិ​វិធី​ ធ្វើ​អធិការ​កិច្ច​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​។ ក្នុង​ករណី​ពិត​ជា​មាន​កំហុស​ឆ្គង​ ក្រសួង ​នឹង​ចាត់​វិធាន​ការ​ស្រប​តាម​ច្បាប់ ស្ដីពីល​ក្ខន្ដិកៈ​មន្រ្ដី​រាជការ​ស៊ីវិល​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា»។

ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ លោក អុី ម៉េងលាង ថ្លែង​ថា​ លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​​មា​ន​មួយ​ក្នុង​ពេល​ឆាប់ៗ នៅ​មន្ទីរ​កសិកម្ម​ខេត្ដ​កោះកុង​ដើ​ម្បី​បក​ស្រាយ​ជុំ​វិញ​រឿង​នេះ។

លោ​​ក​បន្ដ​ថា​៖ «ខ្ញុំ​គ្រោង​ដាក់​ថ្ងៃ​ណា​មួយ​ក្នុង​ពេល​ខាង​មុខ​នេះដើ​ម្បី​បក​ស្រាយ​ប្រាប់​ដល់​សាធា​​រណជនចំពោះ​រឿង​​ដែល​​ពួក​គាត់​ចុះ​ផ្សាយ​មិន​ពិត​នេះ»។

លោក មុំ ម៉ាលីកា ប្រធាន​មន្ទីរ​ព័ត៌មាន ​ខេត្ដ​កោះកុង បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន បាន​ចុះផ្សាយ​ដោយ​មិន​មាន​ប្រភពគ្រប់គ្រាន់។

លោ​ក​បានបន្ដថា​៖ «ខ្ញុំ​មិន​ដឹង​ពួកគាត់​ ចុះផ្សាយ​បែប​នេះ​ ចង់​បាន​អីដែរ​ទេ​។ ខ្ញុំ​ក៏សង្កេតឃើញ​​ដែរ​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន គាត់​ចុះ​ផ្សាយ​ គាត់​និយាយ​តែ​ភាគីម្ខាង អត់​មាន​តម្លាភាព​នោះទេ​ តែ​មួយ​ចំនួន​ទៀត គេ​គោរព​វិជ្ជាជីវៈរបស់​​ខ្លួន មុន​នឹង​ចុះ​ផ្សាយ​គេ​ទៅ​សួរមតិ​ទាំង​អស់»។

លោក ស្រេង រស្មី អ្នកនាំ​​​ពាក្យ ក្រសួង​កសិកម្ម មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ កាល​ពីម្សិល​មិញ ប៉ុន្តែ លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ ខេត្ដកោះកុង បាន​ឲ្យ​ដឹងថា ជា​បឋម​ តាម​របាយការណ៍​របស់​សាលា​ខេត្ដ​កោះកុង គឺ​មិន​មាន​ការ​លក់​ដូរ​ដីរដ្ឋ​ទេ នៅ​ក្នុង​ទឹក​ដី​ខេត្ដ​កោះកុង។

លោកថា​៖ «ខាង​រដ្ឋ​បាល​ខេត្ដ​រង់ចាំ​សហការ​ជាមួយ​ខាង​ក្រុម​ការងារ​អធិការកិច្ចរបស់​ក្រសួ​ង​​កសិកម្មថា តើ​អ្នក​ណា​ជា​អ្នកទិញ ហើយ​អ្នក​ណាជាអ្នក​លក់​មែន​ឬអត់​? ប៉ុន្ដែ បើ​តាម​បច្ចុប្បន្ន​នេះវា​មិន​មាន​សកម្ម​​ភាព​ចាក់​ដីអី ពុះឡូត៍​ដីលក់​អីទេ​។ ជាបឋម​យើង​មើល​ឃើញ​ថា មិន​មាន​ការ​លក់​ដូរ​ដីរដ្ឋ​អីទេ ប៉ុន្ដែ​ការ​សិក្សា​ស៊ី​ជម្រៅ​ ទុក​ឲ្យ​ខាង​ក្រសួង​ចុះ​មក​ធ្វើ​អធិការ​កិច្ច​សិន»៕