កំពង់ស្ពឺៈ ប្រធានអង្គការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ លោក ជា ហ៊ាន ដែលសកម្មក្នុងការធ្វើសកម្មភាពទប់ស្កាត់បទស្មើសព្រៃឈើ ពាក់ព័ន្ធនឹងមន្ត្រីមួយចំនួន ត្រូវបានស្ត្រីម្នាក់ ដាក់ពាក្យប្ដឹងទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «រំលោភលើកម្មសិទ្ធិ ឯកជនស្របច្បាប់» ។
លោក សម ស័ក្ដិ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននិយាយថា លោកជា ហ៊ាន ត្រូវបានស្ត្រីម្នាក់ឈ្មោះ សៀង សាម៉េន អាយុ ៤៦ ឆ្នាំ រស់នៅភូមិ-ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមប្ដឹង ចោទប្រកាន់ថា បានរារាំងនិងទប់ស្កាត់ ដល់ដំណើកាឈូសឆាយពង្រាបដី កម្មសិទ្ធិស្របច្បាប់របស់គាត់ ដើម្បីដាំដំណាំផ្សេងៗ សម្រាប់បង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារ ។
យោងតាមពាក្យបណ្ដឹងរបស់អ្នកស្រី សៀង សាម៉េន កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ដែលបានប្ដឹងទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ថា កាលពីដើមខែមិថុនា ឆ្នាំ ២០១៨ លោក ជា ហ៊ាន បានចុះហាមឃាត់ការឈូសឆាយដី កម្មសិទ្ធស្របច្បាប់របស់គាត់ នៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីដាំដំណាំ ដោយអះអាងថា ដីនោះជាដីព្រៃ ដែលគ្រប់គ្រងដោយក្រុមបរិស្ថាន។
អ្នកស្រី សាម៉េន បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងនោះ ថា៖«គាត់[ជា ហ៊ាន]មិនបានប្រាប់ថា គាត់ជានរណា មកពីណា …ហើយលិខិតបេសកកម្មការពារបរិស្ថាន ក៏មិនបានបង្ហាញនាងខ្ញុំដែរ។ ទង្វើទាំងនេះ ស្ដែងឡើងកើតជាបទល្មើសពិតប្រាកដ និងបានធ្វើឲ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរ និង ផលប្រយោជន៍របស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ» ។
លោក ស័ក្ដិបានបញ្ជាក់ថា៖«នៅពេលនេះ ក្រុមកម្លាំងសមត្ថកិច្ចយើង កំពុងធ្វើការអង្កេត និងប្រមូលភស្ដុតាងពីជនដែលពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់»។
ជុំវិញបណ្ដឹងចោទប្រកាន់នេះ លោក ជា ហ៊ាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកពុំមានក្ដីព្រួយកង្វល់អ្វីនោះទេ ប៉ុន្តែបានក្រើនរំលឹកឲ្យលោករឹតតែមានការប្រុងប្រយ័ត្ន ថែមទៀត ក្នុងការចុះពង្រឹងការអនុវត្តច្បាប់។
លោក បញ្ជាក់ថា៖«គាត់អះអាងថា ដីនោះ គាត់ទិញពីប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលយើងរកឃើញ គឺដីនោះ ជាដីព្រៃដែលព្រះរាជក្រិដ្ឋ បានកំណត់ជាតំបន់ការពារធនធានធម្មជាតិ។ នៅពេលនេះ យើងកំពុងប្រមូលភស្ដុងតាងបន្ថែម ដើម្បីកសាងសំណុំរឿងឡើងទៅតុលាការ ប្រឆាំងចំពោះជនដែលបានកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យកទៅលក់ឲ្យឯកជនខុសច្បាប់»។
បើតាមលោក ហ៊ាន ឯកសារទិញលក់ ដែលអ្នកស្រី សាម៉េន បានអះអាងថា ទើបនឹងទិញពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ គឺជាឯកសារ«មិនស្របច្បាប់» ដោយលោកអះអាងថា អាជ្ញាធរភូមិ ឃុំ មួយចំនួន មានការឃុបឃិតលួចទន្ទ្រានដីព្រៃក្នុងតំបន់ការពារធនធានធម្មជាតិភ្នំឱរ៉ាល់ ដោយខុសច្បាប់ យកទៅលក់បន្តឲ្យឯកជនដោយខុសច្បាប់ថែមទៀត៕