ភ្នំពេញៈ ​លោក​ ប៊ុនញ៉ាំង វរជិត ប្រធានាធិបតី​ឡាវ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាការ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ០៩ និង​ទី​ ១០ ខែ​កុម្ភៈ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ​លើ​គ្រប់​វិស័យ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​។

ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ ប៊ុនញ៉ាំង វរជិត​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​កាលពី​ថ្ងៃ​ទី​ ៦ ​ខែ​កុម្ភៈ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នេះ​លោក វរជិត នឹង​ចូល​ក្រាបបង្គំ​គាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តមសីហមុនី​នៅ​ព្រះបរមរាជវាំង និង​មាន​ជំនួប​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក ប៊ុនញ៉ាំង វរជិត ​នឹង​ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បន្ថែមទៀត ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​ក៏​ដូចជា រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​ដែល​ជា​អ្នកជិតខាង​ល្អ​ទាំង​ ២ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​»​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ​កុយ គួង ​បាន​បដិសេធ​ផ្តល់ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក ប៊ុនញ៉ាំង វរជិត​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ឡាវ​។ លោក​បញ្ជាក់ថា​៖ «​វា​ជាការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ដែល​យើង​បានឃើញ​កាលពី​លើក​មុន​សម្តេចនាយក​ និង​មន្ត្រី​ជាន់​ខ្ពស់​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​នេះ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​»៕