កំពង់ស្ពឺ: ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន បានស្នើឲ្យមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺសហការចុះបិទច្រកដឹកឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់អភិរក្សជួរភ្នំក្រវាញកណ្ដាល និងខាងត្បូងខណៈបទល្មើសកក្រើកឡើងវិញជាអ្វីដែលមន្ត្រីខេត្តស្វាគមន៍ក្នុងកិច្ចសហការនេះ។
តាមលិខិតស្នើសុំរបស់លោក ជា ហ៊ាន ចុះថ្ងៃទី ៣១ ខែមីនា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា ACNCIPO បានចុះស៊ើបអង្កេតនៅតាមស្នាក់ការនីមួយៗដូចជា ស្នាក់ការរងអូរត្រាវ, ស្រែកិន, ភ្នំតូច, ទឹកពុះ, ខ្សាល់ និងស្នាក់ការរងមួយចំនួនទៀតនៅតំបន់អភិរក្សជួរភ្នំក្រវាញកណ្ដាល និងភ្នំក្រវាញខាងត្បូងឃើញថានៅតែមានសកម្មភាពដឹកជញ្ជូនឈើដុល ឈើអារ តាមរយៈគោយន្ត រទេះគោ និងរថយន្ត ដោយដឹកកាត់តាមស្នាក់ការរងនីមួយៗជាហេតុធ្វើឲ្យបាត់បង់ព្រៃឈើនៅក្នុងតំបន់អភិរក្ស។
បើតាមលិខិតដដែល សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សនោះគឺស្ថិតនៅព្រំប្រទល់ស្រុកថ្មបាំង និងស្រុកស្រែអំបិល ខេត្តកោះកុង ជាមួយស្រុកក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយដឹកឆ្លងខេត្តកំពង់ស្ពឺ កាត់តាមស្នាក់ការរងនីមួយៗខាងលើនេះ។
លិខិតបញ្ជាក់ថា «ដូច្នេះចាប់ពីថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ នេះអង្គការ ACNCIPO នឹងចុះសហការជាមួយមន្ត្រីឧទ្យានុរក្សបរិស្ថានដែលប្រចាំការនៅតាមស្នាក់ការនីមួយៗ ដើម្បីបិទច្រកដឹកឈើចេញពីតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញកណ្ដាល និងតំបន់អភិរក្សជួរភ្នំក្រវាញខាងត្បូង ដើម្បីជំរុញឲ្យមន្ត្រីឧទ្យានុរក្សបរិស្ថានអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ»។
លោក ជា ហ៊ាន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកបានដាក់លិខិតនេះទៅដល់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺរួចហើយកាលពីល្ងាចថ្ងៃទី ៣១ ខែមីនា ដើម្បីសុំឲ្យចុះបិទច្រកទាំងអស់នៅតាមតំបន់ទាំងនោះ។ ប្រសិនបានជួបបទល្មើសលោកនឹងសហការជាមួយមន្ត្រីអនុវត្តច្បាប់ស្ដីពីព្រៃឈើតែម្ដង។
លោកបន្តថា បន្ទាប់ពីបិទច្រកចេញចូលដែនជម្រកសត្វព្រៃនីមួយៗរួច ក្រុមការងារលោក និងមន្ត្រីឧទ្យានុរក្សនឹងចុះល្បាត និងបង្ក្រាបនៅក្នុងតំបន់នោះដើម្បីស្រាវជ្រាវ និងស្វែងរកជនប្រព្រឹត្តល្មើសព្រៃឈើនេះ។ លោកថា មួយរយៈចុងក្រោយនេះសកម្មភាពដឹកជញ្ជូនឈើបានចាប់ផ្ដើមកក្រើកឡើងវិញ ខណៈមន្ត្រីកំពុងរវល់រឿងប្រឆាំងជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ដឹងថា មន្ត្រីឧទ្យានុរក្សដែលនៅប្រចាំការតាមប៉ុស្ដិ៍ស្នាក់ការនីមួយៗហ្នឹងសហការជាមួយពួកខ្ញុំបានកម្រិតណាទេ ព្រោះខ្ញុំទទួលដំណឹងថា ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺកោះហៅមន្ត្រីគាត់ប្រជុំពីបញ្ហាសំណើរបស់ខ្ញុំនេះ តែខ្ញុំមិនដឹងថា គាត់ប្រជុំរឿងលាក់បាំងបទល្មើស ឬប្រជុំជួយបង្ក្រាបបទល្មើសខ្ញុំទេ ចាំមើលស្ថានភាពជាក់ស្ដែងសិន។
ចំពោះច្រកចេញចូលតាមស្នាក់ការទាំងអស់នេះ ខ្ញុំមិនទាន់ដឹងច្បាស់ទេ តែយ៉ាងណាខ្ញុំបានត្រៀមកម្លាំងខ្ញុំចំនួន ៣ នាក់រួចរាល់ហើយ ដើម្បីសហការជាមួយមន្ត្រីឧទ្យានុរក្ស»។
លោក ឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺមិនអាចទាក់ទងសុំការបញ្ជាក់ពីករណីនេះបានទេកាលពីម្សិលមិញ ខណៈលោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងលោក ហ៊ុល ម៉ារ៉ា នាយដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភ្នំពេញប៉ុស្ដិ៍ទូរស័ព្ទចូលតែពុំមានអ្នកទទួល។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា លោកស្វាគមន៍ចំពោះសង្គមស៊ីវិលណាដែលមានបំណងជួយការពារសម្បត្តិធម្មជាតិ ព្រោះវាជាសម្បត្តិរួមរបស់ពលរដ្ឋកម្ពុជាទាំងមូល។ ប៉ុន្ដែលោកជំរុញឲ្យអង្គការសង្គមស៊ីវិលទាំងអស់ គិតគូរពីការងាររបស់ខ្លួន ដើម្បីចៀសវាងការរំលោភសិទ្ធិមន្ត្រី ឆ្លៀតឱកាសកេងចំណេញ ឬមានបំណងមិនសមរម្យអ្វីមួយ។
លោកបន្តថា កន្លងមកមន្ត្រីជំនាញបានបង្ក្រាបជាហូរហែព្រមទាំងមានរបាយការណ៍ជាច្រើនជុំវិញបទល្មើសព្រៃឈើ។ ដូច្នេះលោកចង់ឲ្យមានការចូលរួមបន្ថែមទៀតដើម្បីការពារព្រៃឈើ និងសម្បត្តិធម្មជាតិ។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា ការបង្ក្រាបបទល្មើសនានាគឺយើងត្រូវការកម្លាំងមនុស្សចូលរួម និងមធ្យោបាយដឹកជញ្ជូនត្រូវមានលុយ របបអាហារ និងសម្ភារមួយចំនួនទៀតសម្រាប់ធ្វើសកម្មភាពបង្ក្រាបជនល្មើសច្បាប់ ប៉ុន្ដែមន្ត្រីយើងចំនួនមានកម្រិត មធ្យោបាយដឹកជញ្ជូនមានកម្រិត ហើយថវិកាក៏មានកំណត់ដែរ។ អ៊ីចឹងយើងទាមទារឲ្យមានការចូលរួមពីវិស័យឯកជន និងអង្គការសង្គមស៊ីវិលដើម្បីថែរក្សាព្រៃឈើយើង»៕