ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) លោក កែវ រ៉េមី ប្រាប់ទៅតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា ការងារចាំបាច់ដែលត្រូវធ្វើនៅពេលនេះ គឺរួមគ្នាគាំទ្រសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ដែលកំពុងប្រឈមនឹងទឹកជំនន់ និងកូវីដ ១៩ មិនមែនជួបជុំតវ៉ាបង្កភាពចលាចលក្នុងសង្គមទេ។
ការថ្លែងដូច្នេះធ្វើឡើងកាលពីថ្ងៃទី ២ វិច្ឆិកា នោពេលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជួបជាមួយលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីពិភាក្សាលើកិច្ចសហប្របត្តិការរវាងស្ថាប័នទាំង ២ និងអំពីការវិវត្តន៍នៃស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ នេះបើតាមលោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក ជិន ម៉ាលីន ថ្លែងដូច្នេះថា៖«គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញថា អ្វីដែលយើងត្រូវរួមគ្នាធ្វើនៅពេលនេះមិនមែននាំគ្នាមកឆ្លៀតឱកាសធ្វើការជួបជុំតវ៉ាបង្កភាពចលាចលក្នុងសង្គមទេ។ ប៉ុន្តែគួរតែរួមគ្នាជួយដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយក្នុងពេលដែលមានទឹកជំនន់ផង ជំងឺកូវីដផង។ នេះគឺជាការជួយគាំទ្រសិទ្ធិសំខាន់របស់ពលរដ្ឋគឺសិទ្ធិរស់រានមានជីវិត និងសិទ្ធិផ្នែកសេដ្ឋកិច្ច ទាំងក្នុងពេលទឹកជំនន់ និងក្រោយទឹកជំនន់»។
លោកបន្តថា៖ «គាត់មានការឯកភាព គាំទ្រអ្វីដែលត្រូវធ្វើជាអាទិភាព។ គាត់ថា គាត់បានចូលរួមធ្វើកិច្ចការទាំងអស់ហ្នឹងដែរ តាមរយៈបណ្ដាញរបស់អង្គការសហប្រជាជាតិ ដូចជាបានចុះទៅតាមពន្ធនាគារនាពេលទឹកលិច និងបានជួយឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគដល់ពន្ធនាគារ»។
បើតាមមន្ត្រីនាំពាក្យរូបនេះ លោក Pradeep Wagle បានសាកសួរពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនបរិស្ថានប៉ុន្តែលោកមិនបានរិះគន់ឬបង្ហាញក្ដីបារម្ភអ្វីដែរ។ ទោះយ៉ាងណា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញប្រាប់ទៅលោក Pradeep Wagle ថា វិធានការផ្លូវច្បាប់លើការចាប់ខ្លួនទាំងនោះ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម តាមរយៈការទប់ស្កាត់ការតវ៉ាដែលមានចេតនាទុច្ចរិត មានអង្គការចាត់តាំងខុសច្បាប់នៅពីក្រោយ»។
លោក Pradeep Wagle បានថ្លែងប្រាប់តាមអ៊ីមែល កាលពីថ្ងៃទី ៤ វិច្ឆិកា ថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើការជាមួយក្រុមការងារអង្គការសហប្រជាជាតិនៅកម្ពុជា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតដោយរួមគ្នាស្វែងរកដំណោះស្រាយនិងការឆ្លើយតបបន្ទាន់។ ចាប់ផ្ដើមពីការពិនិត្យលើតម្រូវការអាទិភាព និងការឆ្លើយតបដែលពាក់ព័ន្ធតាមរយៈយន្តការដែលមានស្រាប់។ លោកថា ក្រុមការងាររបស់អង្គការសហប្រជាជាតិបានធ្វើទស្សនកិច្ចទៅពន្ធនាគារចំនួន ៣ នៅភ្នំពេញ ដើម្បីវាយតម្លៃពីស្ថានភាពពន្ធនាគារ និងអ្នកជាប់ឃុំ ដែលរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់។
ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Pradeep Wagle ថ្លែងថា៖«ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពិភាក្សាតាមបែបស្ថាបនាពាក់ព័ន្ធនឹងការវិវត្តន៍ថ្មីៗនៃបញ្ហាសិទ្ធិមនុស្ស និងផ្លូវច្បាប់។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងបន្តធ្វើការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបានថា សិទ្ធិរបស់ពលរដ្ឋរបស់ខ្លួនត្រូវបានគោរព»។
ក្រៅពីបញ្ហាសិទ្ធិមនុស្ស លោក កែវ រ៉េមី និងលោក Pradeep Wagle បានពិភាក្សាគ្នាអំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការរៀបចំប្រព័ន្ធទិន្នន័យជាតិតាមដានការអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិ។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ កំពុងស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយមានការចូលរួមគាំទ្រពី OHCHR និងអូស្រ្តាលីតាមរយៈអង្គការ Asia Pacific Forum។ នេះបើតាមលោកជិន ម៉ាលីន។
លោក Pradeep Wagle ថ្លែងថា OHCHR ធ្វើកិច្ចការនេះជាមួយកម្ពុជា ដើម្បីធានាថា ច្បាប់នេះបានឆ្លងកាត់ការពិគ្រោះយោបល់ប្រកបដោយបរិយាប័ន្ន និងតំណាងឲ្យទស្សនៈទំលំទូលាយពីគ្រប់ផ្នែកនៃសង្គមកម្ពុជា ដើម្បីឱ្យច្បាប់នេះសមស្របទៅនឹងស្តង់ដាអន្តរជាតិ ជាពិសេសគោលការណ៍ទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ។
ដោយឡែកការរៀបចំប្រព័ន្ធទិន្នន័យជាតិតាមដានការអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិវិញ លោកជិន ម៉ាលីន ថ្លែងថា ក្រុមមការងាររបស់ CHRC បានជួបជាមួយក្រុមការងារ OHCHR នាពេលថ្មីៗនេះ ដើម្បីពិនិត្យនិងពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការរៀបចំប្រព័ន្ធទិន្ន័យនេះនៅកម្ពុជា ប៉ុន្តែប្រព័ន្ធនេះមិនទាន់ត្រូវបានបង្កើតជាផ្លូវការនៅឡើយ៕